Connect with us

ព័ត៌មានជាតិ

​ដីសម្បទាន​សេដ្ឋកិច្ច​ទាំង ២៧ ក្នុង​ខេត្ត​រតនគិរី​ប្រឈម​ការ​ដកហូត​ បើ​​ក្រុមហ៊ុន​មិន​ពន្លឿនការអភិវឌ្ឍ​ន៍​

បានផុស

នៅ

លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​រតនគិរី បានក្រើន​រំលឹក​​ឲ្យ​ក្រុមហ៊ុនទទួលបាន​ដីសម្បទានសេដ្ឋកិច្ច​ក្នុង​ខេត្ត​រតនគិរីទាំង ២៧ ក្រុមហ៊ុន​ឱ្យ​ពន្លឿន​សកម្មភាព​អភិវឌ្ឍន៍​លើដីរបស់ខ្លួន ខណៈលោកព្រមាន​ថា​អាច​នឹង​មានការ​ដកហូត​ផ្ទៃដីមួយចំនួន​ដើម្បី​ចែក​រំលែក​ឲ្យ​ក្រុមហ៊ុនផ្សេង​អភិវឌ្ឍ​ បើ​មានការ​យឺតយ៉ាវ​ឬ​ការ​វិនិយោគ​មិន​ដំណើរការ​ទៅមុខ។

ឆ្លើយតបសំនួរ​របស់កម្ពុជាថ្មី ក្នុង​ដំណើរទស្សនកិច្ច​របស់ក្រុមអ្នកសារព័ត៌មានទៅ​តំបន់​ភាគ​ឦសាន​កាលពីពេលថ្មីៗកន្លង​ទៅ​នេះ ពាក់ព័ន្ធ​នឹង​ចំណាត់ការ​លើ​ក្រុមហ៊ុន​វិនិយោគដីសម្បទាន​សេដ្ឋកិច្ចនៅក្នុងខេត្តរតនគិរី លោក ញ៉ែម សំអឿន​​ បានបញ្ជាក់​ថា «សម្រាប់ក្រុមហ៊ុនដែលមិនអាចអភិវឌ្ឍទាន់ពេលវេលា អាជ្ញាធរ​ទាមទារ​ឱ្យ​មាន​ការ​ចែករំលែកផ្ទៃដី​ទៅ​កាន់​អ្នក​វិនិយោគ​ផ្សេងទៀត ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ឱ្យ​បាន​លឿន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា អាជ្ញាធរ​កំពុងជំរុញ​យ៉ាង​ខ្លាំងដល់​​ក្រុមហ៊ុន​ដែល​យឺត​យ៉ាវ ប្រសិន​បើ​ក្រុមហ៊ុន​ណា​មួយ​មិនព្រម​ពន្លឿន​សកម្មភាព​ឬ​នៅតែ​យឺតយ៉ាវ អាជ្ញាធរ​បាន​ព្រមាន​ថានឹងប្ដឹង​ទៅ​កាន់​ក្រសួងកសិកម្ម ដែល​ជា​ស្ថាប័ន​ចេញ​អាជ្ញាប័ណ្ណ ដើម្បី​ដក​ហូត​ដី​មក​គ្រប់គ្រង​បែងចែក​ដល់​ក្រុមហ៊ុន​ផ្សេង​យកទៅ​អភិវឌ្ឍ។

«បច្ចុប្បន្ន​បញ្ហា​នេះ​កំពុងស្ថិតក្នុង​ដំណាក់កាល​ជជែកនិង​ចរចា​នៅឡើយ ហើយ​មិនទាន់​មានតួលេខជាក់​លាក់ណាមួយ​អំពីទំហំ​ដីដែលត្រូវចែករំលែកនោះទេ»។ លោក ញ៉ែម សំអឿន បញ្ជាក់។

ពាក់ព័ន្ធ​ផែនការ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ភូមិភាគ​ឦសាន​របស់​រដ្ឋាភិបាល លោកអភិបាល​ខេត្ត​​ក៏​មើលឃើញបញ្ហាប្រឈមមួយគឺ​ខ្វះដីសម្រាប់ការ​វិនិយោគ​។ ហេតុនេះ​ហើយ​ ទើប​លោកប្រាប់ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​ទាំង ២៧ ក្រុមហ៊ុន​ក្នុង​ខេត្ត​ ​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​ឲ្យ​បាន​លឿន បើ​មិន​ដូច្នេះ​ទេ​លោក​​នឹង​មាន​ចំណាត់​ការក្នុង​ការ​ឈាន​ដក​ហូត​ផ្ទៃដី​មួយ​ចំនួន​ទៅ​ឲ្យ​​ក្រុមហ៊ុន​ផ្សេង​ទៀតចូលរួម​​អភិវឌ្ឍ ដើម្បី​ឱ្យដំណើរការ​លឿនទាំងអស់គ្នា។

យ៉ាងណាមិញ បើតាមលោក​អភិបាល​ខេត្ត​ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ទាក់ទង​ជា​លក្ខណៈ​ឯកជន​ស្វែង​រក​ផ្ទៃ​ដី​វិនិយោគ ក្រោម​ការ​​សម្រប​សម្រួល​ពី​រដ្ឋលេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​នៃ​គណៈកម្មការ​ជំរុញ​ការ​វិនិយោគ​ភូមិភាគ​ឦសាន​។

ខេត្ត​រតនគិរីជា​ខេត្ត​គោលដៅ​មួយ​ក្នុង​ផែនការ​ជំរុញ​ការ​វិនិយោគ​ខេត្ត​នៅ​តំបន់​ភាគ​ឦសានរបស់រដ្ឋាភិបាល។ សក្តានុពល​​របស់​ខេត្ត​នេះ​គឺ​វិស័យ​កសិកម្មដោយ​​ខេត្ត​មាន​ផ្ទៃដី​ធំ​ទូលាយ ហើយ​ដី​មាន​ជីវជាតិ​សម្រាប់​ដាំដុះ​ដំណាំ​យុទ្ធសាស្រ្ត​​ដើម្បី​នាំ​ចេញ​។

លោក ញ៉ែម សំអឿន ​បាន​បញ្ជាក់ថា ដំណាំកសិកម្មជាវិស័យបង្គោលដ៏​សំខាន់របស់​ខេត្ត​រតនគិរី ដែលក្នុងនោះដំណាំ​ស្វាយ​ចន្ទី​មានការ​ដាំដុះ​លើផ្ទៃ​ដីប្រមាណ ១០ ម៉ឺនហិកតា កៅស៊ូប្រមាណ ៨ ម៉ឺន​ហិកតា និង​ដំឡូង​មី​ជិត ២ ម៉ឺន​ហិកតា។

ខណៈ​ដែល​ខេត្ត​មាន​ផ្ទៃដីកសិកម្ម​​ធំទូលាយ​ប៉ុន្តែ​​ខ្វះខាតរោងចក្រ​កែច្នៃ ​លោក​ជំរុញ​ឱ្យ​មាន​ការ​វិនិយោគ​លើ​រោងចក្រ​កែ​ច្នៃ​និង​វេចខ្ចប់ ដើម្បី​បង្កើត​តម្លៃ​បន្ថែម​ដល់​សេដ្ឋកិច្ច។

បន្ថែម​ពីនេះ លោក​ក៏​លើក​ទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​ដាំដុះ​​ដាំ​ដំណាំ​សក្តានុពល​មួយ​ចំនួន​ទៀតមាន​​ កាហ្វេ កាកាវ ក៏ដូចជា​​​ទុរេន​ក្នុង​ខេត្ត​រតនគិរី ដោយសារ​លោក​មើលឃើញ​ដំណាំ​ទាំង​នេះ​បច្ចុប្បន្ន​កំពុង​មាន​តម្រូវការ​ខ្ពស់និង​​ទីផ្សារ​ល្អ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម