Connect with us

ព័ត៌មានអន្ដរជាតិ

វ៉េណេស៊ុយ​អេ​ឡា​ នឹង​ដោះ​លែង​អ្នក​ទោស ៣០០​នាក់​​​ទៀត ក្រោយ​ដោះ​លែង​​ច្រើន​នាក់​

បានផុស

នៅ

ប្រទេសវ៉េណេស៊ុយអេឡា លើក​ឡើង​កាលពីថ្ងៃអង្គារថា ខ្លួន​គ្រោង​ដោះលែង​អ្នកទោស​ចំនួន ៣០០នាក់​ នៅសប្តាហ៍នេះ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​មនុស្សធម៌ ហួសពី​វិសាលភាព​នៃច្បាប់​លើកលែង​ទោសថ្មី។ យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​តួកគី Anadolu ផ្សាយ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ លោក Jorge Rodriguez ប្រធាន​រដ្ឋ​សភាវ៉េណេស៊ុយអេឡា​ បាន​ប្រកាសពីការសម្រេច​ចិត្តនេះ អំឡុងសម័យប្រជុំមួយ​នៅវិមាននីតិបញ្ញត្តិ​ក្នុងរដ្ឋធានីការ៉ាកាស​។

លោក Jorge Rodriguez ប្រធាន​រដ្ឋ​សភាវ៉េណេស៊ុយអេឡា​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rodriguez សង្កត់ធ្ងន់ថា៖ « ការសម្រេចចិត្តនេះ[ដោះ​លែង​អ្នក​ទោស​​] នឹង​​ផ្តល់អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​លើស​ពី ៦០ និង ៧០ឆ្នាំ អនីតិជន ស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូន និង​អ្នកដែលមានជំងឺប្រចាំកាយ​»។

លោក​ ​មាន​ប្រសាសន៍​ថា វិធានការ​​ខាង​លើ​​គឺ​ផ្អែក​លើ​លក្ខណៈ​​វិនិច្ឆ័យ​​មនុស្សធម៌​យ៉ាង​​តឹងរ៉ឹង​ ដោយ​គិតគូរ​ពី​កត្តា​​អាយុ និង​ស្ថានភាព​​សុខ​ភាព​រ៉ាំរ៉ៃ​។

ក្រុម​ប្រឆាំង និង​​អង្គការ​សិទ្ធិ​មនុស្ស​​អះអាង​ថា ការ​កាត់​ក្តី​​អ្នកទោស​​គឺ​​មិន​យុត្តិធម៌ ហើយ​​បុគ្គល​ទាំងនោះ​​កំពុង​ត្រូវ​បាន​ឃុំខ្លួន​​ដោយសារ​​ហេតុផល​​នយោបាយ។

កាលពីសប្តាហ៍​មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោន​នឹងធានាការដោះលែង​អ្នកទោស​នយោបាយ​ដែល​នៅសេសសល់ទាំងអស់​នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ លោក ត្រាំ ប្រាប់អ្នកយកព័ត៌មានថា៖ « យើងនឹងដោះលែង​ពួកគេ​ទាំងអស់គ្នា! ដូចដែល​អ្នកបាន​ដឹងអ៊ីចឹង​​ យើង​បានដោះលែងអ្នក​ទោសនយោបាយជា​ច្រើនរួចហើយ ហើយអ្នកដែលនៅសល់ក៏នឹង​ត្រូវ​បានដោះលែងផងដែរ»។

ដោយ​ឡែក​កាល​ពី​ខែ​មករា អ្នកតាក់តែងច្បាប់របស់ប្រទេសវ៉េណេស៊ុយអេឡារាយការណ៍​ថា មនុស្ស​រាប់​ពាន់នាក់ ចាប់​តាំង​ពីការដោះលែងដោយ​ផ្ទាល់រាប់រយ​នាក់ រហូតដល់ជាង ៨០០០នាក់ រួមទាំងការដោះលែង​ដែល​ទទួលអត្ថប្រយោជន៍​ពីច្បាប់លើកលែង​ទោសថ្មីមួយ​ត្រូវបានអនុម័ត​។

ចំណែក​ អ្នកឃ្លាំមើលឯករាជ្យ និង​ក្រុមសិទ្ធិមនុស្ស Foro Penal ​បញ្ជាក់ថា អ្នកទោសជិត ៨០០នាក់​ ត្រូវបានដោះលែង ខណៈអ្នក​ទោសនយោបាយរាប់រយនាក់ទៀតនៅតែជាប់ពន្ធនាគារ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម