Connect with us

ព័ត៌មានអន្ដរជាតិ

បារាំងចេញមុខអន្តរាគមន៍ និង​ជំរុញឲ្យ​បញ្ចូលលីបង់ក្នុងកិច្ចព្រមព្រៀងឈប់បាញ់

បានផុស

នៅ

ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់មេដឹកនាំនៃប្រទេសអីរ៉ង់ និងសហរដ្ឋអាមេរិក ដោយ​សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរ គួរតែត្រូវបានគោរព និងអនុវត្ត​ឲ្យ​បានទូលំទូលាយ រាប់បញ្ចូលទាំងនៅក្នុងប្រទេសលីបង់ និងគ្រប់តំបន់ដែលមានការប្រឈមមុខដាក់គ្នាទាំងអស់ ខណៈដែលគ្រាប់បែករបស់អ៊ីស្រាអែលនៅតែបន្តធ្លាក់ស្រោចលើទីក្រុងបេរូតមិនឈប់ឈរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក អេម៉ានូអែល ម៉ាក្រុង (រូបថត៖ REUTERS)

ចុះផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​ទី​៩ខែមេសា​ឆ្នាំ​២០២៦ សារព័ត៌មាន Armen Press បានឲ្យ​ដឹង​ថា អាមេរិក និងអីរ៉ង់ បានព្រមព្រៀងឈប់បាញ់គ្នារយៈពេលពីរសប្តាហ៍កាលពីថ្ងៃអង្គារ ប៉ុន្តែស្ថានភាពជាក់ស្តែងហាក់ផ្ទុយស្រឡះ ខណៈដែលអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងចាស់ដៃបំផុតលើលីបង់ បណ្តាលឲ្យ​មនុស្សជាង ២៥០នាក់បាត់បង់ជីវិតកាលពី​ថ្ងៃពុធ។ ភាពចម្រូងចម្រាសបានកើតឡើងនៅត្រង់ថា អាមេរិក និងអ៊ីស្រាអែលបានអះអាងថា លីបង់មិនមែនជាផ្នែកនៃកិច្ចព្រមព្រៀងឈប់បាញ់ឡើយ ប៉ុន្តែខាងភាគីអីរ៉ង់ និងប្រទេសប៉ាគីស្ថានដែលជាអ្នកសម្របសម្រួល បែរជាបញ្ជាក់ថា សន្តិភាពនេះត្រូវតែគ្របដណ្តប់ដល់ទីក្រុងបេរូតទើបជាការត្រឹមត្រូវ។

នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសស្គីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក ម៉ាក្រុង បានបញ្ជាក់យ៉ាងច្បាស់ថា ការបញ្ចូលប្រទេសលីបង់ទៅក្នុងកិច្ចព្រមព្រៀង គឺជា «លក្ខខណ្ឌចាំបាច់បំផុត» ដើម្បីឲ្យ​បទឈប់បាញ់នេះមានភាពជឿជាក់ និងអាចស្ថិតស្ថេរបានយូរអង្វែង។ លើសពីនេះ លោកក៏បានលើកឡើងថា រាល់កិច្ចព្រមព្រៀងទាំងអស់ ក៏ត្រូវតែដោះស្រាយបញ្ហាព្រួយបារម្ភនានា ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់អីរ៉ង់ រួមទាំងសកម្មភាពបង្កការរំខានដល់ការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ផងដែរ។

ក្រៅពីការពិភាក្សាជាមួយមហាអំណាច លោកប្រធានាធិបតីបារាំងក៏បានជជែកជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីលីបង់ ដោយបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដែលលោកចាត់ទុកថាជាការបាញ់ប្រហារដោយមិនរើសមុខ និងកំពុងគំរាមកំហែងដល់និរន្តរភាពនៃសន្តិភាព។ លោក ម៉ាក្រុង បានប្រកាសជំហរយ៉ាងរឹងមាំតាមរយៈបណ្តាញសង្គម X ថា បារាំងនឹងនៅតែបន្តគាំទ្រអធិបតេយ្យភាពរបស់លីបង់ និងជួយជំរុញដល់ផែនការដកហូតអាវុធពីក្រុមហេសបូឡា ដើម្បីការពារបូរណភាពទឹកដីនៃប្រទេសមួយនេះឲ្យបានគង់វង្ស៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម