Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី និងអភិបាលរាជធានីដឹកនាំអញ្ជើញប្រារព្ធពិធីវេរភត្តប្រគេនព្រះសង្ឃ និងពូនភ្នំខ្សាច់នៅវត្តភ្នំ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍នគរសង្រា្កន្ត ឆ្នាំ២០២៦ បានដឹកនាំប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវទេសចរអន្តរជាតិ អញ្ជើញប្រារព្ធពិធីវេរភត្តប្រគេនព្រះសង្ឃ និងវាលុកចេតិយ (ពូនភ្នំខ្សាច់) នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីពូនភ្នំខ្សាច់ គឺជាកិច្ចពិធីមួយ ដែលពុទ្ធបរិស័ទនៅក្នុងប្រទេសកម្ពុជា តែងតែនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយ នៅតាមគ្រប់ទីវត្តអារាម នៅពេលមានពិធីបុណ្យចូលឆ្នាំខ្មែរ។ ពីនេះធ្វើឡើងក្នុងជំនឿផ្តាច់នូវកម្មពៀរ ហើយទទួលមកវិញ នូវបុណ្យកុសលនៅជាតិនេះ និងជាតិខាងមុខ។

តាមទំនៀមទម្លាប់ខ្មែរ ពិធីពូនភ្នំខ្សាច់ តែងតែត្រូវបានរៀបចំជាប់នៅរដូវបុណ្យចូលឆ្នាំខ្មែរ ខណៈដែលនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គេសង្កេតឃើញថា នៅតាមទីវត្តអារាមនានា នៅទូទាំងប្រទេស បានរៀបចំជាគំនរខ្សាច់ មានរាងដូចជាកូនភ្នំតូចៗ ចំនួនពី ៣ ទៅ ៥កូនភ្នំ ដែលតំណាងឱ្យភ្នំខ្សាច់ ហើយដាក់នៅលើថាសឬលើតុ។

សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត »រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ដោយមានកម្មវិធីបង្ហាញ ទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹង ចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញ ផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង ដើម្បីបង្កលក្ខណៈឱ្យតំបន់នេះ មានភាពសប្បាយរីករាយ ថែមទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម