Connect with us

ព័ត៌មានអន្ដរជាតិ

​​ត្រាំ​ប្រាប់​​​អ្នកកាសែត​ថា ការ​វាយ​ប្រហារ​លើអ៊ីរ៉ង់​ពេល​នេះ ប្រៀបដូច​ការ​វាយ​ប្រហារ​របស់​ជប៉ុន​លើ​​អាមេរិក​​ចុង​​ឆ្នាំ​១៩៤១​

បានផុស

នៅ

ប្រធានា​ធិប​តីសហរដ្ឋ​អាមេរិក​ លោក​ ដូណាល់ ត្រាំ បាន​​ចួប​ជា​មួយ​នាយក​រដ្ឋមន្ត្រីជប៉ុន លោក​ស្រី​ សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) នៅ​​ថ្ងៃព្រហស្បតិ៍​​​​នៅ​សេតវិមាន​​ ដែល​ពេលនោះ​​​​លោក​​​​បាន​​​​​​​​​ប្រាប់សម្ព័ន្ធ​មិត្ត​​ជប៉ុន ដោយ​​​​ការ​ប្រៀប​ធៀប​ការ​វាយ​ប្រហារ​លើក​ដំបូង​របស់​សហរដ្ឋ​អាមេរិក​​ប្រឆាំង​នឹងអ៊ីរ៉ង់​ទៅ​នឹង​ការ​វាយ​ប្រហារ​ដែល​មិន​បាន​គ្រោង​ទុក​របស់​ជប៉ុន​លើ​​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​កំពង់​ផែ​ Pearl Harbor នៃរដ្ឋហាវ៉ៃ​ អំឡុង​សង្គ្រាម​លោក​លើក​ទីពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក​ស្រី តាកាអ៉ិឈិ និង​លោក ត្រាំ​ ក្នុង​សេតវិមាន។ រូបភាព៖ Getty Images

យោង​តាម ABC ផ្សាយ​ថ្ងៃ​ទី​២០ខែមីនា ឆ្នាំ​២០២៦ អ្នក​សារព័ត៌មាន​ជប៉ុនម្នាក់​​បាន​សួរ​ ​លោក ត្រាំ « ហេតុអ្វី​បាន​ជា​លោក​មិន​បាន​ប្រាប់​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅអឺរ៉ុបនិង​អាស៊ី​ថាប្រតិបត្តិការ​យោធា​នឹង​កើត​ឡើង​» ។

​​លោកឆ្លើយថា៖ «មែនហើយ! មាន​​រឿង​ខ្លះមិន​ចង់​បង្ហាញ​សញ្ញាច្រើនពេកទេ។ អ្នកដឹងទេ! ពេល​យើងធ្វើ​ យើង​​ធ្វើ​វា​ឱ្យ​ខ្លាំង ហើយ​យើងមិនបាន​ប្រាប់អ្នកណា​អំពី​វា​ទេ ​ព្រោះ​យើង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល»។

លោក​ត្រាំ​បន្តទាំង​ទឹកមុខ​​​ញញឹម​​ថា​៖ «អ្នកណា​ដឹង​ច្បាស់​ជាងជប៉ុនពី​ភាព​ការភ្ញាក់ផ្អើលនេះ​? អូខេ! ហេតុអ្វី​បាន​ជាអ្នកមិនប្រាប់​ខ្ញុំ​ពី​(ផែន​ការ​បាញ់​ប្រហារ​លើ​) Pearl Harbor?»​។

លោកបន្ថែមថា​៖ « ទេ! អ្នក​ជឿពី​ភាព​ភ្ញាក់ផ្អើល! ខ្ញុំ​​គិតថាច្រើន​​ជាង​​យើង​ទៅ​ទៀត។ ហើយយើងត្រូវតែធ្វើឱ្យពួកគេភ្ញាក់ផ្អើល ដូច្នេះយើង​បាន​ធ្វើ​វា​»។

គួរ​បញ្ជាក់​ថា​ ការវាយ​ប្រហាររបស់ជប៉ុន​លើមូលដ្ឋានកងទ័ព​ជើង​ទឹក​អា​មេរិក​នៅ​កំពង់ផែ​​ Pearl Harbor បាន​កើត​ឡើង​កាល​ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១ បាន​សម្លាប់ជនជាតិអាមេរិកជាង ២៤០០នាក់ និង​ធ្វើ​ឱ្យ​សហរដ្ឋអា​មេរិក​ធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី២។

លោកស្រី តាកាអ៊ិឈិ ជា​មេដឹកនាំ​សម្ព័ន្ធមិត្តដ៏​សំខាន់​ដំបូង​គេ​ទៅ​ទស្សនកិច្ច​ទី​ក្រុង​វ៉ាស៊ីនតោន​ចាប់​តាំង​ពីសង្គ្រាមនៅ​អ៊ីរ៉ង់​បាន​ចាប់ផ្តើម​។

លោក ត្រាំ ​ហៅ​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ថា​ «មិត្តភ័ក្តិ» ពេលដែលអ្នក​ទាំង​ពីរ​ជួបគ្នា​នៅឯសេតវិ​មាន ហើយលោក​ថា៖ « ប្រទេសជប៉ុនពិត​ជា​កំពុង​បោះជំហានទៅមុខក្នុង​ការគាំទ្រ​ដល់​ប្រតិបត្តិការ​របស់អាមេរិក​ក្នុងប្រទេសអ៊ីរ៉ង់»។

ចំណែក​ លោកស្រី តាកាអ៊ិឈិ​ ថាជម្លោះនៅមជ្ឈិមបូព៌ា​មាន​ផលប៉ះ​ពាល់​យ៉ាងធំដល់សេដ្ឋកិច្ចពិភពលោក និង​បាន​សម្តែងការមិនពេញ​ចិត្ត​ ចំពោះ​វិបត្តិដែល​កំពុងកើនឡើងនៅច្រកសមុទ្រ Hormuz ។

លោកស្រីថា៖ « ប៉ុន្តែ​ទោះបីជាបញ្ហា​បាន​កើត​ឡើង​ហើយ​ក៏ដោយ ខ្ញុំ​ជឿ​ជាក់យ៉ាងមុតមាំថាមានតែអ្នកទេ លោក ដូណាល់ ដែល​អាច​សម្រេច​បាននូវសន្តិភាពទូទាំងពិភពលោកឡើងវិញ​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម