Connect with us

ព័ត៌មានអន្ដរជាតិ

មិនខ្លាច​សង្គ្រាម! សាសនិកអ៊ីស្លាមរាប់​លាននាក់ ប្រមូលផ្ដុំ​ ក្នុង​ធម្មយាត្រា Hajj នៅ​អារ៉ាប៊ីសាអូឌីត

បានផុស

នៅ

អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានប្រកាសថា ក្រុមអ្នកកាន់​សាសនា​អ៊ីស្លាម​ប្រហែល ១,៥១លាននាក់ បានធ្វើដំណើរមកដល់ទឹកដីនៃព្រះរាជាណាចក្រនេះ ដើម្បីចូលរួមក្នុងពិធីបុណ្យធម្មយាត្រាប្រចាំឆ្នាំ Hajj ដែល​តួ​លេខ​នេះ មានការកើនឡើងប្រមាណ ១១ ០០០ នាក់ បើធៀបនឹងឆ្នាំមុន បើទោះបីជាមានការព្រួយបារម្ភជាខ្លាំងនៅក្នុងតំបន់ ជុំវិញលទ្ធភាពនៃការផ្ទុះឡើងវិញនូវជម្លោះរយៈពេល ៣ខែ រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ក៏ដោយ។ នេះ​បើយោងតាម​ការ​ចុះផ្សាយ​របស់ BBC នា​ថ្ងៃ​អង្គារ​ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៦។

(រូបថត៖ Instagram)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយមួយ ត្រូវបានអនុវត្តកាលពីខែមុន ប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារដោយប្រើ​មីស៊ីល និងដ្រូនជាច្រើនលើក​លើអារ៉ាប៊ីសាអូឌីត និងប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ ដើម្បីសងសឹកទៅនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ការវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃទី៨ ខែមីនា បានបណ្តាលឱ្យជនស៊ីវិលពីរនាក់នៅក្នុងទីក្រុង al-Kharj និងកងទ័ពអាមេរិកម្នាក់ ដែលឈរជើងនៅមូលដ្ឋានទ័ពអាកាសក្បែរនោះបានបាត់បង់ជីវិត។

ជា​វិធានការ​បង្ការ ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត បានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសនៅជាយក្រុង Mecca ដើម្បីធានាសុវត្ថិភាព និងភាពកក់ក្តៅយ៉ាងពេញលេញជូនដល់អ្នកចូលរួម​​ធម្មយាត្រា​ទាំងអស់។

ក្រុមអ្នក​កាន់​សាសនា​​អ៊ីស្លាម​ជាច្រើន បានបង្ហាញពីក្តីសង្ឃឹមថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងអាចសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយ ដោយសារតែសង្គ្រាមនេះ បានជះឥទ្ធិពលអាក្រក់ដល់ពិភពលោកទាំងមូល ជាពិសេសបង្កឱ្យមានការរំខានដល់ជើងហោះហើរ និងធ្វើឱ្យថ្លៃ​ធ្វើដំណើរកើនឡើងយ៉ាងខ្លាំង។ យ៉ាង​ណាមិញ ពួក​គេ​នៅ​តែ​ពុះពារ​ទៅ​ដល់​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​ធម្មយាត្រា​ដដែល ដ្បិត​ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​​មិនទាន់​រលត់​នៅ​ឡើយ ហើយ​ពួកគេ​បាន​បង្ហាញ​ក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅ ដែលក្តីសុបិនពេញមួយជីវិត ក្នុងការមកកាន់ទឹកដីដ៏វិសុទ្ធនេះបានក្លាយជាការពិត។

គួររំលឹកផងដែរថា ពិធីបុណ្យ Hajj គឺជាកាតព្វកិច្ចសាសនាមួយ ក្នុងចំណោមសសរស្តម្ភទាំងប្រាំនៃសាសនាអ៊ីស្លាម ដែលសាសនិកពេញវ័យគ្រប់រូប ត្រូវតែមកចូលរួមយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត ប្រសិនបើពួកគេមានលទ្ធភាពផ្នែកថវិកា និងកាយសម្បទាគ្រប់គ្រាន់។ នៅក្នុងថ្ងៃដំបូងនៃពិធីបុណ្យនេះ ពួក​គេ​ត្រូវតស៊ូប្រឈមមុខនឹងអាកាសធាតុដ៏ក្តៅហួតហែងរហូតដល់ ៤៥អង្សាសេ ដើម្បីដើរព័ទ្ធជុំវិញអាគារវិសុទ្ធ Kaaba ចំនួន ៧ជុំ មុនពេលធ្វើដំណើរទៅកាន់តំបន់ Mina និងភ្នំ Arafat ដែលជាកន្លែងដ៏ពិសិដ្ឋបំផុតសម្រាប់ការបន់ស្រន់ និងជាចំណុចកំពូលនៃពិធីបុណ្យទាំងមូល៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម