Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើងលួចស្ទាក់បាញ់ឡានតំណាងរាស្ត្រថៃ​ម្នាក់ បណ្តាល​ឲ្យ​រងរបួសធ្ងន់២នាក់

បានផុស

នៅ

ហិង្សាមួយបានផ្ទុះឡើងយ៉ាងរន្ធត់នៅព្រឹកព្រលឹមថ្ងៃសុក្រ​ទី​២០​ខែ​មីនា​ឆ្នាំ​២០២៦​នេះ នៅពេលដែលក្រុមខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារយ៉ាងសន្ធាប់ ទៅលើរថយន្តមួយគ្រឿងដែលពាក់ព័ន្ធនឹងលោក Kamonsak Leewamoh តំណាងរាស្ត្រមកពីគណបក្ស Prachachat ក្នុងខេត្ត Narathiwat។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ The Nation ហេតុការណ៍លួចស្ទាក់បាញ់នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល១​រំលងអធ្រាត្រ នៅខាងមុខផ្ទះរបស់​​តំណាងរាស្ត្រ Kamonsak ក្នុងស្រុក Bacho ខណៈដែលរថយន្តម៉ាក Toyota Alphard ពណ៌ខ្មៅមួយគ្រឿង កំពុងធ្វើដំណើរត្រឡប់មកពីបំពេញភារកិច្ចវិញ។ តាមសេចក្តីរាយការណ៍ ក្រុមជនដៃដល់បានជិះរថយន្តភីកអាប់​ពណ៌ស ទ្វារបួន ហើយបានបាញ់រះទៅលើរថយន្តគោលដៅ បណ្តាល​ឲ្យ​អ្នកបើកបរវ័យ៥៥​ឆ្នាំ និងមន្ត្រីនគរបាលម្នាក់វ័យ៤៣​ឆ្នាំ រងរបួសធ្ងន់ធ្ងរ។ យ៉ាងណាមិញ អាជ្ញាធរបានបញ្ជាក់ថា លោកតំណាងរាស្ត្រ Kamonsak មិន​បាន​រងគ្រោះថ្នាក់នៅក្នុងការវាយប្រហារនេះទេ។

ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងសន្តិសុខបានចុះទៅឡោមព័ទ្ធទីតាំងកើតហេតុ ដើម្បីប្រមូលភស្តុតាង និងបានចាប់ផ្តើមយុទ្ធនាការតាមប្រមាញ់ក្រុមខ្មាន់កាំភ្លើងយ៉ាងក្តៅគគុក ព្រមទាំងរឹតបន្តឹងសន្តិសុខក្នុងតំបន់​ឲ្យ​កាន់តែខ្លាំងជាងមុន។ ចំណែកឯជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្បែរនោះភ្លាមៗ។

ក្រោយមក គណបក្ស Prachachat ក៏បានចេញសេចក្តីថ្លែងការណ៍តាមរយៈ Facebook ដោយអំពាវនាវ​ឲ្យ​មានការបួងសួងសុំសេចក្តីសុខដល់ក្រុមការងាររបស់ខ្លួន និងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់ប្រហារនេះ ដោយចាត់ទុកថាជាទង្វើដ៏អាក្រក់ដែលបំផ្លាញសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម