Connect with us

កីឡា

ប្រសិន​បើ​ជោគជ័យ​ ៤ ប្រកួត​នេះ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​បង្កើត​កំណត់​ត្រា​ថ្មីពីរ

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​បង្កើត​កំណត់​ត្រា​ថ្មី​ពីរ​សម្រាប់​ប្រវត្តិ​សាស្ត្រ​របស់​ក្លិប ប្រសិន​បើ​ពួក​គេ​​អាច​ឆ្លងផុត​ការ​ប្រកួត​ដ៏​សំខាន់ចំនួន​ ៤ នេះ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ការ​តែ ៤ ពិន្ទុ​ទៀត​ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ។ នៅ​សប្តាហ៍​ទី​២៥ ថ្ងៃ​សៅរ៍ ទី​៤ ខែ​មេសា ឆ្នាំ ២០២៦ ពួក​គេ ត្រូវ​ធ្វើដំណើរ​​​ទៅ​ជួប ភ្នំពេញ​ក្រោន វេលា​ម៉ោង​ ៦ ល្ងាច នៅ​កីឡដ្ឋាន​​ភ្នំពេញ​ក្រោន។ ប្រសិន​បើ​ពួក​គេ​រក​ ៣ ពិន្ទុ​ ពី​ភ្នំពេញ​ក្រោន ហើយ​ការ​ប្រកូត​លីគបន្ទាប់​ ​នៅ​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មេសា ត្រូវ​ការ​ត្រឹម​តែ​ស្មើ​ជា​មួយ​ អឹមអូអាយ កំពង់ដេវ៉ា សម្រាប់​ការ​ប្រកួត​​សប្តាហ៍​ ទី២៦ នោះ ​ពួក​គេ​នឹង​ក្លាយ​ជា​ជើង​ឯក​តែ​ម្តង។

ប្រការ​នេះ​មាន​ន័យ​ថា ព្រះ​ខ័ន​រាជ​ស្វាយរៀង ​នឹង​បង្កើត​កំណត់​ត្រា ក្លាយ​ជា​​ក្លិប​​បាល់ទាត់​កម្ពុជា​​ទី​មួយ​​ដែល​បាន​ឈ្នះ​ជើង​​ឯក​លីគ​កំពូល​កម្ពុជា ៣​ រដូវ​កាល​ជាប់​គ្នា ពី​ព្រោះ​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​ក្រុម​ណា​ឈ្នះ​ជើង​ឯ​ក​លីគ​កំពូល​កម្ពុជា ៣ រដូវ​កាល​ជាប់​គ្នា​ឡើយ។

មុន​ពេល​ជួប អឹមអូអាយ កំពង់ដេវ៉ា នៅ​ថ្ងៃ​អាទិត្យក្នុង​លីគ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ធ្វើ​ការ​ធ្ងន់​មែន​ទែន​ដោយ​​ត្រូវ​ទទួល ក្រុម Manila Digger នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​មេសា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ក្នុង​ជើងទី១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ AFC Challenge League ហើយ​ជើង​ទី ​២ ត្រូវ​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​ហ្វីលីពីន សម្រាប់​ការ​ប្រកូត​ នា​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ ២០២៦។

ប្រសិន​បើ​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​មួយក្រុម Manila Digger ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​បង្កើត​កំណត់​ត្រា​ថ្មី​ជា​ប្រវត្តិ​សាស្ត្រ​ក្លិប​បាល់ទាត់​កម្ពុជា​ ក្នុង​ការ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ជា​លើក​ទី​២ នៃ​ពាន​រង្វាន់ AFC Challenge League បន្ទាប់​ពី​លើក​ទី​ ១ បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​រដូវ​កាល​មុន។

មែន​ទែនទៅ ពាន​រង្វាន់ AFC Challenge League នេះ​ពិត​ជា​សំខាន់​ណាស់ ពី​ព្រោះ​ប្រសិន​បើ​បរាជ័យ គឺ​អស់​ឱកាស​ឡើង​វគ្គ​បន្ត។ ចំណែក​នៅ​លីគ​កំពូល​កម្ពុជា​វិញ ទោះ​បី​ជា​មិន​អាច​រក​បាន ៤ ​ពិន្ទុ​ដើម្បី​ក្លាយ​ជា​ជើង​ឯក​ឲ្យ​លឿន ក៏​មិន​​ជា​បញ្ហា​​ធ្ងន់​ធ្ងរ​សម្រាប់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​ឡើយ​​ ពី​ព្រោះ​នៅ​មាន​ការ​ប្រកួត​ច្រើន​ទៀត និង​កំពុង​នាំ​មុខ​ក្រុម​លេខ​ ២ ភ្នំពេញក្រោន ដល់​​ទៅ ១២ ពិន្ទុ។

សូមបញ្ជាក់​ថា តាម​កាល​វិភាគ​ប្រកួត​ដែល​ក្លិប ព្រះខ័ន​រាជ​ស្វាយរៀង ​បាន​ប្រកាស​គឺ​គ្មាន​ការ​ប្រកួត​ណា​មួយ​ត្រូវ​បាន​លើក​ពេល​ឡើយ ហើយ​ការ​ប្រកួត​នីមួយ​ៗ​មាន​​ពេល​វេលា​ចន្លោះ​គ្នា​ត្រឹម​តែ ៣ ទៅ ៤ ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ធ្វើ​ការលំបាក​​មែន​ទែន​នៅ​ក្នុង​ដំណាក់​កាល​ដ៏​សំខាន់​នេះ៕

កម្មវិធី​ប្រកួត​សំខាន់

  • ប៉ះ ភ្នំពេញក្រោន ថ្ងៃ​សៅរ៍ ទី​៤ ខែ​មេសា នៅ​ស្តាត​​ភ្នំពេញ​ក្រោន (លីគ)
  • ប៉ះ Manila Digger ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែមេសា នៅ​ស្តាត​មរតក​តេជោ (AFC)
  • ប៉ះ អឹមអូអាយ កំពង់ដេវ៉ា ថ្ងៃអាទិត្យ ទី១២ ខែ​មេសា នៅ​ស្តាត​វិសាខា (លីគ)
  • ប៉ះ Manila Digger ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​មេសា នៅ​ហ្វីលីពីន (AFC)

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម