Connect with us

កីឡា

លោកស្រីអភិបាល​ខេត្តប៉ៃលិន ជំរុញមន្ទីរ​អប់រំ​ខេត្ត​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​វិស័យ​កីឡា

បានផុស

នៅ

មន្ទីរ​អប់រំ​​យុវជន និង​កីឡា ខេត្ត​ប៉ៃលិន បាន​រៀបចំ​ការ​ប្រកួត​កីឡាបឋម​សិក្សា-មធ្យម​សិក្សា ប្រចាំ​ឆ្នាំ ២០២៥-២០២៦ រយៈ​ពេល ១០ ថ្ងៃ​ដោយ​ជោគជ័យ បន្ទាប់​ពី​ដំណើរ​​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​ ២១ ខែ​មីនា និង​បាន​បិទ​បញ្ចប់​​នៅ​ព្រឹក​ថ្ងៃ​ទី​ ​៣០ ខែ​មីនា ឆ្នាំ​២០២៦ ​ក្រោម​អធិបតីភាព​លោក​ស្រី បាន ស្រីមុំ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា-មធ្យម​សិក្សា ប្រចាំ​ឆ្នាំ ២០២៥-២០២៦​ ធ្វើ​ឡើង​ដើម្បី​ជំរុញ​វិស័យ​កីឡា​​ក្នុង​ខេត្ត​ឲ្យ​កាន់​តែ​មាន​សកម្មភាព​ផុល​ផុស និង​រីក​ចម្រើន ព្រម​ទាំង​​បង្កើន​សាមគ្គីភាព មិត្តភាព និង​សុខភាព​សម្រាប់​សិស្សានុសិស្ស​​ក៏ដូច​ជា​មហាជន។

ថ្លែង​ក្នុង​ពិធី​បិទ​ស្ថិត​នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បាន​លើក​ឡើង​ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិង​កំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យកីឡាគ្រប់ប្រភេទ ដែលធ្វើវិស័យកីឡានៅទូទាំងប្រទេស មានការរីកចម្រើនយ៉ាងខ្លាំង ឈាន​ដល់​ការ​ទទួលសមិទ្ធផល​ ជាបន្តបន្ទាប់លើឆាកអន្តរជាតិ។ សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលជាថ្ងៃ កំណើតទី២ របស់ប្រជាជនកម្ពុជា និងក្រោមនយោបាយឈ្នះឈ្នះ​របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដែល មិនអាចកាត់ថ្លៃបាន។

លោកស្រី​អភិបាលខេត្ត បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូច​ជា​សប្បុរសជននានា ដែលបានចូលរួម​ និង​ឧបត្ថម្ភគាំទ្រ ក្នុងការលើកស្ទួយវិស័យ កីឡាក្នុងខេត្ត ឱ្យមានការរីកចម្រើន។ ជាពិសេសបានផ្តល់ឱកាស ដល់សិស្សានុសិស្សបានបង្ហាញ​សមត្ថភាព ​ដើម្បី​បង្កើន​បទពិសោធ​ ​និង​អភិវឌ្ឍ​សមត្ថភាព​ ឱ្យក្លាយជាកីឡាករ កីឡាការិនី​ដ៏ល្អ សម្រាប់ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ។

ជា​មួយ​គ្នា​នេះ លោក​ បាន ស្រីមុំ ​បាន​ជម្រុញដល់មន្ទីរអប់រំ ត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡា «ឱ្យមានច្រើនប្រភេទទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលា»។ ប្រសិន​បើទីលានមានស្រាប់ត្រូវថែរក្សា ជួសជុល និងកែលម្អ ត្រូវបណ្តុះបណ្តាលធន​មនុស្ស អត្តពលិក ឱ្យចេះស្រលាញ់ចូលចិត្តលេងកីឡា ស្របទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ត្រូវមានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត

ជាមួយគ្នានេះ លោកស្រី បាន​ផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗ ក្រុមកីឡាករ កីឡាការិនី​​ទាំង​អស់ ត្រូវខិតខំប្រកួត តាមលក្ខណៈបច្ចេកទេស និងត្រូវមានសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះ ថាការប្រកួត តែងតែមានចាញ់ និងឈ្នះ ហើយជៀសមិនផុតពីការប៉ះពាល់គ្នាបន្តិចបន្តូចមិនខានឡើយ ជាពិសេសត្រូវជៀស ឱ្យឆ្ងាយ ពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដោយនាំគ្នាលេងកីឡាដើម្បីសុខភាព នឹងក្លាយខ្លួនជាទំពាំងស្នងឫស្សីសម្រាប់ ប្រទេសជាតិនាពេលអនាគត់ផងដែរ។

​តាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងថាការ ការប្រកួត​ចាប់ពីថ្ងៃទី២១ ដល់ ៣០ ខែមីនាឆ្នាំ២០២៦ ដោយសាលា​​​ចំនួន ២៧ ក្នុងនោះមាន​សាលាបឋមសិក្សា​ចំនួន ១៧  សាលា និងសាលាមធ្យមសិក្សា​ចំនួន ១០ សាលា ស្មើ​នឹង​កីឡាករ ៩១២ នាក់ និង​កីឡាការីនី​ ៤៤៦ នាក់។

លទ្ធផល​​ផ្នែក​បឋម​សិក្សា

វិញ្ញាសា​បាល់ទះនារី

  • លេខ១៖ ក្រុមវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន
  • លេខ២៖ ក្រុម​វិទ្យាល័យហ៊ុន សែន សាលាក្រៅ
  • លេខ៣៖ ក្រុមអនុវិទ្យាល័យ បយ៉ាខា

វិញ្ញាសា​បាល់ទះបុរស

  • លេខ១៖ ក្រុម​វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន
  • លេខ២៖ ក្រុមវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ
  • លេខ៣៖ ក្រុម​វិទ្យាល័យ ពន្លឺប៉ៃលិន។

លទ្ធផលផ្នែក​មធ្យម​សិក្សា

វិញ្ញាសា​បាល់ទះ​នារី

  • លេខ ១៖ ក្រុមវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន
  • លេខ ២៖ ក្រុម វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ
  • លេខ ៣៖ ក្រុមវិទ្យាល័យ សន្តិភាព។

វិញ្ញាសា​បាល់ទាត់​នារី

  • លេខ ១៖ ក្រុម​ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន
  • លេខ ២៖ ក្រុម អនុវិទ្យាល័យ ភ្នំកុយ
  • លេខ៣៖ ក្រុម អនុវិទ្យាល័យ ភ្នំយ៉ាត។

វិញ្ញាសា​បាល់ទាត់​បុរស

  • លេខ១៖ ក្រុម​វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន
  • លេខ២៖ ក្រុម​វិទ្យាល័យ មរតក ប៊ុន សុថា ផ្សារព្រំ
  • លេខ៣៖ ក្រុមវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម