Connect with us

ព័ត៌មានជាតិ

ប្រាក់ សុខុន៖ យន្តការផ្សះផ្សាដោយបង្ខំក្រោម​ UNCLOS ផ្តល់​នូវមាគ៌ាដ៏យុត្តិធម៌​ឆ្ពោះទៅរកសន្តិភាពដល់កម្ពុជា និងថៃ

បានផុស

នៅ

នៅថ្ងៃទី ២ ខែមិថុនា ប្រទេសកម្ពុជាបានផ្តួចផ្តើមដំណើរការផ្សះផ្សាដោយបង្ខំជាមួយប្រទេសថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ យើង​ធ្វើដូច្នេះ ដើម្បីការពារអធិបតេយ្យភាពជាតិ និងសិទ្ធិសមុទ្ររបស់យើង បន្ទាប់ពីថៃបាន​ដកខ្លួនចេញ​ដោយឯកតោភាគី ពីអនុស្សរណៈយោគយល់គ្នាទ្វេភាគី ដែលមានអាយុកាល ២៥ ឆ្នាំ មកហើយ​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សរណៈនៃការយោគយល់គ្នានោះ មានបំណងសម្រួលដល់កិច្ចព្រមព្រៀងស្តីពីកន្លែងដែល​ប្រទេសយើងទាំង២ គួរតែគូសព្រំដែនសមុទ្រ និងពីរបៀបយើងគួរចែករំលែក​កំណប់ប្រេង និងឧស្ម័នក្រោមសមុទ្រដ៏មានតម្លៃ​ជាមួយគ្នា។ តាំងពីនោះមក ថៃបានយល់ព្រមចូលរួមក្នុងដំណើរការផ្សះផ្សាដោយបង្ខំរបស់ UNCLOS។ នេះគឺជាជំហានវិជ្ជមាន និងគួរឱ្យស្វាគមន៍មួយ។​

ទោះជាយ៉ាងណាក៏ដោយ សារៈសំខាន់នៃពេលវេលានេះ គឺធំជាងជម្លោះរវាងប្រទេសទាំង២ ដោយ​វាផ្តល់ឱ្យយើងទាំងអស់គ្នានូវឱកាសដើម្បីបោះជំហានរួមគ្នានៅកម្រិតអន្តរជាតិ តំបន់ និងមូលដ្ឋាន។

ទី១ វាគឺជាឱកាសមួយសម្រាប់សហគមន៍អន្តរជាតិ ទាំង​មហាអំណាច ពាក់កណ្ដាលមហាអំណាច​ និងរដ្ឋតូចៗដូចគ្នា ​ឱ្យ​មើលឃើញថា ច្បាប់អន្តរជាតិមានប្រសិទ្ធភាពក្នុងការអនុវត្ត។ ហើយ​ក្នុងពេល​ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ ​វានឹង​គាំទ្រដល់ការដោះស្រាយជម្លោះដោយសន្តិវិធីក្រោម​ជំនួយ​របស់អង្គការសហប្រជាជាតិ ​ស្របពេលដែល​សណ្តាប់ធ្នាប់ពិភពលោក​ផ្អែកលើច្បាប់ពហុភាគី ស្ថិតនៅក្រោមសម្ពាធ។

ទី២ វាគឺជាឱកាសមួយសម្រាប់សហគមន៍អាស៊ាន ដើម្បីទាញយកអត្ថប្រយោជន៍ពីប្រវត្តិដ៏សម្បូរបែបនៃការគាំទ្រគ្នាទៅវិញទៅមករបស់តំបន់ និងកេរ្តិ៍ឈ្មោះរបស់ប្លុកដ៏សក្តិសម​ជាគំរូ​លើឆាកអន្តរជាតិ។ និង​ទី៣ ​គឺវាជាឱកាសមួយសម្រាប់​ថៃ និងកម្ពុជា ដែលជាប្រទេសជិតខាង​មានប្រវត្តិសាស្ត្ររួមគ្នារាប់សតវត្សមកហើយនោះ​ បោះជំហានចេញពីការប្រឈមមុខដាក់គ្នា និងជ្រើសរើសសន្តិភាព។

​មានហេតុផលដែលយើងមានទំនុកចិត្ត។  កាលពី ១០ ឆ្នាំមុន យន្តការផ្សះផ្សាដោយបង្ខំក្រោមច្បាប់សមុទ្រ UNCLOS បានដោះស្រាយជម្លោះដែនសមុទ្ររវាងប្រទេស​ទីម័រខាងកើត និងអូស្ត្រាលី ដែលហាក់ដូចជាពិបាកដោះស្រាយពីមុនឡើយ​។

វិសមាមាត្រ​រវាងរដ្ឋទាំង២ ​គឺធំខ្លាំង​៖ ​​អូស្ត្រាលីមានប្រជាជនសរុបច្រើន​ជាង​ទីម័រខាងកើត ២០ ដង ផលិតផលក្នុងស្រុកសរុបតែនាមធំជាង​ ៥០០ ដង ​ហើយ​ការចំណាយយោធា​វិញ ខ្ពស់ជាងប្រហែល ដល់ទៅ ១ ០០០ ដង។​

ដោយប្រឈមមុខនឹងភាពមិនស្មើគ្នានោះ ទីម័រខាងកើតបានស្វែងរកជំនួយពីអ្នកជំនាញអន្តរជាតិដើម្បីដោះស្រាយ​ភាពជាប់គាំង តាមរយៈយន្តការផ្សះផ្សាដោយបង្ខំដឹកនាំដោយអង្គការសហប្រជាជាតិ ឆ្ពោះទៅរកការឯកភាពគ្នា​លើព្រំដែនសមុទ្រអចិន្ត្រៃយ៍។ ដំបូងឡើយ អូស្ត្រាលីបានជំទាស់នឹងដំណើរការនេះ។ ប៉ុន្តែត្រឹមតែ២ឆ្នាំក្រោយមក សន្ធិសញ្ញាជាប្រវត្តិសាស្ត្រ ក៏​​ត្រូវបានចុះហត្ថលេខាឡើង​។

សម្រាប់ទីម័រខាងកើត កិច្ចព្រមព្រៀងនេះ គឺជាជោគជ័យដែលផ្លាស់ប្តូរប្រទេសជាតិ។ ប៉ុន្តែអូស្ត្រាលីក៏បានសរសើរលទ្ធផលនេះផងដែរ។ ហេតុអ្វី? ដោយសារតែប្រទេសទាំង២ បានយល់ព្រមអនុវត្តតាមនីតិរដ្ឋអន្តរជាតិ មិនមែនការគ្រប់គ្រងរបស់អ្នកខ្លាំងលើអ្នកខ្សោយនោះទេ។

លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីកាលនោះ បាននិយាយថា សន្ធិសញ្ញានេះ «ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃ UNCLOS» និង «បង្ហាញពីរបៀបដែលច្បាប់អន្តរជាតិ អាចឱ្យប្រទេសនានាដោះស្រាយ​ជម្លោះរបស់ពួកគេដោយសន្តិវិធី»។

អ្វីដែលកើតឡើងនាពេលនោះ ផ្ញើសារដោយ​​ផ្ទាល់​មក​កាន់​​កម្ពុជា និង​ថៃ​ ​នាពេលបច្ចុប្បន្ន​។ ដំណើរការ​ផ្សះផ្សា​ដោយបង្ខំរបស់ UNCLOS នឹង​ទាមទារ​ឱ្យ​​មាន​សុច្ឆន្ទៈ​ពី​ភាគី​ទាំង​សងខាង ហើយ​វា​ក៏​នឹង​ទាមទារ​ឱ្យ​​មាន​ភាព​ស៊ីសង្វាក់​គ្នា និង​ភាព​ជាក់ស្តែងដែលអាចអនុវត្តបាន​​ផងដែរ។

ភាព​ស៊ីសង្វាក់​គ្នា​​មាន​សារៈសំខាន់ណាស់។ ក្នុង​ករណី​ទីម័រ​ខាងកើត ប្រទេស​អូស្ត្រាលី​មាន​ឱកាស​គ្រប់​យ៉ាង​ដើម្បី​ផ្អាក​ការ​ចូលរួម​របស់​ខ្លួន​ក្នុង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ការ​ចរចា​ជាមួយ​ទីម័រ​ខាងកើត ដែល​ត្រួតពិនិត្យ​ដោយ​គណៈកម្មការ​ផ្សះផ្សា។ ប៉ុន្តែ​ប្រទេសនេះ​មិន​បាន​ធ្វើ​ដូច្នោះនោះទេ ដោយចូលរួមជាប់លាប់វិញ។ ​ជាលទ្ធផល ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​ទាំង២ ​បាន​ប្រសើរ​ឡើង​។ ហើយ​នៅ​ទី​បំផុត សន្ធិសញ្ញា​ព្រំដែន​សមុទ្រក៏​ត្រូវ​បាន​ព្រម​​គ្នាសម្រេច​​ឡើង។​

ភាព​ជាក់ស្តែងដែលអាចអនុវត្តបាន ​ក៏​មាន​សារៈសំខាន់​ដូចគ្នា​ដែរ។ ជម្លោះកម្ពុជា-ថៃមិនមែនគ្រាន់តែជាបញ្ហាផ្លូវច្បាប់នោះទេ។ វាពាក់ព័ន្ធនឹងតំបន់សមុទ្រពិតប្រាកដ និងធនធានថាមពលដែលអាចជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសន្តិសុខថាមពលនៅក្នុងប្រទេសទាំង២ និងនៅទូទាំងតំបន់។ ​

ដំណើរការដែលពិភាក្សាគ្នាតែលើខ្សែបន្ទាត់របស់ផែនដី ខណៈមិនដោះស្រាយ​បញ្ហាដែលនៅពីក្រោយខ្សែបន្ទាត់ទាំងនោះ នឹងធ្វើឱ្យ​បញ្ហាសំខាន់ៗមិនអាចដោះស្រាយបាន។

​ប្រទេស​កម្ពុជា​មិន​បាន​ស្នើសុំ​ឱ្យ​​គណៈកម្មការ​ផ្សះផ្សា UNCLOS ដាក់​ចម្លើយ​ឯកតោភាគី​ទេ។ យើងកំពុងស្នើសុំឱ្យមានដំណើរការ​ដោះស្រាយបញ្ហាតាមអ្វីដែលមាន​ នោះគឺជម្លោះព្រំដែនសមុទ្រ ដែលគេតែងតែតភ្ជាប់ទៅនឹងបញ្ហា​អភិវឌ្ឍន៍ធនធានថាមពល​ប្រកបដោយសន្ដិភាព​។

យើងទទួលស្គាល់ថា ប្រទេសថៃមានផលប្រយោជន៍ជាតិ។ កម្ពុជាក៏មានផលប្រយោជន៍ជាតិដែរ។ ច្បាប់អន្តរជាតិមិនតម្រូវឱ្យភាគីណាមួយបោះបង់ចោលផលប្រយោជន៍ទាំងនោះទេ។ វាតម្រូវឱ្យភាគីទាំង២ បន្តផលប្រយោជន៍ទាំងនោះដោយសន្តិវិធី ដោយគោរព និងក្នុងក្របខ័ណ្ឌដែល​ផ្អែកលើ​ច្បាប់។

ការប្តេជ្ញាចិត្តដូចគ្នាចំពោះដំណោះស្រាយដោយសន្តិវិធី ត្រូវតែពង្រីកដល់បញ្ហាព្រំដែនគោករួមរបស់យើង។ បទឈប់បាញ់បច្ចុប្បន្នរវាងកម្ពុជា និងថៃនៅតែបន្ត​ ប៉ុន្តែវាមានភាពផុយស្រួយ។ កម្ពុជានៅតែមានការព្រួយបារម្ភអំពីស្ថានភាព​ជាក់ស្ដែងក្នុងតំបន់របស់កម្ពុជា ដែលថៃកំពុង​កាន់កាប់​។

ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli ) នោះទេ។ នៅលើដីគោក​ ក៏ដូចជានៅលើសមុទ្រ ការប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនចំពោះច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាការសន្ទនា សេចក្តីស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះក្នុងការធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងព្រំដែនអន្តរជាតិ ត្រូវបានគោរព។

កម្ពុជានៅតែត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមដោយសន្តិវិធី និង​យ៉ាងស៊ីសង្វាក់គ្នា​ជាមួយ​ថៃលើបញ្ហាទាំងអស់ដែលយើងប្រឈមមុខ ទាំងនៅលើដីគោក​ និងនៅលើសមុទ្រ។ យើង​មានយន្តការ​ប្រកបដោយប្រសិទ្ធភាពក្នុងការ​អនុវត្តដូច្នេះ ដូចដែលដំណើរការ UNCLOS ​ស្ដីពីសមុទ្រ បានបង្ហាញ។

កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយ​ថៃ ដែលជាប្រទេសជិតខាងជិតស្និទ្ធមាន​ការ​ប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព និងវិបុលភាព​ក្នុងតំបន់របស់យើង។ យើងត្រូវតែបន្តពិភាក្សាគ្នា ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

តំបន់សមុទ្រមិនត្រូវក្លាយជារោង​ល្ខោននៃការមិនទុកចិត្តគ្នាមួយផ្សេងទៀតឡើយ។ ហើយ​ការបង្កើនភាពតានតឹងនៅព្រំដែនគោក ក៏មិនត្រូវ​កើតមានទៀតដែរ។ ​ផ្ទុយទៅវិញ កម្ពុជា និងថៃគួរតែធ្វើតាមប្រពៃណី ពោលគឺរបៀបដែលរដ្ឋអាស៊ីអាគ្នេយ៍ដោះស្រាយជម្លោះដ៏លំបាក។

ករណីទីម័រខាងកើត បានចាប់ផ្តើមដោយភាពមិនចុះសម្រុងគ្នា ហើយបានបញ្ចប់ដោយការព្រមព្រៀងគ្នា។ វា​ចាប់ផ្តើមដោយភាពមិនប្រាកដប្រជា និង​បញ្ចប់ទៅ​ដោយភស្តុតាងដែលថា ការផ្សះផ្សាដោយបង្ខំក្រោមច្បាប់អន្តរជាតិ អាច​ដោះស្រាយ​ភាពជាប់គាំង និង​ជម្លោះ នៅពេល​ទ្វេភាគី​ធ្វើការជាមួយគ្នា។

កម្ពុជាស្វាគមការចូលរួមរបស់​ថៃ​ក្នុងដំណើរការផ្សះផ្សាដោយបង្ខំរបស់ UNCLOS។ យើងស្នើសុំឱ្យគ្រប់ភាគីចូលរួមដោយស្មោះត្រង់។ ប្រជាជន​យើង តំបន់​យើង និងពិភពលោក នឹងធ្វើជាសាក្សី៕

——–

អត្ថបទរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី «ការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ផ្តល់នូវមាគ៌ាប្រកបដោយយុត្តិធម៌ឆ្ពោះទៅកាន់សន្តិភាពដល់កម្ពុជា និងថៃ» ដែលត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Asia Times កាលពីថ្ងៃទី ១៣ ខែមិថុនា ២០២៦។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម