ព័ត៌មានជាតិ
អន្តរក្រសួង បើកកិច្ចប្រជុំវាយតម្លៃឈ្មោះទណ្ឌិតដែលនឹងត្រូវបន្ធូរបន្ថយ/លើកលែងទោស ក្នុងឱកាសបុណ្យជាតិ
អន្តរក្រសួងរួមមាន ក្រសួងយុត្តិធម៌ និងក្រសួងមកហាផ្ទៃ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃគណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យលើបញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងយុត្តិធម៌ ដឹកនាំដោយលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួមជាមួយ លោក ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិត ដែលទទួលបានពីគណៈកម្មការក្រសួងមហាផ្ទៃ និងគណៈកម្មការរាជធានី-ខេត្ត។
ក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលដៅតម្រង់ទិស និងពង្រឹងនូវតម្លាភាព សុក្រឹតភាពបន្ថែមទៀត លើការពិនិត្យសំណុំរឿងនីមួយៗឱ្យបានត្រឹមត្រូវតាមច្បាប់ និងបទដ្ឋានជាធរមាន មុននឹងបញ្ជូនទៅគណៈកម្មការថ្នាក់ជាតិ ដើម្បីប្រជុំពិនិត្យ និងសម្រេចលើបញ្ជីស្នើសុំទាំងមូលនាពេលឆាប់ៗខាងមុខនេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានប្រាប់កម្ពុជាថ្មីថា ដោយមិនទាន់អាចបញ្ជាក់ពីចំនួនទណ្ឌិតដែលនឹងត្រូវបន្ធូរបន្ថយ ឬលើកលែងទោសនៅឡើយទេ។ យ៉ាងណាមិញ កាលពីឆ្នាំ ២០២៥ ទណ្ឌិតសរុបចំនួន ៩០០ នាក់បានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យវិសាខបូជា។
នៅកម្ពុជាពិធីបុណ្យជាតិចំនួន ៥ ដែលទណ្ឌិតអាចស្នើសុំលើកលែង និងបន្ធូរបន្ថយទោសរួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ, និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក។ ការបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិតក្នុងគោលបំណងដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះឱ្យចូលទៅរួមរស់ក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌ ហើយអាចអនុវត្តបានតែចំពោះទណ្ឌិតដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពរប៉ុណ្ណោះ។

ការបន្ធូរបន្ថយ និងការលើកលែងទោស អាចអនុវត្តចំពោះទណ្ឌិតដែលបានបំពេញលក្ខខណ្ឌមួយចំនួនដូចជាភ្ញាក់រឭកខិតខំកែប្រែគំនិតមាយាទឱ្យក្លាយជាពលរដ្ឋសុចរិត គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ ចូលរួមកម្មវិធីអប់រំកែប្រែ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគោរពបានយ៉ាងត្រឹមត្រូវតាមការណែនាំផ្សេងទៀតរបស់ពន្ធនាគារ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


