Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គំរាមដាក់ណាតូ​ ក្រោម«ការពិនិត្យយ៉ាងតឹងរ៉ឹង» ក្រោយសម្ព័ន្ធមិត្តមិនគាំទ្រសង្គ្រាមប្រឆាំងអ៊ីរ៉ង់

បានផុស

នៅ

ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងការខកចិត្តយ៉ាងខ្លាំងម្ដង​ទៀត​ចំពោះអង្គការណាតូ កាលពីយប់ថ្ងៃអាទិត្យ​ទី​១២​ខែមេសា​ឆ្នាំ​២០២៦ ដោយប្រកាសថា អង្គការនេះនឹងត្រូវទទួលរងនូវ «ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត» បន្ទាប់ពីបរាជ័យក្នុងការគាំទ្រសហរដ្ឋអាមេរិកក្នុងអំឡុងពេលជម្លោះជាមួយអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ REUTERS)

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Anadolu ថ្លែងទៅកាន់អ្នកសារព័ត៌មានពេល​ទៅ​ដល់មូលដ្ឋាន Andrews ក្នុងរដ្ឋ Maryland លោកត្រាំ បាននិយាយថា «ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងចំពោះណាតូ។ ពួកគេមិននៅទីនោះសម្រាប់យើងទេ។ យើងបានចំណាយថវិកាអស់រាប់ទ្រីលានដុល្លារសម្រាប់ណាតូ ប៉ុន្តែនៅពេលដែលយើងត្រូវការ ពួកគេបែរជាមិនបង្ហាញវត្តមានទៅវិញ»។ លោកត្រាំ បានបញ្ជាក់បន្ថែមថា ឥឡូវនេះនៅពេលដែលស្ថានភាពស្ងប់ស្ងាត់បន្តិច ពួកគេបែរជាចង់ចេញមុខចេញមាត់​មកវិញ ខណៈ​​លែង​មាន​​ការគំរាមកំហែងធំដុំអ្វី​​ទៀតហើយ។

លោកប្រធានាធិបតីក៏បានចោទសួរអំពីភាពចាំបាច់ និងគោលបំណងរបស់អង្គការនេះ ដោយកត់សម្គាល់ថា លោកបានយល់ឃើញយូរមកហើយថា រចនាសម្ព័ន្ធរបស់ណាតូគឺមិនសូវសមហេតុផល។ ការលើកឡើងរបស់លោកត្រាំ បានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយដៃគូរបស់ខ្លួន ដោយលោកបានសង្កត់ធ្ងន់ថា ទោះបីជាពេលនេះ ណាតូ​កំពុងព្យាយាមចូលរួមចំណែកក៏ដោយ ក៏តួនាទី និងការប្តេជ្ញាចិត្តនាពេលអនាគតរបស់អង្គការនេះចំពោះសហរដ្ឋអាមេរិក នឹងត្រូវស្ថិតក្រោមការពិនិត្យយ៉ាងតឹងរ៉ឹងចាប់ពីពេលនេះតទៅ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម