ព័ត៌មានជាតិ
គម្រោងវិនិយោគចំនួន ១៨ ក្រោមទុនជាង ១៤០ លានដុល្លារ ទទួលការពិនិត្យវិនិយោគក្នុងខេត្តព្រះសីហនុ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគចំនួន ១៨ ក្នុងខេត្តព្រះសីហនុក្រោមទុនវិនិយោគជាង ១៤០ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុលើកទី ២៤ ដើម្បីពិនិត្យលើគម្រោងវិនិយោគទាំងនោះ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងវិនិយោគ និង ធុរកិច្ចចំនួន ១៨ គម្រោង ក្នុងខេត្តព្រះសីហនុរួមមាន គម្រោងរោងចក្រផលិតចំណីសត្វ, គម្រោងបង្កើតសួនឧស្សាហកម្ម, គម្រោងអគារពហុមុខងារ, និង គម្រោងអគារសហកម្មសិទ្ធិ ក្រោមទុនវិនិយោគជាង ១៤៤ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង។

លោកបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែ កុម្ភៈ ឆ្នាំ ២០២៦, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤៦៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨,១៨ ប៊ីលានដុល្លារ និងអាចបង្កើតការងារ ជាង ៥៥ ១២៤ កន្លែង ដែលក្នុងនោះមានគម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២០៩ គម្រោង, គម្រោងថ្មីចំនួន ២១៧ គម្រោង, គម្រោងពង្រីកចំនួន ២៦ គម្រោង, និង គម្រោងមានស្រាប់ចំនួន ១៥ គម្រោង។
លោកបណ្ឌិតសភាចារ្យមានប្រសាសន៍បន្ថែមថា ដោយផ្អែកតាមលទ្ធផលនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ជាមួយនឹងការដាក់ចេញវិធានការបន្ថែម ៤ ទៀត រួមមាន : ១. ការជំរុញការវិនិយោគក្នុងស្រុក, ២. ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក, ៣. ការជំរុញការប្រើប្រាស់ និង ការផ្ទេរជំនាញ/បច្ចេកវិទ្យា ដល់កម្លាំងពលកម្មក្នុងស្រុក និង ៤. ការសម្របសម្រួលការបណ្តុះបណ្តាលជំនាញបន្ថែមដល់ភាគីពាក់ព័ន្ធ។

ទន្ទឹមនេះ, ក្រុមការងារត្រូវបន្តសម្របសម្រួល និងជំរុញម្ចាស់គម្រោងអគារជាប់គាំងដែលនៅសេសសល់ឱ្យមកចូលរួមក្នុងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តលើកទឹកចិត្តដល់បណ្តាសហគ្រាស ផលិតករ និងពាណិជ្ជករ ឱ្យចូលរួមចំណែកកាន់តែសកម្ម ក្នុងយុទ្ធនាការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ទៀតថា ក្រុមការងារបានកំពុងបន្តអនុវត្តការងារស្នូលចំនួនពីរក្នុងពេលតែមួយដំណាលគ្នា ដោយម្ខាងត្រូវបន្តថែទាំអ្នកវិនិយោគ និងសម្របសម្រួលការដោះស្រាយសំណូមពរ និងបញ្ហាផ្សេងរបស់វិនិយោគិន ដោយតម្លាភាព និង ប្រសិទ្ធភាព, និង ម្ខាងទៀត បន្តទាក់ទាញការវិនិយោគដោយសកម្ម។
ជាមួយគ្នានេះ, ក្រុមការងារបានកំពុងខិតខំដោះស្រាយបញ្ហាអគារជាប់គាំង និងជំរុញការវិនិយោគលើគម្រោងថ្មីៗ ជាពិសេស គម្រោងក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍។
ក្រុមការងារបានកំពុងរៀបចំ និងចូលរួមផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគ និងធុរកិច្ច, រៀបចំសិក្ខាសាលាស្តីពីការតភ្ជាប់ឧស្សាហកម្ម និង ការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងពង្រឹងផលិតភាព តាមរយៈការបណ្តុះបណ្តាលជំនាញ នៅតាមរោងចក្រ។
លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល, ក្រុមការងារបានកំពុងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសិក្សា និង ជំរុញការផលិតក្នុងស្រុក តាមរយៈការលើកកម្ពស់ផលិតផលសក្តានុពលក្នុងខេត្ត ដូចជា បង្គារក្រៀម ត្រីកាម៉ុង ត្រីក្រចកក្របី និង ទឹកមាត់ត្រចៀកកាំ រួមជាមួយការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក នៅតាមរោងចក្រសហគ្រាស។
លោកបណ្ឌិតសភាចារ្យបានលើកទឹកចិត្តឱ្យសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័ន ឱ្យបន្តខិតខំពុះពារជាមួយគ្នា ក្នុងការលើកកម្ពស់ការវិនិយោគឱ្យប្រព្រឹត្តទៅប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព តាមរយៈការដោះស្រាយបញ្ហាជាកញ្ចប់តាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និង ការតម្កល់ស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍រួម ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕
អត្ថបទ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


