Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ មានសមត្ថភាព វាយប្រហារមូលដ្ឋានទ័ពអាមេរិក ២០កន្លែង នៅ ៨ប្រទេស អំឡុងសង្គ្រាម

បានផុស

នៅ

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អាមេរិក-អ៊ីស្រាអែល បានចាប់ដៃគ្នា បើកការវាយប្រហារលើអ៊ីរ៉ង់ ក្រោមលេស រារាំងទីក្រុងតេហេរ៉ង់ មិនឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងកម្ទេចកម្មវិធីបរមាណូរបស់ប្រទេសនេះ ចោល ឈានដល់ការសម្លាប់មេដឹកនាំកំពូលៗ និងមន្ត្រីជាន់ខ្ពស់ជាច្រើន។

(រូប៖ Reuters)

យ៉ាងណា អ៊ីរ៉ង់ បានបង្កភាពភ្ញាក់ផ្អើល ដោយមិនចុះញ៉មឡើយ ហើយបែរជាពង្រីកសង្គ្រាម ឲ្យរីករាលដាលពេញតំបន់មជ្ឈិមបូព៌ា ជាពិសេសបើកការវាយប្រហារដោយដ្រូន លើបណ្តារដ្ឋឈូងសមុទ្រ និងប្រើប្រាស់មីស៊ីល យ៉ាងច្រើនសន្ធឹក មិនចេះអស់។

ដ្បិតតែភាគីសងខាង អះអាងជ័យជម្នះរៀងៗខ្លួន ប៉ុន្តែទាំងអាមេរិកនិងអ៊ីរ៉ង់ សុទ្ធតែបានកម្ទេចសព្វាវុធ និងទីតាំងយោធា ទៅវិញទៅមក។ 

មនុស្សមួយចំនួន ប្រហែលស្មានមិនដល់ឡើយថា អ៊ីរ៉ង់ អាចបាញ់ទម្លាក់យន្តហោះចម្បាំងដ៏ទំនើប ​របស់អាមេរិក និងបាញ់ប្រហារលើនាវាចម្បាំងអាមេរិក បានថែមទៀត។ ពិសេស សមត្ថភាពទីក្រុងតេហេរ៉ង់ ដែលអាចបាញ់ទម្លុះខែលការពារ បង្កការខូចខាតដល់មូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់ជាច្រើន។

(រូប៖ Reuters)

តាមរយៈរូបភាពផ្កាយរណប ផ្សាយដោយ BBC កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦, ចាប់តាំងពីផ្ទុះសង្គ្រាមមក អ៊ីរ៉ង់បានវាយប្រហារ ដោយបង្កការខូចខាតដល់មូលដ្ឋានទ័ពអាមេរិក ២០កន្លែង នៅក្នុងប្រទេសចំនួន ៨ ដូចជា៖ គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា អ៊ីរ៉ាក់ ហ្ស៊កដានី បារ៉ែន និងអូម៉ង់។

តាមរយៈការវិភាគ និងវាយតម្លៃយ៉ាងដិតដល់ អ៊ីរ៉ង់ បានបង្កការខូចខាតដល់មូលដ្ឋានទ័ពអាមេរិក បើគិតជាទឹកប្រាក់ មានទំហំរាប់ពាន់លានដុល្លារ, ខ្ទេចច្រើនជាងគេគឺខែលការពារអាកាស យន្តហោះចាក់បំពេញប្រេង និងប្រព័ន្ធរ៉ាដា។ 

(រូប៖ Reuters)

ឧបករណ៍យោធាសំខាន់ៗ ដែលរងការខូចខាត មានដូចជា៖ ប្រព័ន្ធការពារមីស៊ីល THAAD, យន្តហោះចារកម្ម E-3 Sentry និងយន្តហោះចាក់ប្រេង, យន្តហោះចម្បាំង F-15, F-35 និងដ្រូន MQ-9 Reaper ព្រមទាំងយន្តហោះវាយប្រហារ A-10, គ្រឿងបរិក្ខារទំនាក់ទំនងផ្កាយរណប និងឃ្លាំងស្តុកប្រេង។

មន្ទីរបញ្ចកោណ ប៉ាន់ប្រមាណកាលពីខែឧសភាថា ការចំណាយសរុប សម្រាប់ប្រតិបត្តិការ Epic Fury គឺអស់ប្រមាណ ២៩ ពាន់លានដុល្លារ ប៉ុន្តែអ្នកវិភាគមួយចំនួនជឿថា តួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម