Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មានបញ្ជាក់ពីការរួមគ្នាជាមួយភាគីចិន ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយមិនល្អទាក់ទិនមិត្តភាពកម្ពុជា-ចិន

បានផុស

នៅ

ក្រសួងព័ត៌មាននឹងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយរដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈកិច្ចសហការបង្ការ និងទប់ស្កាត់រាល់ការផ្សព្វផ្សាយទាំងឡាយណាដែលមានគោលដៅមិនល្អក្នុងចេតនាបង្កើតឱ្យមានអរិយភាពចំពោះចំណងទាក់ទងទ្វេភាគី កម្ពុជា-ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបើកឱ្យអនុវត្តជាផ្លូវការគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដោយផ្ដោតទៅលើយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ នៅស្ដីទីការក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងអំពីការស្នើឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយភាគីចិន ជាពិសេសក្រោមកិច្ចសហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា ក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយនៅលើបណ្ដាញផ្សព្វផ្សាយរបស់ចិន។

តាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ការស្នើនេះគឺដើម្បីទប់ស្កាត់ការផ្សព្វផ្សាយដែលមិនល្អ ឬដែលខុសពីការពិតអំពីទំនាក់ទំនងកម្ពុជា-ចិន ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីស្ថានភាពជាក់ស្ដែងទាំងក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសចិន ដែលលោកហៅថា ជាកិច្ចសហប្រតិបត្តិការការទូតព័ត៌មាន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់តំបន់ និងពិភពលោក។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលចិន ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយផ្ដោតលើយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ មិនត្រឹមតែកម្ពុជា តែជាគម្រោងដែលបានគ្របដណ្ដប់ក្នុងក្របខណ្ឌអនុតំបន់ ដោយមានការចូលរួមពីបណ្ដាប្រទេសជាសមាជិក រួមមានឡាវ វៀតណាម និងមីយ៉ាន់ម៉ា រួមនឹងប្រទេសចិន ដែលជាប្រទេសម្ចាស់ជំនួយក្នុងការអនុវត្តគម្រោងនេះផងដែរ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការទូតព័ត៌មានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលកម្ពុជាបានឈានមុខគេក្នុងតំបន់លើការពង្រឹងការទូតព័ត៌មាន សំដៅប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយគ្រប់ប្រទេសទាំងអស់បាននិងកំពុងប្រឈមក្នុងសម័យឌីជីថលនេះ។

អគ្គទីប្រឹក្សាអមស្ថានទូតចិនប្រចាំកម្ពុជា លោក ចេន ចុង បានបញ្ជាក់ថា ភាគីកម្ពុជា និងចិន នឹងរួមគ្នាខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយលុបបំបាត់ពាក្យចចាអារ៉ាមមិនល្អ ហើយបង្កើតព័ត៌មានល្អៗសម្រាប់រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម