កីឡា
គ្រូក្មេង សៀងហៃ ទម្លាយការឈឺចាប់ពីការប្រកួតមួយនៅអេស្ប៉ាញមិនទាន់ទទួលបានតម្លៃខ្លួន
កីឡាករ និងជាគ្រូបង្វឹកគុនខ្មែរ ធីម សៀងហៃ ដែលត្រូវបានស្គាល់ជាគ្រូក្មេង សៀងហៃ បានទម្លាយការឈឺចាប់មួយដែលលោកមិនទាន់ទទួលបានតម្លៃខ្លួនសូម្បីមួយរៀលសម្រាប់ការប្រកួតមួយនៅប្រទេសអេស្ប៉ាញកាលពីឆ្នាំ ២០២៥។

កីឡាករ ធីម សៀងហៃ បានទៅប្រកួតនៅប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ ជាមួយកីឡាករជើងខ្លាំងលំដាប់លេង ១ របស់ប្រទេសអេស្ប៉ាញ។ លោកបានចាញ់ដោយពិន្ទុ បន្ទាប់ពីតស៊ូគ្នា ៣ ទឹកពេញ ប៉ុន្តែកីឡាករកម្ពុជារូបនេះបានវាយឲ្យកីឡាករអេស្ប៉ាញត្រូវបានអាជ្ញាកណ្តាលរាប់ ៨ ម្តងក្នុងទឹកទី១។ ការប្រកួតនោះ កីឡាករមិនទាន់ទទួលបានតម្លៃខ្លួនឡើយគិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៦។
លោកគ្រូក្មេង សៀងហៃ បានទម្លាយថា លោកបានបិទមាត់មិនហ៊ាននិយាយអ្វីច្រើនអំពីការឈឺចាប់ក្នុងអាជីពរបស់ខ្លួនដើម្បីមុខមាត់គុនខ្មែរលើឆាកអន្តរជាតិក្នុងនាមជាអ្នកស្នងមរតកគុនខ្មែរ និងផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ ប៉ុន្តែមានរឿងដ៏សោកស្តាយមួយដែលលោកមិនអាចលាក់ទុកបន្តទៅបាន។
កីឡាករបានរៀបរាប់ថា ៖«ខ្ញុំគ្រូក្មេង សៀងហៃ ដែលជាគ្រូបង្ហាត់គុនខ្មែរ រួមជាកីឡាករ និងជាអ្នកផ្សព្វផ្សាយគុនខ្មែរម្នាក់នៅទឹកដីអឺរ៉ុប។ ខ្ញុំមានការឈឺចាប់ជាខ្លាំងជិតមួយឆ្នាំមកនេះ គឺចាប់តាំងពីថ្ងៃទី ១៤ ខែ មិថុនា ២០២៥ រហូតមកដល់ពេលនេះខែមេសា ឆ្នាំ ២០២៦ គឺការប្រកួតមួយនេះ ខ្ញុំបាទបានចូលរួមប្រយុទ្ធជាមួយជើងខ្លាំងលំដាប់លេង ១ របស់ជនជាតិអេស្ប៉ាញ នៅឯទីក្រុង ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ»។

កីឡាករបានបន្តថា ៖«ការប្រកួតមួយនេះមានចំនួន ៣ ទឹក គឺ តឹងនិងស្វិតស្វាញយ៉ាងខ្លាំង ហើយធ្វើឲ្យអ្នកគាំទ្រនៅទីនោះផ្ទាល់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សរុបមកចប់ការប្រកួតគឺខ្ញុំចាញ់ពិន្ទុ ប៉ុន្តែខ្ញុំសប្បាយចិត្ត ព្រោះទឹកទី១ ខ្ញុំបានវាយគាត់ឲ្យដួលឡើងវង្វេងធ្វើឲ្យអាជ្ញាកណ្ដាលរាប់គាត់ដល់ ៨ នៅពេលនោះ»។
ទោះបីជាការយ៉ាងណា ពេលនេះ តំម្លៃខ្លួននៃការប្រកួតរបស់លោកមិនទាន់បានមួយរៀលនោះទេ។ ខាតទាំងពេលវេលា ខិតខំហ្វឹកហាត់ចំណាយលុយទៅលើការហូបចុកផ្ទាល់ខ្លួនប្រចាំថ្ងៃ ខាតទាំងលុយធ្វើដំណើរ និងការចំណាយផ្សេងៗទៀតពេលទៅប្រកួតនៅប្រទេសអេស្បាញ។
កីឡាករបង្ហាញការឈឺចាប់ថា ៖«តើហេតុអីពួកគេធ្វើបែបនេះមកលើរូបខ្ញុំដែលជាកីឡាករខ្មែរ។ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ឡើងវ៉ៃជាមួយលំដាប់ប្រចាំប្រទេសគេ ប៉ុន្តែមិនបានលុយសូម្បីមួយរៀល ខ្វះពីរខែទៀតគឺមួយឆ្នាំទៅហើយ»។
បុរសខ្មែររូបនេះបានបញ្ជាក់ថា កម្មវិធីប្រកួតប្រកួតនោះគឺខាងប្រទេសអេស្ប៉ាញជាអ្នករៀបចំ មិនមែនជាខ្មែរទៅរៀបចំទេ។

កីឡាករ ធីម សៀងហៃ បានចាប់ហាត់ប្រដាល់នៅអាយុ ៤-៥ឆ្នាំ កាលពីឆ្នាំ ២០០៤ ជាមួយឪពុក និងពូបង្កើតរបស់ខ្លួនគឺ ទិត្យ សុវណ្ណគិរី។ ឈានដល់វ័យ ១០ ឆ្នាំ យុវជនខេត្តកោះកុងរូបនេះ ចាប់ផ្ដើមហ្វឹកហាត់ពេញលេងនៅក្លិបប្រដាល់ និងហាត់ខ្លួនឯងបន្ថែមរហូតបានចេញប្រកួតតាមកម្មវិធីផ្សេងៗនៅកោះកុងផង និងរាជធានីភ្នំពេញ។
នៅឆ្នាំ ២០១៩ ធីម សៀងហៃ បានចេញទៅប្រទេសបារាំងដើម្បីកសាងជីវភាពថ្មីតាមរយៈអ្នកស្គាល់គ្នា និងស្វែងរកការងារធ្វើនៅទីនោះសង្ឃឹមខ្សែជីវិតរសាត់អណ្ដែតមួយនេះប្រសើរ និងអាចជួយដល់ជីវភាពក្រុមគ្រួសារនៅខ្មែរ។ នៅប្រទេសបារាំង លោកធ្វើជាគ្រូបង្ហាត់ផង និងជាកីឡាករផងដើម្បីចេញប្រកួតនៅតាមបណ្តាប្រទេសផ្សេងៗនៅតំបន់អឺរ៉ុប៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


