Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យទ្រទ្រង់ភូមិ ខេត្តរតនគិរី អំពាវនាវអាណាព្យាបាលនាំកូនៗមកទទួលវ៉ាក់សាំងបង្កាជំងឺស្វិតដៃជើង

បានផុស

នៅ

នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៦ មណ្ឌលសុខភាពកាចូន ស្ថិតនៅស្រុកវើនសៃ ខេត្តរតនគិរី បានអនុវត្តយុទ្ធនាការផ្តល់ថ្នាំបន្តក់វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង ជូនកុមារអាយុក្រោម ៥ ឆ្នាំ នៅក្នុងភូមិចំនួន ៦។ ព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនេះ ធ្វើឡើងនៅភូមិទៀមលើ ឃុំកាចូន មានកុមារទទួលវ៉ាក់សាំងសរុប ៤៣ នាក់ ក្នុងនោះស្រី ១៧ នាក់។
ជាមួយគ្នានេះ គ្រូពេទ្យទ្រទ្រង់ភូមិ បានអំពាវនាវដល់អាណាព្យាបាលនាំកូនៗទៅទទួលបានវ៉ាក់បង្កាជំងឺស្វិតដៃជើងឱ្យបានគ្រប់គ្នា ដើម្បីសុខភាពកូនៗទៅថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែង វុទ្ធី មន្ត្រីទទួលបន្ទុកផ្តល់វ៉ាក់សាំង បានបញ្ជាក់ថា យុទ្ធនាការលើកទីមួយនេះ នឹងដំណើរការចាប់ពីថ្ងៃទី ០៤ ដល់ ០៩ ខែមេសា ឆ្នាំ ២០២៦ ដោយបានអនុវត្តរួចរាល់នៅភូមិចំនួន ៥ រួចរាល់ហើយ នៅសល់តែភូមិកាឡឹមមួយទៀត ដែលនឹងបន្តផ្តល់វ៉ាក់សាំងនៅថ្ងៃបន្ទាប់។

យ៉ាងណាមិញ លោកបានឱ្យដឹងថា ការអនុវត្តនេះមានការលំបាកខ្លះៗ ព្រោះអ្នកភូមិជាជនជាតិដើមភាគតិចមួយចំនួនមិនទាន់យល់ដឹងអំពីសារៈសំខាន់នៃវ៉ាក់សាំង និងមិនសូវនាំកូនទៅចាក់វ៉ាក់សាំងទេ ដោយសារតែពួកគេយកកូនតាមខ្លួនទៅចម្ការ។ លោកបន្តថា៖«ដូច្នេះ ក្រុមការងារខ្លះបានចុះទៅដល់តំបន់ចម្ការផងដែរ ដើម្បីផ្តល់វ៉ាក់សាំងឲ្យបានគ្រប់កុមារ និងការពារជំងឺនេះ»។ បច្ចុប្បន្ន កុមារនៅឃុំកាចូនមានប្រមាណ ២៥០ នាក់ ហើយការចាក់វ៉ាក់សាំងសម្រេចបានប្រហែល ៧១.០៤%។

ចំណែកអ្នកស្រី ហ៊ុយ វិតា សមាជិកក្រុមទ្រទ្រង់សុខភាពភូមិ បានឱ្យដឹងថា នៅភូមិទៀមលើ មានកុមារសរុបចំនួន ៤៣ នាក់ ដែលមានអាយុចាប់ពី ០ ឆ្នាំ ដល់ ៥ ឆ្នាំ។ អ្នកស្រីបានបន្ថែមថា ក្នុងចំណោមនោះមានកុមារប្រមាណ ១០ នាក់ មិនទាន់បានទទួលវ៉ាក់សាំង ដោយសារឪពុកម្តាយនាំកូនទៅធ្វើការនៅចម្ការរើសគ្រាប់ចន្ទី ដែលស្ថិតនៅឆ្ងាយពីផ្ទះ។

សូមជម្រាបថា យុទ្ធនាការបន្តក់វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងជាលើកទីមួយដោយឥតគិតថ្លៃនេះ ទទួលបានការគាំទ្រពីដៃគូពហុភាគី រួមមានអង្គការ Gavi, WHO, CHAI និង UNICEF ដែលបង្ហាញពីការប្តេជ្ញាចិត្តជាសកលក្នុងការគាំទ្រដល់ប្រព័ន្ធសុខាភិបាលនៅកម្ពុជា៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម