Connect with us

សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​ដឹកនាំកិច្ចប្រជុំ​វឌ្ឍនភាព ​នៃការអនុវត្តវិធាន​ការកែទម្រង់​វេទិការាជរដ្ឋា​ភិ​បាល-ផ្នែកឯកជន លើកទី១៩

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី ២៥ ​ខែមីនា ​ឆ្នាំ ២០២៦​ បាន​ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សា​លើសេចក្តីព្រាងរបាយ​ការណ៍​វឌ្ឍនភាព ​នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់​ ដែលបានដាក់ចេញក្នុងវេទិកា​រាជ​រដ្ឋា​ភិបាល-ផ្នែកឯកជន ​លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ​២០២៥​ ក្រោមស្មារតីបុរេសកម្មក្នុងការ​យកចិត្ត​ទុក​ដាក់​ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន សំដៅលើកកម្ពស់បរិយាកាស​វិនិយោគ​នៅ​កម្ពុជាឱ្យកាន់តែរស់រវើក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីដែលជាសហប្រធានដៃគូជាមួយផ្នែកឯកជន,​ ក្រុម​លេខាធិការដ្ឋានក្រុមការងារផ្នែករដ្ឋាភិបាល, ​​អ្នកឧកញ៉ា ​គិត ម៉េង​ប្រធានសភា​ពាណិជ្ជ​កម្ម​កម្ពុជា​ និងជាប្រធានគណៈកម្មការ​សម្របសម្រួលក្រុមការងារ​ផ្នែកឯកជនសម្រាប់​យន្តការ​វេទិកា​រាជ​រដ្ឋា​ភិបាល-ផ្នែកឯកជន ​និងក្រុមការងារនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់​ការអភិ​វឌ្ឍន៍​សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)​ និងអ្នកពាក់ព័ន្ធ​មួយចំនួនទៀត។ ​

កិច្ចប្រជុំបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើរបៀបវារៈយុទ្ធសាស្ត្រចំនួនពីរ៖ រួមមាន៖ ១ ខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៥ និង ២ ការពន្លឿនការរៀបចំសៀវភៅណែនាំស្តីពី ស្តង់ដានីតិវិធីប្រតិបត្តិ (SOP) នៃការរៀបចំ និងប្រព្រឹត្តទៅនៃយន្តការវេទិកា G-PSF ដែលគ្រោងនឹងសម្រេចឱ្យបានរួចរាល់ក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ។

ឯកសារ SOP នេះ នឹងក្លាយជាត្រីវិស័យសម្រាប់តម្រង់ទិសការធ្វើការងាររួមគ្នារវាងរដ្ឋ និងវិស័យឯកជន ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងភាពច្បាស់លាស់។

អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ជាមួយស្មារតីបុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ក្នុងដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន សំដៅលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ បន្ថែមពីនោះ អង្គប្រជុំក៏បានធ្វើការវាយតម្លៃខ្ពស់ និងឯកភាពទៅលើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ដែលបានរៀបចំព្រាងឡើង និងគ្រោងដាក់ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងបន្តតាមនីតិវិធី មុននឹងឈានទៅដល់ការគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលខាងមុខ។

​លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល បានគូសរំលេចជាថ្មីពីសារសំខាន់​នៃវិស័យឯកជនដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលក្រោម​ការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី តែងតែ​បាននិងកំពុងផ្តល់ការយកចិត្តទុកដាក់ ដោយទទួលស្តាប់នូវបញ្ហាប្រឈម ព្រមទាំងដាក់ចេញនូវ​ដំណោះស្រាយជាក់ស្តែងឱ្យបានទាន់ពេលផងដែរ។

​ឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យគ្រប់​ផ្នែកពាក់ព័ន្ធទាំងអស់ឱ្យបន្តរក្សាស្មារតីសហការយ៉ាងស្អិតរមួត និងបុរេសកម្មបំផុត ដើម្បីប្រែក្លាយ​បញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព សំដៅជំរុញបរិយាកាស​វិនិយោគនៅកម្ពុជា​ឱ្យកាន់តែមាន​ភាពរស់រវើក និងប្រកួតប្រជែងខ្ពស់ក្នុងតំបន់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម