ព័ត៌មានជាតិ
ខ្យងចំពុះទាជាង ៣ តោន តាំងបង្ហាញដល់ប្រជាពលរដ្ឋ និងអ្នកទេសចរបានភ្លក់រសជាតិ
ខ្យងចំពុះទាជាង ៣ តោន ស្ងោរហើយ យកមកតាំងបង្ហាញដើម្បីឱ្យពលរដ្ឋ និងអ្នកទេសចរបានភ្លក់រសជាតិនៅមុខអគារដ្ឋបាលខេត្តកោះកុង ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ឆ្នាំនេះ រដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលស្រុកមណ្ឌលសីមា ចាប់យកផលិតផលមានជាខ្យងចំពុះទាប្រមាណជាង ៣ តោន ដែលស្ងោរហើយដឹកជញ្ជូនចេញតាមរថយន្តមកពីមូលដ្ឋានឃុំពាមក្រសោប យកមកតាំងបង្ហាញដល់ប្រជាពលរដ្ឋ និងអ្នកទេសចរបានភ្លក់រសជាតិនៅមុខអគារដ្ឋបាលខេត្តកោះកុង។

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានឲ្យដឹងនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ ថា ខ្យងចំពុះទា ជាធនធានជលផលដ៏មានសក្តានុពលប្រភពចំណូលមួយសម្រាប់ប្រជាសហគមន៍ឃុំពាមក្រសោប ខេត្តកោះកុង និងទាក់ទាញជូនភ្ញៀវទស្សនាកម្សាន្តបែបធម្មជាតិ។

លោកអភិបាលស្រុកមណ្ឌលសីមា បន្ថែមទៀតថា ខ្យងចំពុះទា ជាអាហារមួយប្រចាំនៅខេត្តកោះកុងដែលស្ងោរជ្រលក់ជាមួយទឹកត្រីកោះកុងហូប ឆាក្រៀម ឆាកែងហឹរៗ និងច្នៃជាម្ហូបបានច្រើនមុខតាមចំណង់ចំណូលចិត្តអ្នកពិសារ។ ប្រជាអ្នកនេសាទប្រមូលផលខ្យងចំពុះទានៅសមុទ្រទឹករាក់គ្រប់គ្រងដោយសហគមន៍ព្រៃកោងកាងពាមក្រសោប។ រដូវទាញយកផលចំណេញពីទិន្នផលខ្យងចំពុះទាផ្តើមពីខែតុលា ដល់ខែឧសភា ជារៀងរាល់ឆ្នាំ។ ខ្យងចំពុះទាជាជីវៈចម្រុះកកើតឡើងវិញ គ្រាន់តែចំណោយថវិកាច្រើនបន្តិចដើម្បីទិញបង្គោលយកទៅដាំជម្រៅពី ៥ ម៉ែត្រ ទៅ ១០ ម៉ែត្រ ពីផ្ទៃទឹកសមុទ្រ ហើយរុំទៃសជុំវិញបង្គោលនីមួយៗ តាមរយៈការយកកូនខ្យងមកទុំព័ទ្ធរហូតដល់ពេលធំធាត់ប្រមូលផលតែម្តង។

លោក នូ ម៉ៅ ពលរដ្ឋមកពីខេត្តតាកែវ និងអ្នកស្រី ជៀម សុខុន ពលរដ្ឋមកពីខេត្តកំពត ដែលមកលេងកម្សាន្តទីតាំងសង្រ្កាន្តឆ្នាំថ្មីមុខសាលាខេត្ត យល់ថា ការដាក់ឱ្យភ្លក់រសជាតិអាហារ មានជាខ្យងចំពុះទា ពិតជាល្អប្រសើរ ដើម្បីផ្សព្វផ្សាយពីសក្តានុពលធនធានជលផលដែលកំពុងមាននៅក្នុងខេត្តឱ្យមហាជនបានស្គាល់។

ពលរដ្ឋជាអ្នកទេសចរក្នុងស្រុក បន្តថា ពួកគាត់ចង់ឱ្យអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ បន្តផ្សព្វផ្សាយពីសក្តានុពលផលិតផលដែលជាអត្តសញ្ញាណរបស់ខេត្តបន្តទៀត ក្នុងគោលបំណងទាក់ទាញទីផ្សារលក់ចេញផលិតផលទាំងនោះបានកាន់តែច្រើន និងលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋមូលដ្ឋាន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


