Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ១ម៉ឺន ៣ពាន់បណ្ណជូនពលរដ្ឋចំនួន២ឃុំក្នុងស្រុកទឹកឈូ

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រតម្កល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃថ្នង ភូមិចក្រីទីង ភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ភូមិគោចិនលែង ភូមិត្រពាំងច្រាប ភូមិត្រសេកកោង និងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូខេត្តកំពត ដែលមានចំនួន ១៣៣១បណ្ណ ស្មើនឹង ៧៨៦៦ គ្រួសារ ដែលពិធីនេះបានធ្វើឡើង នៅក្នុងបរិវេណវត្តសុខមនោរម្យ ដែលស្ថិតនៅក្នុងភូមិដំណក់ល្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីសម្រេចទៅតាមការគ្រោងទុកលើការងារវាស់វែងដីធ្លីដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋឱ្យរួចរាល់នៅចុងឆ្នាំ២០២៦ មន្ទីរជំនាញបានខិតខំបំពេញការងារយ៉ាងសកម្មដើម្បីពន្លឿនលើការងារនេះ តាមការណែនាំនិងចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល។ ខេត្តកំពតមានក្បាលដីប្រមាណជាង ៧៥ម៉ឺនក្បាលដីដែលបានវាស់វែងបញ្ចប់ ហើយការចែកបណ្ណកម្មសិទ្ធិដល់ដៃពលរដ្ឋបានចំនួនជាង ៦៥ម៉ឺនបណ្ណ ហើយថ្ងៃនេះបន្តចែកជូនជាង ១ម៉ឺន ៣ពាន់បណ្ណបន្ថែមទៀត។

មានមតិសំណេះសំណាលនាឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តខិតខំយកចិត្តទុកដាក់ ជំរុញពន្លឿនឱ្យមានការវាស់វែងដីធ្លីជូនពលរដ្ឋឱ្យបានឆាប់រហ័សបំផុតនៅទូទាំងប្រទេស ដើម្បីធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋឱ្យបានលឿនបំផុត។

លោក ម៉ៅ ធនិន បានឱ្យដឹងថា គោលនយោបាយដីធ្លីនេះត្រូវបានរៀបចំឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋនៅគ្រប់តំបន់ទូទាំងប្រទេសទទួលបានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់ អាចទាញយកផលប្រយោជន៍ពីវិស័យដីធ្លី និងកាត់បន្ថយវិវាទដីធ្លីផងដែរ។

លោកអភិបាលខេត្តកំពតបានបន្តទៀតថា នាថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការជំរុញបន្ថែមឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ត្រូវពន្លឿនលើការងារវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានឆាប់បំផុតទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកក៏បានថ្លែងកោតសរសើរចំពោះមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ដែលកន្លងមកបានខិតខំប្រឹងប្រែងជម្នះ ពុះពាររាល់ឧបសគ្គ ក្នុងការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ស្របតាមផែនការរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលបានកំណត់។

បើយោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា ការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនាពេលនេះ មានចំនួន ៧ភូមិ ២ឃុំ រួមមាន៖ ភូមិព្រៃថ្នង ភូមិចក្រីទីង ភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង, ភូមិគោចិនលែង ភូមិត្រពាំងច្រាប ភូមិត្រសេកកោង និងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ដែលមានក្បាលដីសរុបចំនួន ១៣ ១៣១ក្បាលដី ស្មើនឹង ៧ ៨៦៦គ្រួសារ។

លោក ព្រាប សុផាត ប្រធានមន្ទីរបានបន្តថា កិច្ចការងារទាំងនេះទទួលបានលទ្ធផលល្អក៏ដោយសារមានការគាំទ្រ ដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែផ្ដល់ជាធនធានថវិកា សម្ភារៈឧបករណ៍ ការគាំទ្រលើផ្នែកបច្ចេកទេសលើការងារនេះផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម