ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល និងលីបង់ ព្រមព្រៀងពន្យារពេលបទឈប់បាញ់ ៤៥ថ្ងៃទៀត
បន្ទាប់ពីមានការចរចាគ្នាយ៉ាងស្វិតស្វាញនៅក្នុងទីក្រុងវ៉ាស៊ីនតោន ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក ប្រទេសអ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងគ្នា ក្នុងការពន្យារពេលបទឈប់បាញ់បន្ថែមចំនួន ៤៥ថ្ងៃទៀត។

ក្រសួងការបរទេសអាមេរិក បានពណ៌នាការជជែកគ្នានេះថា មានលក្ខណៈ «វិជ្ជមាន និងទទួលបានផ្លែផ្កា» ខណៈដែលក្រុមអ្នកការទូត កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទប់ស្កាត់កុំឱ្យមានការផ្ទុះសង្រ្គាមឡើងវិញ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមខ្មាន់កាំភ្លើងហេសប៊ូឡា (Hezbollah) ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍កាលពីថ្ងៃទី១៥ ខែឧសភា ថា ការព្រមព្រៀងពន្យារពេលនេះ ធ្វើឡើងបន្ទាប់ពីមានការចរចាអស់រាប់សប្តាហ៍ រវាងមន្ត្រីអាមេរិក អ៊ីស្រាអែល និងលីបង់ ក្នុងគោលបំណងរក្សាស្ថិរភាពនៅតាមបណ្តោយព្រំដែន ក្រោយពីមានអំពើហិង្សាកើនឡើងកម្តៅយ៉ាងខ្លាំង ជាច្រើនខែកន្លងមក។ ជម្លោះនេះ បានចាប់ផ្តើមរីករាលដាលខ្លាំង កាលពីដើមឆ្នាំ២០២៦ នេះ នៅពេលដែលក្រុមហេសប៊ូឡា បានបើកការវាយប្រហារ ដែលមានការទាក់ទងនឹងជម្លោះក្នុងតំបន់ ជាមួយប្រទេសអ៊ីរ៉ង់។ សកម្មភាពនេះ បានធ្វើឱ្យអ៊ីស្រាអែលវាយបកវិញ ដោយបង្កើនការវាយប្រហារតាមផ្លូវអាកាស និងបើកប្រតិបត្តិការយោធាយ៉ាងធំធេងនៅភាគខាងត្បូងប្រទេសលីបង់ និងនៅក្បែរទីក្រុងបេរូត។ ខាងភាគីអ៊ីស្រាអែល បានអះអាងថា យុទ្ធនាការយោធារបស់ខ្លួន គឺធ្វើឡើងដើម្បីបញ្ឈប់ការវាយប្រហារដោយគ្រាប់រ៉ុកកែត និងដ្រូនរបស់ក្រុមហេសប៊ូឡា ក៏ដូចជាដើម្បីបង្កើតសន្តិសុខរយៈពេលវែង នៅតាមព្រំដែនភាគខាងជើងរបស់ខ្លួន។
ដោយឡែក ខាងភាគីមន្ត្រីលីបង់វិញ បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើអធិបតេយ្យភាពរបស់លីបង់ជាញឹកញាប់ និងបានបន្តការវាយប្រហារយោធា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ពីមុនៗក៏ដោយ។
គួររំលឹកផងដែរថា បទឈប់បាញ់រយៈពេល ១០ថ្ងៃដំបូង ដែលសម្របសម្រួលដោយអាមេរិក បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១៦ ខែមេសា បន្ទាប់ពីការចរចានៅទីក្រុងវ៉ាស៊ីនតោន មិនអាចឈានទៅដល់កិច្ចព្រមព្រៀងរយៈពេលវែងភ្លាមៗបាន។ បន្ទាប់មក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពន្យារពេលរយៈពេល ៣សប្តាហ៍បន្ថែមទៀត ដោយសារតែក្រុមអ្នកចរចាមិនទាន់អាចរៀបចំកិច្ចព្រមព្រៀងឱ្យបានទូលំទូលាយ។ ទោះបីជាមានបទឈប់បាញ់នេះក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអ៊ីស្រាអែល និងហេសប៊ូឡា បានចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នករំលោភលើកិច្ចព្រមព្រៀងសន្តិភាព។
យោងតាមរបាយការណ៍ សង្រ្គាមលើកនេះ បានបណ្តាលឱ្យមនុស្សជិត ២ ៩០០នាក់ស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេសលីបង់ ខណៈដែលប្រជាពលរដ្ឋជាង ១លាននាក់ ត្រូវបង្ខំចិត្តរត់ភៀសខ្លួនចេញពីផ្ទះសម្បែង។ លោកនាយករដ្ឋមន្ត្រីលីបង់ Nawaf Salam បានអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីភាគខាងត្បូងលីបង់ និងការដោះលែងអ្នកទោសលីបង់ទាំងអស់។ រីឯមន្ត្រីអ៊ីស្រាអែលវិញ នៅតែបន្តដាក់សម្ពាធឱ្យមានការរំសាយអាវុធរបស់ក្រុមហេសប៊ូឡា និងទាមទារឱ្យមានការធានាសន្តិសុខឱ្យបានរឹងមាំជាងមុននៅជិតតំបន់ព្រំដែន។ ការពន្យារពេលបទឈប់បាញ់ ៤៥ថ្ងៃជាថ្មីនេះ គឺធ្វើឡើងដើម្បីរក្សាភាពស្ងប់ស្ងាត់ជាបណ្តោះអាសន្ន ខណៈដែលក្រុមអ្នកចរចាអាមេរិកបន្តធ្វើការងារ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងធំមួយ ក្នុងគោលបំណងបញ្ចប់ជម្លោះទាំងស្រុងជាផ្លូវការ និងការពារកុំឱ្យមានសង្រ្គាមរាលដាលពាសពេញតំបន់មជ្ឈិមបូព៌ាទាំងមូល៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


