Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសសម្រេចបើកដៃឲ្យអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពខ្លួនដើម្បីវាយអ៊ីរ៉ង់

បានផុស

នៅ

រដ្ឋាភិបាលអង់គ្លេសបានប្រកាសផ្ដល់សិទ្ធិជាផ្លូវការដល់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់មូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួន ដើម្បីបើកការវាយប្រហារទៅលើទីតាំងមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ចុះ​ផ្សាយ​ថ្ងៃ​ទី​២១​ខែ​មីនា​ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ REUTERS)

ការសម្រេចចិត្តដ៏រសើបនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅវិមាន Downing Street ដែលក្នុងនោះបណ្ដារដ្ឋមន្ត្រីបានព្រមព្រៀងគ្នាថា កិច្ចសហការការពារតំបន់នាពេលនេះ ត្រូវតែរាប់បញ្ចូលទាំងប្រតិបត្តិការរបស់អាមេរិក ក្នុងគោលបំណងកាត់ផ្ដាច់សមត្ថភាពវាយប្រហាររបស់អ៊ីរ៉ង់ ដែលកន្លងមកបានរំខានដល់ការដឹកជញ្ជូនតាមកប៉ាល់នៅតំបន់ច្រកសមុទ្រ Hormuz។

ដំបូងឡើយ លោកនាយករដ្ឋមន្ត្រី Keir Starmer មិន​ព្រម​​ឲ្យ​អាមេរិកប្រើប្រាស់មូលដ្ឋានទ័ពនោះទេ ប៉ុន្តែលោកបានសម្រេចចិត្តប្តូរចិត្តវិញ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលទៅលើសម្ព័ន្ធមិត្តរបស់អង់គ្លេសជាច្រើននៅមជ្ឈិមបូព៌ា។ ជាលទ្ធផល លោកបានអនុញ្ញាត​ឲ្យ​កងទ័ពអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស RAF Fairford និងមូលដ្ឋានទ័ពចម្រុះនៅកោះ Diego Garcia សម្រាប់ការវាយប្រហារនេះ។

ទោះជាយ៉ាងណា សកម្មភាពនេះបានដុតបញ្ឆេះកំហឹងយ៉ាងខ្លាំងពីសំណាក់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ដោយលោកបានបង្ហោះលើបណ្តាញសង្គម X ថា លោក Starmer កំពុងតែយកជីវិតប្រជាជនអង់គ្លេសទៅដាក់ក្នុងគ្រោះថ្នាក់ ហើយអ៊ីរ៉ង់នឹងប្រើប្រាស់សិទ្ធិការពារខ្លួនដើម្បីឆ្លើយតបវិញ។ បន្ថែមពីលើសម្ពាធពីខាងក្រៅ គោលនយោបាយថ្មីនេះក៏បានកើតឡើងក្រោយពេលដែលលោក ដូណាល់ ត្រាំ បានរិះគន់ចំៗថា អង់គ្លេសលែងជាសម្ព័ន្ធមិត្តដែលគួរ​ឲ្យ​ទុកចិត្តដូចមុនទៀតហើយ។

ទោះបីជាមានការអនុញ្ញាតឲ្យ​មានការវាយប្រហារក៏ដោយ ក៏រដ្ឋាភិបាលអង់គ្លេសនៅតែបន្តអំពាវនាវ​ឲ្យ​មានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់។ ស្របពេលជាមួយគ្នានេះដែរ ការស្ទង់មតិក្នុងស្រុក​​មួយ​បានបង្ហាញថា ប្រជាជនអង់គ្លេសភាគច្រើន រហូតដល់ទៅ ៥៩% នៅតែបង្ហាញជំហរប្រឆាំងនឹងសកម្មភាពយោធារួមគ្នារបស់អាមេរិក និងអ៊ីស្រាអែលនៅក្នុងតំបន់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម