Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន​ប៉ាឡេស្ទីន ដង្ហែសពប្រមុខយោធាហាម៉ាស​ ស្ទើរ​ពេញ​ក្រុង​ហ្គាហ្សា​​​

បានផុស

នៅ

ប្រជាជនប៉ាឡេស្ទីន​នៅតំបន់ហ្គាហ្សារាប់សិបនាក់ កាលពីថ្ងៃទី២៧ ខែឧសភា បានដង្ហែសាកសពប្រធានក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស លោក Mohammad Odeh​​ កាត់តាមដងផ្លូវនានាក្នុងទីក្រុងហ្គាហ្សា ក្នុងពិធីបុណ្យសពមួយ គឺមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារសម្លាប់រូបលោក ក្នុងយុទ្ធនាការកម្ចាត់មេដឹកនាំជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធនេះ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ។

ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ ដង្ហែសាកសពប្រធានក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស លោក Mohammad Odeh (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយពីទីភ្នាក់ងារ​សារព័ត៌មាន Reuters កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា លោក Mohammad Odeh ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចំគោលដៅកាលពីយប់ថ្ងៃអង្គារ ពោលគឺត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអ្នកកាន់តំណែងមុន គឺ លោក Izz al-Din al-Haddad ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើអគារស្នាក់នៅមួយកន្លែងក្នុងតំបន់ហ្គាហ្សា។

ការបាត់បង់ជីវិតទាំងនេះមានន័យថា ក្រុមសកម្មប្រយុទ្ធស្ទើរតែគ្មានមេដឹកនាំដែលមានបទពិសោធន៍សេសសល់ នៅក្នុងតំបន់ហ្គាហ្សា ដើម្បីដឹកនាំផ្នែកប្រដាប់អាវុធរបស់ខ្លួនទៀតឡើយ ចំពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាសកំពុងស្ថិតក្នុងភាពទាល់ច្រក នៃកិច្ចពិភាក្សាសម្របសម្រួលដោយអាមេរិក ដើម្បីរុញច្រានផែនការរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រាប់អនាគតរបស់តំបន់ហ្គាហ្សា។

ប៉ុន្មានម៉ោងក្រោយពិធីបុណ្យសពរបស់លោក Odeh យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅលើសមាជិកសកម្មប្រយុទ្ធហាម៉ាសពីររូបទៀត នៅក្នុងការវាយប្រហារមួយនៅភាគខាងជើងហ្គាហ្សា ដោយមិនបានបង្ហាញអត្តសញ្ញាណរបស់ពួកគេឡើយ។

យ៉ាងណាមិញ មន្ត្រីសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា ការវាយប្រហារដែលបានសម្លាប់លោក Odeh ប្រពន្ធ និងកូនប្រុសរបស់លោក ក៏បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់ផ្សេងទៀតស្លាប់ និងជាង ២០ នាក់រងរបួស។ ការវាយប្រហារនេះបានបំផ្លាញជាន់ខាងលើនៃអគារស្នាក់នៅមួយ ក្នុងសង្កាត់ Rimal នៃទីក្រុងហ្គាហ្សា។ ក្រុមអ្នកជួយសង្គ្រោះបានកាយគំនរបាក់បែក ដើម្បីស្វែងរកជនរងគ្រោះដែលអាចកើតមានបន្ថែមទៀត កាលពីព្រឹកថ្ងៃពុធ។

សូមបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមហ្គាហ្សា អ៊ីស្រាអែលបានសម្លាប់មេដឹកនាំ រួមទាំងមន្ត្រីយោធារបស់ក្រុមហាម៉ាសរាប់សិបនាក់ ខណៈនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ Israel Katz បានប្តេជ្ញាចិត្តថា នឹងតាមប្រមាញ់ ឬចាប់ខ្លួននរណាម្នាក់ដែលខ្លួននិយាយថា មានការពាក់ព័ន្ធនឹងការវាយប្រហារកាលពីខែតុលា ឆ្នាំ២០២៣៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អ៊ីស្រាអែល ថា​ខ្លួន​វាយប្រហារចំមេបញ្ជាការថ្មីរបស់​ហាម៉ាស ក្រោយកាន់តំណែង​តែមួយសប្តាហ៍
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម