ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃចង់ចាប់បញ្ចូលក្មេងទំនើងឱ្យធ្វើជាប្រជាការពារភូមិ
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ បានឱ្យដឹងថាក្រសួងកំពុងសិក្សាដើម្បីដាក់បញ្ចូលក្រុមក្មេងទំនើងជាប្រជាការពារ ឬសន្តិសុខភូមិបន្ទាប់ពីពួកគេត្រូវបានអប់រំកែប្រែរួច។ លោកថាវិធានការបែបនេះដើម្បីទាញប្រយោជន៍ដល់សង្គម និងជាគំរូដល់ក្មេងជំនាន់ក្រោយផងដែរ។

ក្នុងវីដេអូដែលបានផ្សព្វផ្សាយកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ លោក ទូច សុខៈ បានលើកឡើងថានេះជាការណែនាំពីរដ្ឋមន្ត្រីមហាផ្ទៃដើម្បីឱ្យក្មេងទំនើងទាំងនោះ ក្លាយទៅជាអ្នកការពារសន្តិសុខ សុវត្ថិភាពសង្គមតាមមូលដ្ឋានរបស់ពួកគេតែម្ដង ដោយមានរដ្ឋបាលឃុំសង្កាត់ ស្រុកខណ្ឌ ជាអ្នកដឹកនាំត្រួតពិនិត្យ។ លោកថាការធ្វើបែបនេះក៏នឹងអាចធ្វើឱ្យក្មេងៗទាំងនោះមានបទពិសោធន៍ការងារសន្តិសុខ អាចកែប្រែពីក្មេងមិនល្អទៅជាគំរូល្អដល់ក្មេងៗជំនាន់ក្រោយផងដែរ។
លោកថា៖ «នេះជាវិធីរុញទូកបណ្ដោយទឹក ដែលរកកន្លែងបត់។ ខ្ញុំថាប្អូនៗទាំងអស់នឹងចូលរួមជាមួយយើង។ នេះជាការគិតគូរពីថ្នាក់ដឹកនាំរបស់យើងតាំងពីដើមទីមកដែរតែដោយសារជាប់ដៃគ្នាពាក់ព័ន្ធនឹងការដឹកនាំទូទៅផង ពាក់ព័ន្ធនឹងប្រទេសជិតខាងឈ្លានពានយើងផងនោះក៏ទុកមួយជំហានសិនទៅ»។

ជាមួយនឹងការសិក្សានេះក្រសួងមហាផ្ទៃក៏កំពុងរៀបចំទិន្នន័យក្មេងទំនើងដែលចាប់ឃាត់ខ្លួន អប់រំណែនាំ និងបញ្ជូនទៅតុលាការ ទៅក្នុងប្រព័ន្ធទិន្នន័យរួមមួយដើម្បីតាមដានផងដែរ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព(PDP)លោក យង់ គិមអេង យល់ថាការដែលយកក្មេងទំនើងទៅធ្វើជាអ្នកថែរក្សាសន្តិសុខក្នុងសហគមន៍មិនគួរត្រូវបានអនុវត្តន៍ទេ ព្រោះនេះជាការប្រថុយដ៏គ្រោះថ្នាក់សម្រាប់សង្គម។
លោកថា៖ «គេកម្រណាស់! ពេលមនុស្សណាមានប្រវត្តិមិនល្អ គេកម្រឱ្យធ្វើជាមន្ត្រីសាធារណៈ ឬអ្នកដែលកាន់ការងារសន្តិសុខអីបែបហ្នឹងណាស់! បើគាត់មានអំណាចហ្នឹងទៀត ហើយគាត់មិនលះបង់រឿងមុនទេគឺបញ្ហាគឺអាចនឹងធ្ងន់ធ្ងរជាងមុនអាចបង្កវិនាសកម្មដល់ប្រជាពលរដ្ឋថែមទៀត»។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ច័ន្ទរឿន មើលមិនឃើញថាការដាក់បញ្ចូលក្រុមក្មេងទំនើងជាប្រជាការពារ ឬសន្ដិសុខភូមិអាចទទួលបានលទ្ធផលវិជ្ជមានណាស់ តែថាវាអាស្រ័យលើការបណ្ដុះបណ្ដាល ហាត់ពត់លត់ដំលើពួកគេ។
លោកថា៖ «ជាទូទៅនៅប្រទេសជឿនលឿនគេរើសយកមនុស្សដែលមានប្រវត្តិល្អ មិនមែនគ្រាន់តែមានមាឌធំ កម្លាំងខ្លាំង សេចក្ដីក្លាហានទេ! តែត្រូវតែមានសមត្ថភាព និងសីលធម៌ល្អទៀតទើបគេរើសមកធ្វើជាកងកម្លាំងថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍រួមទាំងការធ្វើប៉ូលិស ប៉េអឹមផងដែរ។ ព្រោះបើសិនជាអ្នកថែរក្សាសុវត្ថិភាពឬប្រជាការពារហ្នឹងជាមនុស្សដែលពូកែវ៉ៃតប់ បាញ់បោះធ្វើអ្វីច្រងេងច្រងាង អាហ្នឹងគាត់មិនមែនមកការពារទេគាត់មកបង្កបញ្ហាបន្ថែម»។

អ្នកតាមដានយល់ថាប្រសិនជារដ្ឋចង់ផ្ដល់ឱកាសដល់ក្មេងទាំងនេះត្រូវចាប់ផ្ដើមពីការកែប្រែផ្លូវចិត្ត ផ្នត់គំនិត និងការបណ្ដុះបណ្ដាលជំនាញដែលត្រូវនឹងសមត្ថភាពរបស់ពួកគេដោយមានអ្នកតាមដានវាយតម្លៃជួយរហូតដល់ធានាថាក្មេងទាំងនោះបានស្ដារនីតិសម្បទាក្លាយជាពលរដ្ឋល្អក្នុងសង្គម។
ទិន្នន័យពីក្រសួងមហាផ្ទៃក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើងបាន ៩៩១ករណីថយចុះ៣៨%បើធៀបនឹងឆ្នាំ២០២៤ ឃាត់ខ្លួនមនុស្ស ៣៦០៧នាក់ បញ្ជូនក្មេងទំនើងទៅកាន់តុលាការចំនួន ២៣៥៥ និងអប់រំ១២៣៨នាក់៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


