Connect with us

សេដ្ឋកិច្ច

បារាំងប្ដេជ្ញាបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន VINCI Group ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេក្នុងការគ្រប់គ្រង និង​ដំណើរ​ការ​អាកាស​យានដ្ឋាន​ធំៗ ប្ដេជ្ញាបន្តកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក។

ការ​ឱ្យដឹង​បែប​នេះ តាម​រយៈ​ជំនួប​ពិភាក្សាការងារ​ រវាង​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន VINCI Airport និងជា​នាយក​ទទួល​បន្ទុក​តំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦។

លោក Emmanuel MENANTEAU បាន​លើក​ឡើង​ពី​ការ​ធ្វើបច្ចុប្បន្នភាព​អំពី​សកម្មភាព​ចុងក្រោយ​នៃ​អាកាសយានដ្ឋាននៅខេត្តព្រះសីហនុ និងវឌ្ឍនភាពនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រម​ទាំង​ការ​ផ្លាស់ប្តូរ និងពិភាក្សាអំពីទស្សនវិស័យវិស័យទេសចរណ៍ និង​វិស័យ​សក្តានុពល​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ក្រសួងទេសចរណ៍ ក្រុមប្រឹក្សា​ភិបាល​ទេសចរណ៍​កម្ពុជា (CTB) និងក្រុមហ៊ុន ក្នុងការរៀបចំ​ផែនការ​សកម្មភាព​ផ្សព្វផ្សាយ​សក្តានុពលទេសចរណ៍កម្ពុជា និងទា​ក់ទាញភ្ញៀវទេស​ចរអន្តរជាតិ​មកកាន់​កម្ពុជាបន្ថែមទៀត។

លោក​ ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់​ចំពោះក្រុមហ៊ុន​ដែល​បានចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យអាកាសចរណ៍ និងការគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជារហូតមក។

លោក​រដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងវិស័យអាកាសចរណ៍ និង​វិស័យ​ទេសចរណ៍ ក្នុងការលើកកម្ពស់ការតភ្ជាប់អន្តរជាតិ និងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានចីរភាព និង​ប្រកួតប្រជែង​នៅក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។

បន្ថែម​ជាមួយ​គ្នា​នេះ ភាគីទាំងពីរ បានឯកភាពបន្ត​សហការ​រៀបចំ​ផែនការ​សកម្មភាព​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាស ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កាន់​កម្ពុជា​កាន់​តែ​ច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម