ព័ត៌មានជាតិ
ជនជាតិជប៉ុន សរសេរសារលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ
(ប្រទេសជប៉ុន) ៖ ជនជាតិជប៉ុន បានសរសេរសារលើកទឹកចិត្ត និងសម្តែងនូវសេចក្តីនឹករលឹកជូនដល់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ ក្នុងអំឡុងពេលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ កាលពីថ្ងៃអាទិត្យ ទី ១២ ខែមេសា ឆ្នាំ ២០២៦។


ជនជាតិជប៉ុនដែលបានមកចូលរួមកម្សាន្តក្នុងអំឡុងដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានសរសេរសារលើកទឹកចិត្ត និងសម្តែងនូវសេចក្តីនឹករលឹកជូនដល់វីរកងទ័ពកម្ពុជាកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ។


កម្មវិធីនេះបានប្រព្រឹត្តទៅនៅសួន Keyaki ទីក្រុងយូគិ ខេត្តអ៊ីបារ៉ាគិ ប្រទេសជប៉ុន ក្រោមអធិបតីភាព លោក ហាំង តុលា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី និងពលករសរុបប្រមាណជិត ៥ ០០០ នាក់។


ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋលេខាធិការ បានពាំនាំនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក៏ដូចជា លោករដ្ឋមន្ត្រី ហេង សួរ ជូនចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុន។


កម្មវិធីសង្ក្រាន្តនេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងតាមទំនៀមទម្លាប់សាសនា រួមមាន ពិធីបង្សុកូល រាប់បាត្រ ស្រង់ព្រះ និងពូនភ្នំខ្សាច់។ ទន្ទឹមនឹងនោះ ក៏មានការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ ដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែងជាដើម។


លើសពីនេះ កម្មវិធីក៏បានរៀបចំពិធីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងការបួងសួងសុំសន្តិភាពសម្រាប់មាតុភូមិកម្ពុជា។ ជាមួយគ្នានោះ ក៏មានដាក់ស្តង់ “មូលនិធិជូនដល់វីរកងទ័ព និងប្រជាជនភៀសសឹក” ដើម្បីឱ្យអ្នកចូលរួមអាចសរសេរសារលើកទឹកចិត្ត និងសម្តែងនូវសេចក្តីនឹករលឹកជូនដល់វីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ។
បន្ថែមពីលើសកម្មភាពកម្សាន្ត ក៏មានការដាក់បង្ហាញស្តង់ម្ហូបអាហារ និងផលិតផលខ្មែរ រួមជាមួយផ្ទាំងទស្សនីយភាពសិល្បៈ ដូចជា របាំជូនពរ របាំត្រុដិ និងការរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ។ កម្មវិធីនេះសម្រេចទៅបានដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA សមាគមមិត្តយើង សមាគមកម្ពុជា-ជប៉ុន គិបូ និងសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន។
គួរបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំកម្មវិធីសង្ក្រាន្តនៅតាមបណ្តាប្រទេសដែលមានពលករខ្មែររស់នៅ។ សម្រាប់ឆ្នាំ ២០២៦ នេះ ពិធីបុណ្យចូលឆ្នាំត្រូវបានរៀបចំឡើងនៅ ១៣ ទីតាំងផ្សេងៗ គ្នា ទូទាំងប្រទេសជប៉ុន ដែលក្នុងនោះ កម្មវិធីសង្ក្រាន្ដខ្មែរនៅខេត្តអ៊ីបារ៉ាគិ គឺជាព្រឹត្តិការណ៍ដ៏ធំជាងគេបំផុត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


