Connect with us

ព័ត៌មានអន្ដរជាតិ

ចិននឹង​​ផ្តល់​ជំនួយមនុស្សធម៌​ដល់​អ៊ីរ៉ង់ និងលីបង់ ខណៈភាគី​ជម្លោះ​​ព្យាយាម​បញ្ចប់​សង្គ្រាម​

បានផុស

នៅ

​ពន្លឺ​​ក្តី​នៃ​សង្ឃឹម​សម្រាប់​មជ្ឈិម​បូព៌ា​ កំពុង​កើត​ឡើងបណ្តើរៗ បន្ទាប់​ពី​​សហរដ្ឋ​អាមេរិក​ ​​ជប៉ុន​​​និង​ចិន​ជា​ដើម​ បាន​សន្យា​ថា​ ​នឹងជួយ​​ស្តារ​ប្រទេស​អ៊ីរ៉ង់​ឡើង​វិញ​។​

ប្រទេស​ចិន ​បាន​ប្រកាស​នៅ​ថ្ងៃពុធ​ នេះ​ ថា​ខ្លួន​នឹងផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់អ៊ីរ៉ង់និង​លីបង់ ខណៈសហរដ្ឋអាមេរិកនិង​អ៊ីរ៉ង់​កំពុង​ឈាន​ទៅ​រកការ​បញ្ចប់សង្គ្រាម​ ដោយ​ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិភាព​ នៅ​ថ្ងៃ​សុក្រ​ខាងមុខ​​នេះ។

អ្នក​នាំ​ពាក្យក្រសួង​ការបរទេស​ចិន លោក Lin Jian ប្រាប់​អ្នក​យក​ព័ត៌មាន​នៅទីក្រុងប៉េកាំង​នៅ​ថ្ងៃ​នេះ ​ថា៖ « ប្រទេស​ចិន​មាន​ការសោកសៅ​យ៉ាង​ខ្លាំង​ ចំពោះគ្រោះ​មហន្តរាយមនុស្សធម៌បណ្តាល​មក​ពី​ជម្លោះ​អ៊ីរ៉ង់ និង​ការរីករាល​ដាល​នៃ​ជម្លោះ​នេះ​»។

អ្នក​នាំ​ពាក្យក្រសួង​ការបរទេស​ចិន លោក Lin Jian ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lin បន្ថែម​ថា៖ « ដោយ​ពិចារណា​លើស្ថាន​ភាព​ជាក់ស្តែង​ នៅ​ក្នុង​ប្រទេសពាក់ព័ន្ធ ប្រទេសចិន​បានសម្រេចចិត្ត​ផ្តល់​ជំនួយមនុស្ស​ធម៌ដល់អ៊ីរ៉ង់និងលីបង់[…] ដើម្បី​ជួយ​ដល់​ប្រជាជន​បន្ថែមទៀត ​ដើម្បី​ការស្តារ​សេដ្ឋ​កិច្ច និង​ការកសាង​ប្រទេស ក៏​ដូចជាការកែលម្អ ជីវភាព​រស់​នៅរបស់​ប្រជាជន​ឡើងវិញ​»។

ការ​ផ្តល់​ជំនួយ​នេះ​​ជា​លើក​ទីពីរ​ហើយ​ ចាប់តាំងពី​សហរដ្ឋអាមេរិកនិង​អ៊ីស្រាអែល​​ចាប់ផ្តើមសង្គ្រាមប្រឆាំង​នឹងអ៊ីរ៉ង់​ នៅថ្ងៃទី២៨ ខែកុម្ភៈ ទីក្រុង​ប៉េកាំងបាន​ផ្តល់​ជំនួយដល់ទីក្រុងតេហេ​រ៉ង់។

ប្រទេសចិនធ្លាប់​​បាន​បញ្ជូន​ជំនួយទៅ​អ៊ីរ៉ង់​ពីមុនម្តង​​ កាលពី​ខែមីនា។

ការ​សម្រេចចិត្តបញ្ជូនជំនួយ​ទៅកាន់ប្រទេស​ទាំង​ពីរ​ កើតឡើង​ពេលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​បានយល់ព្រមលើកិច្ចព្រមព្រៀង​សន្តិភាព​ដំបូងសម្របសម្រួលដោយប៉ាគីស្ថាន ហើយ​ទីក្រុងអ៊ីស្លាម៉ាបាដ​គ្រោង​នឹងរៀប​ចំពិធីចុះហត្ថលេខា​​​​ថ្ងៃសុក្រ ទី​១៩ ​នៅ​ឯប្រទេសស្វីស។

លោក Lin និយាយ​ថា៖ « ក្នុងនាមជាមិត្តល្អ​របស់​បណ្តាប្រទេសនៅ​មជ្ឈិមបូព៌ា ប្រទេសចិន​នឹងបន្តផ្តល់ការគាំទ្រ […] នឹង​ខិត​ខំប្រឹង​ប្រែង​បន្ថែមទៀត​សម្រាប់​ការចរចាសន្តិភាព និងបន្តដើរ​តួនាទីវិជ្ជ​មាន​ក្នុង​ការស្តារសន្តិភាព និងភាពស្ងប់​ស្ងាត់ (នៅ​មជ្ឈិមបូព៌ា) ឡើងវិញ​»។

គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​ក៏អំពាវនាវ​ឱ្យ​បញ្ចប់​ការ​វាយប្រហារ​របស់អ៊ីស្រាអែល​​ក្នុងប្រទេសលីបង់ ​ដែលមាន​​មនុស្សជិត ៣ ៨០០នាក់​ ត្រូវសម្លាប់​ ចាប់តាំងពីសង្គ្រាម​ចាប់ផ្តើម​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម