ព័ត៌មានជាតិ
ស្ពានគ្រឹះថ្មប្រវែងជិត ៤០ ម៉ែត្រ នៅស្រុកកែវសីមា សម្រេចបាន ៦០% គ្រោងបញ្ចប់ចុងខែឧសភា
ស្ពានគ្រឹះថ្មមួយកន្លែង ដែលកំពុងសាងសង់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់ ខណៈការងារសាងសង់សម្រេចបានប្រហែល ៦០% ហើយគ្រោងនឹងបញ្ចប់នៅចុងខែឧសភា ខាងមុខនេះ។

បើយោងតាមលោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ថា គម្រោងសាងសង់ស្ពាននេះមានប្រវែង ៣៦ ម៉ែត្រ ទទឹង ២.៥ ម៉ែត្រ (ប្រើសសរបេតុង ធ្នឹមដែក និងកម្រាលឈើ) ស្ថិតនៅភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា។ គិតត្រឹមថ្ងៃទី១ ខែមេសា ការសាងសង់សម្រេចបានប្រមាណ ៦០% បន្ទាប់ពីបានចាប់ផ្ដើមកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦។
លោកបានបញ្ជាក់ថា គម្រោងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងតំបន់ជនបទ ជាពិសេសក្នុងរដូវវស្សា ដោយមានការសហការជាមួយក្រុមហ៊ុនរ៉ែមាស Renaissance Minerals Cambodia Limited ដែលផ្គត់ផ្គង់ថវិកាទាំងស្រុង។ គម្រោងនេះគ្រោងនឹងបញ្ចប់ ១០០% នៅចុងខែឧសភាខាងមុខ។

មុនពេលមានស្ពាននេះ ប្រជាពលរដ្ឋត្រូវធ្វើដំណើរឆ្លងកាត់អូរធំដោយប្រើខ្សែរ៉ត ដែលមានហានិភ័យខ្ពស់ ជាពិសេសសម្រាប់សិស្សានុសិស្សដែលត្រូវឆ្លងទៅសាលារៀន។ ដោយហេតុនេះ មន្ទីរជំនាញបានធ្វើការផ្សព្វផ្សាយ និងអប់រំជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ឈប់សកម្មភាពឆ្លងតាមវិធីគ្រោះថ្នាក់នេះ។ លោកអះអាងថា ស្ពានថ្មីនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យមានសុវត្ថិភាព និងងាយស្រួលជាងមុន ព្រមទាំងជួយលើកស្ទួយការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ផងដែរ។

គម្រោងស្ពាននេះត្រូវបានរំពឹងថា នឹងក្លាយជាសមិទ្ធផលថ្មីសំខាន់មួយបន្ថែមទៀត ក្នុងការជំរុញការធ្វើដំណើរ និងការដឹកជញ្ជូនឲ្យកាន់តែងាយស្រួល ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទ ក៏ដូចជាសិស្សានុសិស្ស ដែលភាគច្រើនជាជនជាតិដើមភាគតិច ដែលធ្លាប់ប្រឈមនឹងបញ្ហាក្នុងការធ្វើដំណើរនៅរដូវវស្សា៕
ដោយ៖ រៀម សុខហេង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


