Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ ជាង១មុឺនបណ្ណ ក្នុងស្រុកកៀនស្វាយ

បានផុស

នៅ

លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចូលរួមចែកចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុប ១២,៧៥២បណ្ណ ជូនពលរដ្ឋ នៅបរិវេណសាលាស្រុកកៀនស្វាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋមានចំនួន ១៣ភូមិ រួមមាន៖ ភូមិពោធិ៍មៀវ ភូមិគគីរធំ ភូមិគគីរធំ២ ភូមិរាំងដេក ភូមិរាំងដេក២ ស្ថិតក្នុងឃុំគគីធំ និងភូមិចន្លក់ ភូមិចន្លក់ក្រៅ ភូមិទួលក្របៅ ភូមិទួលត្នោត ភូមិគគីរ ភូមិដូនស ភូមិទួលដួង ភូមិតារាបជូនស ស្ថិតឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ស្រុកកៀស្វាយបានបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធរួចរាល់ហើយ តែការចែកបណ្ណប្រជាពលរដ្ឋមិនទាន់មកយកបានគ្រប់គ្នានៅឡើយទេ ដូច្នេះមន្ត្រីជំនាញ និងអាជ្ញាធរស្រុកត្រូវបន្តខិតខំរកកវិធីសាស្ត្រ ដើម្បីឱ្យម្ចាស់កម្មសិទ្ធិដីធ្លី រួសរាន់មកទទួលយកបណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួន សម្រាប់ប្រើប្រាស់ស្របទៅតាមច្បាប់ឱ្យបានគ្រប់ៗគ្នា។ បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបានកម្មសិទ្ធិដីធ្លីទាំងអស់ សូមអញ្ជើញមកទទួលយកប័ណ្ណពីមន្ត្រីសូរិយោដី និងមន្ត្រីច្រកចេញចូលតែមួយ ស្ថិតក្នុងស្រុកកៀនស្វាយ ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនាថ្ងៃនេះ មេត្តាជួយផ្សព្វផ្សាយ និងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតឱ្យអញ្ជើញមកទទួលបានប័ណ្ណកម្មសិទ្ធិពីការិយាល័យច្រកចេញតែមួយស្រុកឱ្យបានគ្រប់ៗគ្នាផងដែរ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

ដោយឡែក ចំពោះអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ លោក គូច ចំរើន បានក្រើនរំលឹក ដាច់ខាតមិនត្រូវចុះហត្ថលេខាបញ្ជាក់ឯកសារផ្សេងៗពាក់ព័ន្ធនិងរឿងដីធ្លីជូនប្រជាពលរដ្ឋ ក្រៅពីប័ណ្ណកម្មសិទ្ធិដីធ្លីដែលបានចុះបញ្ជីរួចហើយនោះទេ អាជ្ញាធរត្រូវទទួលស្គាល់តែបណ្ណកម្មសិទ្ធតែមួយគត់ប៉ុណ្ណោះ ជៀសវាងបង្កភាពស្មុគស្មាញ និងបង្កើតបញ្ហាផ្សេងៗ ពាក់ព័ន្ធនិងរឿងដីធ្លីតទៅទៀត បើមន្ត្រីណានៅតែបន្តចុះហត្ថលេខាទៀត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ក្នុងនោះផងដែរលោក អភិបាល បានលើកទឹកចិត្ត ដល់រដ្ឋបាលស្រុកកៀនស្វាយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សូមបន្តយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ សាធារណៈ ដីចំណីផ្លូវ ដើម្បីបង្ការនូវគ្រោះថ្នាក់ចរាចរណ៍ និងលើកសោភ័ណភាពតាមដងផ្លូវ។ ជាងនេះទៅទៀត អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារស្រុក និងសហគមន៍ក្នុងមូលដ្ឋានទាំងមូល សូមផ្តល់ការចាប់អារម្មណ៍ រួមគ្នាកាត់បន្ថយ លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ដោយត្រូវចេះក្តាប់កំណត់មុខសញ្ញាគ្រួសារងាយរងគ្រោះ រួមគ្នាការពារ បញ្ចៀសអំពើហិង្សាក្នុងគ្រួសារ បញ្ចៀសនូវសោកនាដកម្មដែលអាចកើតមានក្នុងសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម