ព័ត៌មានជាតិ
ពិធី «បុណ្យវប្បធម៌គ្រុងយុង» នៃសហគមន៍ជនជាតិដើមភាគតិចខេត្តរតនគិរី រៀបចំឡើងដើម្បីបង្ហាញអត្តសញ្ញាណវប្បធម៌ចម្រុះ
ខេត្តរតនគិរី៖ ពិធីបុណ្យវប្បធម៌ «គ្រុងយុង» គឺជាពិធីបុណ្យមួយរបស់សហគមន៍ជនជាតិដើមភាគតិច ដែលបានផ្តួចផ្តើមឡើងដោយចាស់ទុំតាមបណ្តាភូមិ។ ពិធីនេះរួមមានការចូលរួមពីជនជាតិដើមភាគតិចចំនួន ៤ គឺ គ្រឹង ប្រូវ កាវ៉ែត និងលុន ក្នុងគោលបំណងបង្កើតសាមគ្គីភាព ស្គាល់គ្នា និងពង្រឹងទំនាក់ទំនងរវាងសហគមន៍ ដោយសារភាសារបស់ពួកគេមានភាពស្រដៀងគ្នា អាចនិយាយ និងយល់គ្នាបាន។

ពិធី «បុណ្យវប្បធម៌គ្រុងយុង» ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញអត្តសញ្ញាណវប្បធម៌ ដូចជា របាំប្រពៃណី ការរាំកម្សាន្ត និងពិធីសាសនា ដូចជា ការកាប់ក្របី ផឹកស្រាពាង និងការសែនព្រេនជូនបុព្វបុរស។ ជាមួយគ្នានេះដែរ ពិធីបុណ្យក៏មានគោលបំណងបើកឱកាសឲ្យភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់ពីរបៀបរស់នៅ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចនីមួយៗផងដែរ។ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ ២០២៦ នៅសាលាឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។
លោក សំប៉យ យ៉ុង តំណាងជនជាតិដើមភាគតិចគ្រឹ បានប្រាប់កម្ពុជាថ្មីថា កម្មវិធីនេះត្រូវបានបង្កើតឡើងដោយសហគមន៍ជនជាតិដើមភាគតិចទាំង ៤ ខាងលើ ហើយមានការជួបជុំជារៀងរាល់ឆ្នាំម្តងដើម្បីពង្រឹងសាមគ្គីភាព។
លោកបានបន្ថែមថា មូលហេតុដែលអាចរៀបចំពិធីនេះជាមួយគ្នាបាន គឺដោយសារភាសា និងរបៀបរស់នៅមានភាពស្រដៀងគ្នា។ លោកថា៖«ទោះបីមានភាពខុសគ្នាតិចតួចក្នុងការបញ្ចេញសំឡេង ឬពាក្យខ្លះក៏ដោយ ប៉ុន្តែភាគច្រើនពាក្យនៅតែដូចគ្នា ឬស្រដៀងគ្នាខ្លាំង ដែលអាចធ្វើឲ្យពួកគេយល់គ្នាបានយ៉ាងងាយស្រួល»។

លោកបានបន្តថា នៅអំឡុងពិធីសែនព្រេន និងការកាប់ក្របីផឹកស្រាពាង មានជនជាតិដើមភាគតិចពីតាមភូមិ និងស្រុកផ្សេងៗ ដែលមានអត្តសញ្ញាណដូចគ្នា បានមកជួបជុំគ្នា ដើម្បីជជែកពិភាក្សា និងចែករំលែកបទពិសោធន៍អំពីជីវភាពរស់នៅ និងប្រពៃណីវប្បធម៌របស់ខ្លួន។ ក្រៅពីនេះ ក៏មានការរៀបចំពិព័ណ៌ ការលេងល្បែងប្រពៃណី រួមមានរបាំបុរាណ តន្ត្រីសម័យ និងការនិយាយរឿងនិទានដោយមនុស្សចាស់ៗ ព្រមទាំងការបង្ហាញអំពីជីវប្រវត្តិគ្រុងយុងផងដែរ។

បន្ថែមលើនេះ មានការតាំងបង្ហាញសម្លៀកបំពាក់ប្រពៃណី ដែលជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច និងវត្ថុប្រើប្រាស់ផ្សេងៗជាច្រើន។ លោកបានបន្តថា កម្មវិធីនេះបើកសេរីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ អាចចូលរួមកម្សាន្តដោយឥតគិតថ្លៃ ហើយក៏អាចភ្លក់ម្ហូបអាហារបែបប្រពៃណី ដែលមានលក្ខណៈពិសេសនៃតំបន់ភូមិភាគឦសានផងដែរ។
សូមជម្រាបថា ពិធីបុណ្យគ្រុងយុងរបស់សហគមន៍ជនជាតិដើមភាគតិច ខេត្តរតនគិរី ត្រូវបានរៀបចំអស់រយៈពេល ៣ ឆ្នាំមកហើយ ហើយឆ្នាំនេះគឺជាលើកទី ៣។ លើកទី ១ បានប្រារព្ធនៅភូមិក្រេះ ឃុំប៉ូយ ស្រុកអូរជុំ ដោយមានភ្ញៀវចូលរួមប្រហែល ៥០០ នាក់។ លើកទី ២ បានធ្វើនៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ មានអ្នកចូលរួមប្រហែល ៧០០ នាក់។ ចំណែកឆ្នាំ ២០២៦ នេះ ជាលើកទី ៣ ដែលប្រារព្ធនៅ ឃុំតាវែងក្រោម ស្រុកតាវែង មានទំហំធំជាងឆ្នាំមុនៗ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


