ព័ត៌មានជាតិ
រោងចក្រផលិតជីធំៗក្នុងស្រុក រួមចំណែកកាត់បន្ថយជីនាំចូល ជួយសេដ្ឋកិច្ចជាតិរាប់លានដុល្លារក្នុងមួយឆ្នាំៗ
ក្រៅពីជីនាំចូល កម្ពុជាក៏មានសមត្ថភាពផលិតជីក្នុងស្រុកសម្រាប់បម្រើលើវិស័យកសិកម្ម ដែលបានរួមចំណែកកាត់បន្ថយការខាតបង់សេដ្ឋកិច្ចជាតិរាប់លានដុល្លារក្នុងមួយឆ្នាំៗពីការនាំចូលជីពីបរទេស។
ខាងក្រោមនេះជារោងចក្រផលិតជីធំៗកំពុងដំណើរការខ្សែសង្វាក់ផលិតកម្មក្នុងប្រទេសកម្ពុជា ហើយមួយចំនួនទៀតកំពុងសាងសង់ជាបន្តបន្ទាប់។
ក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឈ័រ
រោងចក្រផលិតជីក្នុងស្រុកមួយនេះ មានសមត្ថភាពផលិតជីធម្មជាតិបានប្រមាណ ១០០ តោន ក្នុងមួយថ្ងៃ ហើយថែមទាំងបានជួយសម្អាតបរិស្ថានសង្គម តាមរយៈការប្រមូលកាកសំណល់មកកែច្នៃឡើងវិញ។
រោងចក្រផលិតជីរបស់ក្រុមហ៊ុន ហ៊ុយ យន់ បានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០១៣ មានទីតាំងស្ថិតនៅឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជីធម្មជាតិដែលក្រុមហ៊ុនផលិតមាន ៣ មុខសំខាន់ៗ ក្នុងនោះមាន ជីគ្រាប់ សម្រាប់ការងារស្រែចម្ការ ជីទឹកធម្មជាតិ និងជីកំបោរកសិកម្ម ដែលភាគច្រើនជីទាំងនេះផលិតចេញពីកាកសំណល់និងលាមកសត្វ ដែលក្រុមហ៊ុនប្រមូលចូលរោងចក្រ។
ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី
អ្នកវិនិយោគកម្ពុជានិងជប៉ុន បានសហការគ្នាបង្កើតរោងចក្រផលិតជីធម្មជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅបរទេស។
ទស្សនៈវិស័យក្នុងដំណើរការរោងចក្រផលិតជីក្នុងស្រុកនេះ គឺដើម្បីចង់ជួយកែប្រែនិងស្ដារគុណភាពដីរបស់កសិករដែលបានខូចខាតដោយសារការប្រើប្រាស់ជីគីមី និងថ្នាំពុលខុសបច្ចេកទេស។ បន្ថែមពីនេះ ក្រុមហ៊ុនចង់ជំរុញឲ្យកសិករកាត់បន្ថយការប្រើប្រាស់ជីគីមីដែលចំណាយលុយច្រើន ហើយងាកមកប្រើជីធម្មជាតិវិញ។

ក្រុមហ៊ុនផលិតជី ផេនដា មែន
ក្រុមហ៊ុន ធាន ម៉ុង បានសម្ពោធដំណើរការអាជីវកម្ម ព្រមជាមួយនឹងរោងចក្រផលិតជីកសិកម្មក្នុងស្រុកម៉ាក ផេនដា មេន (Panda Man) កាលពីឆ្នាំ ២០២៤ ដែលមានទីតាំងរោងចក្រនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
រោងចក្រផលិតជីកសិកម្ម ផេនដា មេន មានសមត្ថភាពផលិតជី អិនប៉េកា រហូតដល់ទៅ ១៥ ម៉ឺនតោនក្នុងមួយឆ្នាំ និងជីទឹកចំនួន ៣ ម៉ឺនតោនក្នុងមួយឆ្នាំ។
ក្រុមហ៊ុន ធានម៉ុង ជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ដែលផ្ដួចផ្ដើមឡើងដោយស្ថាបនិកជាជនជាតិខ្មែរ និងចិនរួមគ្នា ដោយផ្ដោតលើការស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្គត់ផ្គង់ជីគីមី និងជីទឹក សម្រាប់ផលិតកម្មកសិកម្មនៅកម្ពុជា។
ផលិតផលជី ផេនដា មេន របស់ក្រុមហ៊ុនមានដូចជា ជីអ៊ុយរ៉េ ដេអាប៉េ កាលី និងអិនប៉េកា (NPK) ជាដើម។

ក្រុមហ៊ុនផលិតជីកសិកម្មវីរៈ ប៊ុនថាំ
រោងចក្រផលិតជីរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ សាងសង់នៅលើផ្ទៃដីទំហំប្រមាណ ១០ ហិកតា ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ដោយសាងកេរ្តិ៍ឈ្មោះដំបូងតាមរយៈអាជីវកម្មក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុនវីរៈ ប៊ុនថាំ បានវិវឌ្ឍចូលរួមអភិវឌ្ឍន៍លើវិស័យកសិកម្ម ដោយឈានទៅបើកដំណើរការរោងចក្រផលិតជីបន្ថែម។

រោងចក្រដែលមានស្ថាបនិកជាជនជាតិខ្មែរនេះ មានសមត្ថភាពផលិតជីបានប្រមាណ ២០០ តោនក្នុងមួយថ្ងៃ ដូចជាជីសរីរាង្គ ជីលាមកជន្លេន និងជីទឹក។
បើតាមប្រភពពីក្រុមហ៊ុន មុនបញ្ចេញលក់ចែកចាយជាផ្លូវការ ជីរបស់ក្រុមហ៊ុនខ្មែរនេះបានយកទៅសាកល្បងប្រើប្រាស់នៅលើដំណាំជាច្រើនប្រភេទដូចជាស្រូវ ស្វាយ ទុរេន ដោយទទួលបានលទ្ធផលល្អ មិនបង្កប៉ះពាល់ដល់គុណភាពដីនោះឡើយ។
ក្រៅពីរោងចក្រផលិតជីសរីរាង្គ ក្រុមហ៊ុនក៏គ្រោងសាងសង់រោងចក្រផលិតជីគីមីបន្ថែមទៀតនាពេលខាងមុខ។
ក្រុមហ៊ុន husk venture
ក្រុមហ៊ុន Husk Ventures ជាក្រុមហ៊ុនវិនិយោគពីបរទេសមានមូលដ្ឋានផលិតកម្មនៅខេត្តកំពង់ធំ។ ក្រៅពីផលិតជីកសិកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ក្រុមហ៊ុនក៏បាននាំចេញទៅប្រទេសមួយចំនួន ខណៈនៅឆ្នាំ ២០២៤ ក្រុមហ៊ុនបាននាំចេញជោគជ័យផលិតផលជីសរីរាង្គចំនួន ៣០០ តោន ទៅកាន់ប្រទេសវៀតណាម។

ក្រុមហ៊ុនបានដាក់ផែនការពង្រីកទីផ្សារក្នុងស្រុក និងក្រៅស្រុកបន្ថែមទៀត ហើយក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនបានទិញឧបករណ៍ថ្មីក្នុងផែនការជំរុញការផលិតជីសរីរាង្គឱ្យបាន ១០ ០០០ តោន។
ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាជួយក្រុមហ៊ុនអាចលក់កាបោន ដែលកើតចេញពីការផលិតជីសរីរាង្គនៅលើទីផ្សារអន្តរជាតិបានទៀតផង។
ក្រុមហ៊ុនសុជាតិយ៉ាខ្មែរកសិកម្ម
នៅខេត្តកំពង់ស្ពឺ ក្រុមហ៊ុនសុជាតិយ៉ាខ្មែរកសិកម្ម បានបង្កើតខ្សែច្រវាក់ផលិតកម្មរោងចក្រផលិតជីសរីរាង្គដែលមានទីតាំងនៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅឆ្នាំ២០២៤។ បច្ចុប្បន្នក្រុមហ៊ុនផលិតជីធម្មជាតិពីរប្រភេទ គឺទី១ ប្រភេទជីម្សៅ និងទី២ ជាប្រភេទជីគ្រាប់។
ឆ្នាំ ២០២៥ ក្រុមហ៊ុនបានបំពាក់ខ្សែច្រវាក់ផលិតកម្មបន្ថែម ដើម្បីផលិតជីធម្មជាតិឱ្យកើនដល់ ២០០ ទៅ ៣០០ តោនក្នុងមួយថ្ងៃ សម្រាប់ចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងចូលរួមលើកកម្ពស់ជីវភាពកសិករនៅតាមតំបន់ជនបទ។

ក្រុមហ៊ុនផលិតជីកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី
ក្រៅពីរោងចក្រផលិតចំណីសត្វ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានចាប់ផ្តើមសាងសង់រោងចក្រផលិតជីធម្មជាតិទាញប្រភពពីលាមកជ្រូក មាន់ ទា ដែលមានទីតាំងនៅតំបន់អភិវឌ្ឍសែនជ័យ មានចម្ងាយផ្លូវធ្វើដំណើរប្រហែលមួយម៉ោងពីរាជធានីភ្នំពេញ។
ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចតំបន់អភិវឌ្ឍកសិឧស្សាហកម្មនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហើបពីផែនការក្នុងការសាងសង់រោងចក្រផលិតជីធម្មជាតិ ខណៈដែលគ្រឿងចក្រនិងឧបករណ៍សម្រាប់ដំឡើងបានមកដល់អស់ហើយ។
បើតាមអ្នកឧកញ៉ា គម្រោងសាងសង់រោងចក្រផលិតជីធម្មជាតិបន្ថែមនេះ មានគោលបំណងទាញយកសំណល់ចេញពីការចិញ្ចឹមសត្វ និងផលិតផលផ្សេងៗទៅកែច្នៃផលិតជាជីធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាន និងចែកចាយដល់កសិករប្រើប្រាស់លើផលដំណាំ។

បើតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមបំណាច់ឆ្នាំ ២០២៥ រោងចក្រផលិតជីកសិកម្មក្នុងប្រទេសកម្ពុជាមានចំនួន ២៥ ក្រុមហ៊ុន ជាមួយសមត្ថភាពអាចផលិតបានចំនួន ១៨ ម៉ឺនតោនក្នុងមួយឆ្នាំ៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


