Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រមាន​ពិភព​លោក​ឲ្យ​​ត្រៀម​ខ្លួន​ ចំពោះ​​បាតុភូត El Niño នាំ​មក​នូវអាកាសធាតុ​​ដ៏​អាក្រក់​​

បានផុស

នៅ

អង្គការ​សហប្រជាជាតិ (UN) ព្រមានថា ពិភពលោក​ត្រូវតែ​ត្រៀម​ខ្លួន​សម្រាប់​ការវិលត្រឡប់​មកវិញ​នៃបាតុភូត  El Niño ដែល​នាំ​មក​នូវ​អាកាសធាតុ​ដ៏អាក្រក់បំផុត​ ដោយ​មាន​​ទាំង​ភ្លៀង​ធ្លាក់ខ្លាំង​បណ្តាល​​ឲ្យ​ទឹកជំនន់​​ និង​គ្រោះ​រាំង​ស្ងួត​​​ដ៏​អាក្រក់​។

អង្គការ​ឧតុនិយមពិភពលោក (WMO) ​​បាន​​ឲ្យ​ដឹង​នៅ​ថ្ងៃអង្គារថា គំរូ​អាកាសធាតុធម្មជាតិ​ដ៏មាន​ឥទ្ធិពល កំពុង​​បង្កើន​សីតុណ្ហភាព​ពិភព​លោក និងធ្វើឱ្យភ្លៀងធ្លាក់កាន់តែអាក្រក់ទៅៗ មាន​ឱកាសកើត​ឡើង​ ៨០% មុន​ខែកញ្ញា និង ៩០% បន្ត​រហូត​ដល់​ខែវិច្ឆិកា។

យោងតាម​កាសែត The Guardian ចុះផ្សាយ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៦ អង្គការ​ទាំង​ពីរ​រក​ឃើញគំរូភាគច្រើន​បាន​ព្យាករណ៍​ពីការ​វិល​ត្រឡប់មកវិញ​នៃបាតុភូត​​​ក្នុងមហាសមុទ្រនិងបរិយាកាស​​លាយ​ឡំ​ជាមួយ​កម្លាំង​មធ្យម និង​អាច​ឈាន​ដល់​​​ខ្លាំង​ទៀត​ផង​។ អ្នកវិទ្យាសាស្ត្រ​ធ្លាប់​បានព្រមានថា វាអាច​ជា​កម្លាំង​ខ្លាំង​បំផុត​នៅសតវត្ស​នេះ។

ប្រធាន​អង្គការសហប្រជាជាតិ លោក António Guterres ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការអង្គការសហប្រជាជាតិ ​លោក António Guterres ព្រមាន​ថា៖ « ពិភពលោកត្រូវតែចាត់​ទុក​វា​ថា​ជាការព្រមាន​បន្ទាន់​ អំពី​អាកាសធាតុ។ ស្ថានភាព​ El Niño ​នឹង​​ចាក់​សាំង​លើ​ភ្លើង​​នៃ​ពិភពលោក​​ដែល​កំពុង​​ឡើង​​កម្ដៅ។ ផល​ប៉ះពាល់​​នឹង​​វាយប្រហារ​កាន់​តែ​ខ្លាំង ធ្វើ​ដំណើរ​កាន់​តែ​ឆ្ងាយ និង​ឆ្លងកាត់​ព្រំដែន​​ក្នុង​ល្បឿន​​ដ៏​គ្រោះ​ថ្នាក់​»។

គួរ​បញ្ជាក់​ថា បាតុភូត El Niño ថ្មីបំផុត បាន​កើតឡើង​កាល​ពី​ឆ្នាំ ២០២៣-២៤ គឺជា​បាតុភូតមួយក្នុង​ចំណោមបាតុភូត​ខ្លាំង​បំផុត​ទាំងប្រាំបានកត់ត្រា​ទុក។

អង្គការ WMO ថា សីតុណ្ហភាពខ្ពស់ខុស​ពីធម្មតាត្រូវបាន​ព្យាករណ៍​នៅ​ស្ទើរតែគ្រប់តំបន់ទាំងអស់​នៃភពផែនដី​សម្រាប់រយៈពេលបីខែ​ខាង​មុខ ព្រម​ទាំង​មាន​លទ្ធភាព​នាំ​ឱ្យ​មាន​ភ្លៀងធ្លាក់ខ្លាំងនិងគ្រោះរាំងស្ងួត​។ ទោះ​បីជាបាតុភូត​ El Niño នីមួយៗ​មាន​លក្ខណៈ​ប្លែក​​ក៏​ដោយ អ្នក​វិទ្យាសាស្ត្រភ្ជាប់​ពួកវា​ជាមួយ​នឹងភ្លៀងធ្លាក់ខ្លាំង​ក្នុង​តំបន់​ខ្លះ​នៃអាមេរិក​ខាងត្បូង ភាគខាងត្បូង​សហរដ្ឋអាមេរិក តំបន់​អាហ្វ្រិក និងអាស៊ីកណ្តាល​។

ចំណែក លក្ខខណ្ឌរាំង​ស្ងួត​នឹង​ប៉ះពាល់ដល់អាមេរិកកណ្តាល ភាគខាងជើងអាមេរិក​ខាងត្បូង តំបន់ការ៉ាប៊ីន អូស្ត្រាលី ឥណ្ឌូណេស៊ី និងផ្នែកខ្លះនៃអាស៊ីខាង​ត្បូង។

លោក Gareth Redmond-King មក​ពីអង្គភាពស៊ើបការណ៍​សម្ងាត់​ថាមពល និងអាកាសធាតុ (ECIU) និយាយថា ការរក​ឃើញ​ចុង​ក្រោយបំផុតគឺជាដំណឹងអាក្រក់ សម្រាប់​ការផ្គត់ផ្គង់ស្បៀង​អាហារ ខណៈមនុស្ស​កំពុងស្ថិត​ក្រោមភាពតានតឹងរួច​ទៅហើយ ដោយ​ការ​ប្រែ​ប្រួល​អាកាសធាតុ និង​ការរឹតត្បិតលំហូរ​ជីពីសង្គ្រាមអ៊ីរ៉ង់​។

លោកថា៖ « គ្រោះមហន្តរាយ​របស់​បាតុភូត​​ El Niño នឹងកើត​ឡើង ​ហើយ​វា​ទំនងជានាំមកនូវឆ្នាំដ៏ក្តៅបំផុតមួយទៀត គឺនៅឆ្នាំ២០២៧ ជាពិសេស​នឹងបំផ្លិចបំផ្លាញដល់កសិករ​រាប់​លាន​នាក់​ និង​​អាច​មាន​មនុស្ស​ស្លាប់​ជា​​ច្រើន​ផង​ដែរ​»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម