ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ច្រានចោលសំណើរបស់អាល្លឺម៉ង់ ដែលប្រុងឲ្យអ៊ុយក្រែនត្រឹមតែ «សមាជិកបម្រុង»ប៉ុណ្ណោះ ក្នុង EU
យោងតាមការចុះផ្សាយផ្តាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបដិសេធសំណើរបស់អាល្លឺម៉ង់ ដែលផ្តល់ឋានៈឲ្យអ៊ុយក្រែនត្រឹមជា «សមាជិកបម្រុង ឬសមាជិករង» នៅក្នុងសហភាពអឺរ៉ុប (EU) ដោយលោកលើកឡើងថា ផែនការនេះនឹងធ្វើឲ្យទីក្រុងកៀវ គ្មានសំឡេងសម្រេចអ្វីទាល់តែសោះនៅក្នុងប្លុកមួយនេះ។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានស្នើឲ្យអ៊ុយក្រែន អាចចូលរួមក្នុងកិច្ចប្រជុំនានារបស់សហភាពអឺរ៉ុបបាន ប៉ុន្តែមិនមានសិទ្ធិបោះឆ្នោតឡើយ ដែលនេះជាជំហានបណ្តោះអាសន្នមួយ ឆ្ពោះទៅរកការក្លាយជាសមាជិកពេញសិទ្ធិ ដែលអ៊ុយក្រែនចង់បានជាយូរមកហើយនោះ។ លោកបានវែកញែកថា វិធានការនេះអាចជួយជំរុញកិច្ចប្រឹងប្រែងនានា ដើម្បីបញ្ចប់សង្គ្រាមដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ី។
នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនថ្នាក់ដឹកនាំអឺរ៉ុប ដែលទីភ្នាក់ងារ Reuters បានពិនិត្យនិងផ្ទៀងផ្ទាត់ ប្រមុខមេដឹកនាំអ៊ុយក្រែន បានគូសបញ្ជាក់ថា សំណើនេះមិនបានផ្តល់ឲ្យអ៊ុយក្រែននូវការចូលរួមដ៏មានអត្ថន័យ ក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់សហភាពអឺរ៉ុបនោះឡើយ។
លោកបានសរសេរនៅក្នុងលិខិតនោះថា «វាជារឿងមិនយុត្តិធម៌ទាល់តែសោះ សម្រាប់អ៊ុយក្រែនដែលមានវត្តមាននៅក្នុង EU ប៉ុន្តែបែរជាត្រូវរក្សាភាពស្ងៀមស្ងាត់ និងគ្មានសំឡេងទៅវិញ។ ពេលនេះគឺជាពេលវេលាដ៏សមស្របបំផុត ក្នុងការបោះជំហានទៅមុខ ដើម្បីឲ្យអ៊ុយក្រែនទទួលបានសមាជិកភាពពេញលេញ និងមានអត្ថន័យពិតប្រាកដ»។
លោក ហ្សេលេនស្គី បានលើកឡើងថា ការវិវត្តន៍នយោបាយថ្មីៗនៅក្នុងប្រទេសហុងគ្រី បានបើកផ្លូវឲ្យមានវឌ្ឍនភាពជាថ្មី លើដំណើរការចូលជាសមាជិក EU របស់អ៊ុយក្រែន ជុំវិញការចាកចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី លោក Viktor Orban ដែលកន្លងមកតែងតែប្រឆាំងដាច់ខាតចំពោះការដេញថ្លៃចូលជាសមាជិករបស់ទីក្រុងកៀវ។
លោកក៏បានគូសបញ្ជាក់ទៀតថា អ៊ុយក្រែននៅតែបន្តដើរតួជាអ្នករាំងខ្ទប់ និងការពារសន្តិសុខសម្រាប់អឺរ៉ុប ចំពេលសង្គ្រាមកំពុងបន្តកើតមាន ហើយលោកបានអំពាវនាវឲ្យមានការពន្លឿនវឌ្ឍនភាព លើកិច្ចពិភាក្សាអំពីសមាជិកភាពនេះ។ លោកបានសង្កត់ធ្ងន់ថា «យើងកំពុងការពារអឺរ៉ុបទាំងស្រុង មិនមែនការពារតែមួយផ្នែក ឬការពារពាក់កណ្តាលចិត្ដនោះឡើយ។ អ៊ុយក្រែនសមនឹងទទួលបានវិធីសាស្ត្រដ៏យុត្តិធម៌ និងសិទ្ធិស្មើគ្នានៅក្នុងអឺរ៉ុប»។
គួរបញ្ជាក់ថា អ៊ុយក្រែនបានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប ភ្លាមៗបន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំនៅក្នុងឆ្នាំ២០២២ ហើយត្រូវបានផ្តល់ឋានៈជាប្រទេសបេក្ខភាពផ្លូវការ នៅចុងឆ្នាំដដែលនោះ។ ទោះជាយ៉ាងណា ការចរចាចូលជាសមាជិកភាព គឺតម្រូវឲ្យមានការអនុម័តជាឯកច្ឆន្ទពីបណ្តាប្រទេសជាសមាជិកទាំងអស់ក្នុងដំណាក់កាលជាច្រើន ដែលដំណើរការនេះជារឿយៗត្រូវបានពន្យារពេល ដោយសារតែការខ្វែងគំនិតគ្នាយ៉ាងខ្លាំងផ្នែកនយោបាយនៅក្នុងប្លុក។
រដ្ឋធានីនៃប្រទេសសមាជិក EU មួយចំនួន បានគាំទ្រវិធីសាស្ត្រសមាហរណកម្មជាដំណាក់កាលសម្រាប់អ៊ុយក្រែន រួមទាំងការផ្តល់លទ្ធភាពជាបណ្តើរៗ ចូលទៅកាន់ស្ថាប័ន EU មួយចំនួន មុនពេលផ្តល់សមាជិកភាពពេញលេញ។ ប៉ុន្តែ បណ្តាប្រទេសមួយចំនួនទៀតបានប្រកែករឿងនេះ ដោយលើកឡើងថា រាល់ការរៀបចំទាំងឡាយណាដែលមិនមានសិទ្ធិបោះឆ្នោតពេញលេញ អាចនឹងបង្កើតឲ្យមានការបែកបាក់រចនាសម្ព័ន្ធរយៈពេលវែង នៅក្នុងប្លុកអឺរ៉ុបទាំងមូល៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


