Connect with us

ព័ត៌មានជាតិ

កសិករគំរូ ៨ គ្រួសារ ដែលស្ម័គ្រចិត្តរើពីរមណីយដ្ឋានអង្គរទៅរស់នៅរុនតាឯក កំពុងរីករាយទទួលភោគផលកសិកម្ម

បានផុស

នៅ

បន្ទាប់ពីស្ម័គ្រចិត្តចាកចេញពីរមណីយដ្ឋានអង្គរ ចូលមករស់នៅក្នុងក្រុងរុនតាឯកតេជោសែន នាខេត្តសៀមរាប ប្រជា​ពលរដ្ឋមួយចំនួនក៏បានសម្រេចចិត្តចាប់យកមុខរបរកសិកម្ម ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

ជាក់ស្ដែង កសិករគំរូចំនួន ៨ គ្រួសារ កំពុងរីករាយទទួលភោគផលបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ ក្រោយពេលពួកគាត់ទទួលបានការឧបត្ថម្ភគាំទ្រសម្ភារកសិកម្ម និងពូជសត្វ ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងទទួលបានការជួយគាំទ្របច្ចេកទេសពីមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាប្រចាំកន្លែងនោះផ្ទាល់។ រហូតមកដល់ពេលនេះ ពលរដ្ឋមួយចំនួនទទួលបានជោគជ័យលើការងារនេះ និងបន្តពង្រីកមុខរបរកសិកម្មរបស់ខ្លួនឱ្យកាន់តែធំជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកជំទាវ ភឿង សកុណា ចុះសួរសុខទុក្ខនាំអំណោយជូនពលរដ្ឋ

អ្នកស្រី ប្រាក់ សុធារី រស់នៅដីឡូតិ៍លេខ V២៣៨០ ជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំង ៨ ដែលទទួលបានការជួយគាំទ្រ បានឱ្យដឹងថា អស់រយៈពេលជាង៣ ឆ្នាំមកហើយ ដែលអ្នកស្រីបានចូលមករស់នៅក្នុងក្រុងរុនតាឯកតេជោសែន។
ដោយមានវ័យចំណាស់ មិនចង់ចាកចេញទៅឆ្ងាយរកការងារធ្វើ អ្នកស្រីក៏សម្រេចដាំដុះបន្លែបង្ការជុំវិញផ្ទះ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ។ ក្រោយមក អ្នកស្រីទទួលបានការគាំទ្រជាពូជដំណាំ ពូជខ្យង ពូជមាន់ អាងសម្រាប់ចិញ្ចឹមខ្យង និងរោងគ្របដំណាំ ព្រមជាមួយការយកចិត្តទុកដាក់បណ្ដុះបណ្ដាលបច្ចេកទេសពីអាជ្ញាធរជាតិអប្សរា ទើបធ្វើឱ្យអ្នកស្រីអាចទទួលបានជោគជ័យ។

អ្នកស្រីបន្ថែមថា បន្លែដែលបានដាំដុះជុំវិញផ្ទះរួមមាន ស្លឹកខ្ទឹម ជីគ្រប់មុខ ឃ្លោក និងននោង រួមទាំងការចិញ្ចឹមខ្យង និងមាន់ អាចធ្វើជាម្ហូបអាហារប្រចាំថ្ងៃបាន ស្ទើរតែមិនចាំបាច់ទិញពីខាងក្រៅ និងអាចលក់ដូរបានជាបន្តបន្ទាប់ដើម្បីផ្គត់ផ្គង់ជីវភាព។ លើសពីនេះ អ្នកស្រីក៏មានគម្រោងសាងសង់កន្លែងសម្រាប់ចិញ្ចឹមបង្កងបន្ថែមទៀតនាពេលអនាគត។

លោក ស៊ុន កែវពិសី អនុប្រធានអង្គភាពគ្រប់គ្រងភូមិធម្មជាតិរុនតាឯក បានឱ្យដឹងថា អស់រយៈពេល ២ ឆ្នាំមកហើយ ដែលគម្រោងចុះជួយកសិករក្នុងតំបន់នេះបានដំណើរការសាកល្បង ដោយទទួលបានការជួយឧបត្ថម្ភគាំទ្រពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា។ លោកបន្តថា កសិករដែលបានស្ម័គ្រចិត្តទទួលយកចំណេះដឹង និងសម្ភារបច្ចេក​ទេស ទទួលបានជោគជ័យលើការងារដាំដុះ និងចិញ្ចឹមសត្វ ហើយក្លាយជាកសិករគំរូ។ ផលប្រយោជន៍ជាច្រើនដែលកសិករទទួលបាន គឺក្រៅពីមានបន្លែបង្ការសម្រាប់ធ្វើម្ហូប ក៏អាចលក់ដូរយកប្រាក់កម្រៃ ដោយមិនចាំបាច់ទៅរកការងារធ្វើឆ្ងាយពីផ្ទះ ឬធ្វើចំណាកស្រុកឡើយ។

រោងបន្លែ

សូមជម្រាបថា ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជួយជ្រោមជ្រែងដល់ពលរដ្ឋតាមមូលដ្ឋានគោលដៅ ដោយផ្ដោតលើផ្នែកកសិកម្មជាអាទិភាព។ កសិករគំរូទាំង ៨ គ្រួសាររួមមាន៖
១. អ្នកស្រី ប្រាក់ សុធារី (ឡូតិ៍ V២៣៨០)
២. អ្នកស្រី ទិត្យ ផា (ឡូតិ៍ V៣៣៩៩)
៣. អ្នកស្រី ជុំ ស៊ីណាត (ឡូតិ៍ V៣៣៩៨)
៤. អ្នកស្រី ហែម ហាយ (ឡូតិ៍ Y៥៨៣១)
៥. លោក ទួន ឧត្តម (ឡូតិ៍ W៣៨៨០)
៦. លោក សៀង សំអុល (ឡូតិ៍ V៣៣៨០)
៧. លោក ពីន ម៉ាប់ (ឡូតិ៍ V៣២៣៩)
៨. អ្នកស្រី ហាស់ ស្រី (ឡូតិ៍ X៤៥២៥)

ចំពោះសម្ភារកសិកម្មដែលត្រូវបានផ្ដល់ជូនរួមមាន អាងចិញ្ចឹមខ្យង ពូជដំណាំ បន្លែ ដើមឈើហូបផ្លែ ពូជមាន់ រោងគ្របដំណាំ លូផលិតជីកំប៉ុស ចកសូឡា រោងការពារកម្ដៅថ្ងៃ (UV) សម្រាប់ដាំបន្លែលើទឹក ប្រព័ន្ធស្រោចស្រព ទុយោ និងសម្ភារបម្រើការងារកសិកម្មជាច្រើនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម