Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ត្រៀមបើកកិច្ច​ប្រជុំដ៏​ធំ​មួយ នៅចុង​ខែក្រោយ

បានផុស

នៅ

កូរ៉េខាងជើង បានប្រកាសថា ខ្លួននឹងរៀបចំកិច្ចប្រជុំពេញអង្គដ៏សំខាន់មួយ នៃគណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាច នា​ចុងខែមិថុនា ខាងមុខនេះ។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការចុះផ្សាយ​នា​ថ្ងៃទី​២៥ ខែ​ឧសភា របស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ការជួបជុំគ្នានាពេលដ៏ខ្លីខាងមុខនេះ ធ្វើឡើង ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យមើលឡើងវិញនូវលទ្ធផលការងារពាក់កណ្តាលឆ្នាំ ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយផ្សេងៗរបស់បក្ស និងរដ្ឋប្រចាំឆ្នាំ២០២៦ ព្រមទាំងពិភាក្សាពីផែនការការងារ សម្រាប់ឆមាសទីពីរ និងដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនទៀត។

ជាទូទៅ ទីក្រុងព្យុងយ៉ាង តែងតែរៀបចំកិច្ចប្រជុំធំៗបែបនេះ​ជាទៀងទាត់ នៅចុងខែមិថុនា និងចុងខែធ្នូ ឬក៏នៅពេលណាដែលមានបញ្ហា​បន្ទាន់ត្រូវសម្រេចចិត្ត។ សម្រាប់កិច្ចប្រជុំដែលជិតចូលមកដល់នេះ ពិភពលោកកំពុងតែតាមដានមើលយ៉ាងអន្ទះសារថា តើកូរ៉េខាងជើងនឹងមានការផ្លាស់ប្តូរគោលនយោបាយធំដុំណាមួយដែរឬទេ ក្នុងការឆ្លើយតបទៅនឹងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចំពេលដែលមានការលេចឮព័ត៌មានថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចនឹងធ្វើដំណើរទៅទស្សនកិច្ចនៅកូរ៉េខាងជើង ក្នុងពេលឆាប់ៗ។

ការត្រៀមរៀបចំប្រជុំនៅខែមិថុនាខាងមុខនេះ ទៀត​សោត​​ធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងទើបតែបានបញ្ចប់មហាសន្និបាតបក្សលើកទី៩ កាលពីចុងខែកុម្ភៈ។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះគឺ កាលពីខែមីនា ពោលគឺមួយខែក្រោយមហាសន្និបាតនោះ កូរ៉េខាងជើង បានធ្វើការកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយ​បន្ថែមមាត្រាថ្មីមួយ ស្តីពីព្រំដែនទឹកដី ដោយកំណត់ច្បាស់ៗថា ទឹកដីរបស់ខ្លួន គឺជាប់ព្រំប្រទល់ប្រទេសចិន និងរុស្ស៊ីនៅភាគខាងជើង និងជាប់កូរ៉េខាងត្បូងនៅភាគខាងត្បូង។

ការកែប្រែរដ្ឋធម្មនុញ្ញនេះ បានបង្ហាញពីជំហរកាន់តែដាច់ខាតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយសារតែពួកគេ បានសម្រេចចិត្តលុបចោលរាល់ខ្លឹមសារទាំងអស់ ដែលធ្លាប់និយាយអំពី «ការបង្រួបបង្រួមជាតិ» ជាមួយកូរ៉េខាងត្បូង។ សកម្មភាពនេះ បានបញ្ជាក់​ថា កូរ៉េខាងជើងលែងចាត់ទុកកូរ៉េខាងត្បូងជាបងប្អូនរួមឈាមជ័រ ដែលត្រូវជួបជុំគ្នាវិញទៀតហើយ ប៉ុន្តែជាប្រទេសជិតខាង ឬជាសត្រូវដាច់ខាតតែម្តង។ ដូចនេះ កិច្ចប្រជុំនៅខែក្រោយ អាចនឹងជួយឱ្យគេមើលឃើញកាន់តែច្បាស់ពីដើរឈានទៅមុខទៀត នៃទំនាក់ទំនងអន្តរជាតិរបស់ប្រទេសឯកោមួយនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម