ជីវិតកម្សាន្ដ
ធឿន វុទ្ធី ចែករំលែកបទពិសោធន៍សរសេរប្រលោមលោកភ័យរន្ធត់ឲ្យព្រឺខ្លាចពិតៗ
អ្នកនិពន្ធ ធឿន វុទ្ធី ប្រាប់បទពិសោធន៍សរសរប្រលោមលោកភ័យរន្ធត់ឲ្យព្រឺខ្លាច និងឲ្យចំជាលងបន្លាចពិតៗ ដោយត្រូវកុហកឲ្យមានហេតុមានផលតាមបែបអរូប ធ្វើយ៉ាងឲ្យអ្នកអានជឿស្លុងអារម្មណ៍ ដូចស្ថិតក្នុងហេតុកាណ៍ជាក់ស្ដែង។

ម្ចាស់ស្នាដៃ ខ្សែស្រឡាយប្រលោមលោករន្ធត់រឿង អារក្សខ្មៅ រូបនេះបន្ថែមថា រឿងរន្ធត់មានទិសដៅសំខាន់តែមួយគត់គឺ បង្កើតជំនឿដល់អ្នកអាន។ បើអ្នកអានជឿ ទើបរន្ធត់ ប៉ុន្តែបើអ្នកអានមិនជឿ វាក៏មិនរន្ធត់ដែរ។ មិនខុសអីពីមនុស្សខ្លះ មើលកុនរឿងខ្មោចមិនខ្លាចខ្មោចនោះឯង។ ការមិនខ្លាចនេះ ព្រោះមិនជឿ។
ក្នុងនាមជាអ្នកនិពន្ធប្រលោមលោកភ័យរន្ធត់បានក្រាស់ក្រែលដែរ ធឿន វុទ្ធី ឲ្យដឹងថា តាមបទពិសោធន៍របស់លោកកន្លងមក ដើម្បីឲ្យស្នាដៃរឿងបែបរន្ធត់ មានលក្ខណៈរន្ធត់ចំតួតែម្ដង អ្នកនិពន្ធគួរតែលម្អិតឲ្យហ្មត់ចត់ សរសេរបែបណាឲ្យអ្នកអាន ពេលបានអានហើយក៏ជឿស្លុង ទៅតាមទឹកដៃនៃការពិពណ៌នា រៀបរាប់ ចងក្រងសាច់រឿង បង្កើតហេតុការណ៍ បង្កើតកាលអាកាសរឿង បង្កើតបុគ្គលិកលក្ខណៈតួអង្គផ្សេងៗ។ លោកថា អ្នកនិពន្ធរឿងរន្ធត់ទាំងអស់ សុទ្ធតែត្រូវកុហក តែទោះកុហកបែបណាក៏ត្រូវចាំថា “កុហកឲ្យមានហេតុមានផល” នោះទើបស្នាដៃយើងមិនឆ្វេង មានទម្ងន់ អាចឲ្យអ្នកអាន អានហើយដក់ជាប់ ចងចាំបានយូរ។
បន្ថែមពីលើនោះ ជាអ្នកនិពន្ធរឿងប្រភេទរន្ធត់ មិនដូចរឿងប្រភេទផ្សេងៗទេ។ រឿងរន្ធត់ ពិបាកបង្កើតរូបារម្មណ៍ឲ្យអ្នកអានណាស់ និយាយឲ្យងាយយល់ គឺពិបាកឲ្យអ្នកអានស្រមៃចេញរូបភាព។ បើសួរថាហេតុអ្វី គឺមកពីអ្នកអានមិនធ្លាប់បានឃើញផ្ទាល់ភ្នែកនោះឯង។ ដូច្នេះហើយ អ្នកនិពន្ធគួរចេះប្រើសិល្ប៍វិធីក្នុងការពិពណ៌នាសាច់រឿង ចង់បែបបុរសទី១ ឬបែបបុរសទី៣ គឺបត់បែនតាមកាលៈទេសៈជានិច្ច។

ជាអ្នកនិពន្ធ គួរចេះសរសេរជាភាសាសាមញ្ញ ងាយៗ មិនចាំបាច់ថែមក្បាលកន្ទុយឲ្យកើតជាពាក្យស្លោក ឲ្យចេញជាសុភាសិត ឲ្យចេញជាឃ្លាប្រយោគអប់រំ នោះក៏ពុំគួរ ព្រោះស្នាដៃយើង ជាស្នាដៃរន្ធត់ ពុំមែនជាស្នាដៃបែបផ្សេងៗឡើយ។ បើរវល់តែចង់អប់រំ តាមឃ្លាឃ្លោងនៃដំណើររឿងនោះ ភាពរន្ធត់នឹងបាត់បង់ដោយអន្លើមិនខាន ព្រោះអ្នកអានរវល់ចាប់យកពាក្យអប់រំមកគិត ពុំបានចាប់យកភាពរន្ធត់នៃសាច់រឿងយើងឡើយ។
ក្រៅពីនោះទៀត បើគិតថាចង់សរសេររឿងរន្ធត់ គួរផ្ដោតទៅលើភាពភ័យរន្ធត់ អាថ៌កំបាំង សេចក្ដីស្លាប់ ហេតុការណ៍ ឬតម្រុយចម្លែកៗ យកវាមកចងក្រងចូលគ្នាជាបញ្ហា និងដោះស្រាយទៅតាមវិធីផ្សេងៗឲ្យសមហេតុសមផល តែក៏ស្ថិតក្នុងរបត់ “ដំណោះស្រាយបែបអរូបី” ដដែល។
ជាងនេះទៅទៀត បើចង់ឲ្យរឿងក្លាយជាសាច់រឿងដែលរន្ធត់ពីដើមដល់ចប់នោះ គួរកុំឲ្យមានឈុតឆាក ស្នេហាបងអូនច្រើនពេក កំប្លែងច្រើនពេក ឬការមានតួអង្គច្រើនពេកក៏ពុំគួរ។ ការបង្កើតតួអង្គច្រើន អ្នកអាននឹងមានទំនោរវង្វេងឈ្មោះតួ វង្វេងសកម្មភាពតួ ជួនណា វង្វេងទាំងសាច់រឿងទៀត អានចុះឡើង រឿងក្លាយជាលែងរន្ធត់អស់រលីង។ ដូច្នេះ បើអាចកាត់បន្ថយតួអង្គ ឲ្យកាន់តែតិច តែឲ្យតួអង្គទាំងនេះ មានសកម្មភាពឲ្យច្រើន គឺកាន់តែល្អណាស់។
ម្ចាស់ស្នាដៃ យប់ថ្ងៃព្រហស្សតិ៍រូបនេះបន្តថា ត្បិតប្រលោមលោកបែបរន្ធត់ និយាយតែពីភាពភ័យរន្ធត់ លងបន្លាច អាគមអូមអាមក៏ដោយ ក៏គង់មានបង្កប់នូវតម្លៃអប់រំតិចច្រើន ទៅតាមលទ្ធភាពរបស់អ្នកនិពន្ធ។ យ៉ាងណាមិញ តម្លៃអប់រំក្នុងរឿងរន្ធត់ បើអាចគួរកុំបញ្ចេញត្រង់ៗ ក្នុងឃ្លាឃ្លោងនៃការសន្ទនារបស់តួអង្គ ឬសរសេរត្រង់ៗក្នុងដំណើររឿងឡើយ។

តម្លៃអប់រំនេះសោត គួរបានមកពីសាច់រឿងទាំងមូល ឬឈុតឆាកផ្សេងៗ ឬតាមការបង្ហាញភាពជាគម្រូរបស់តួអង្គ។ តម្លៃអប់រំអាចបង្កប់ក្នុងមូលហេតុដែលនាំឲ្យមានបញ្ហា (តួធ្វើអាក្រក់ រួចចុងក្រោយក៏ជួបក្ដីវិនាស) បង្កប់ក្នុង ដំណោះស្រាយបញ្ហា (ការដោះស្រាយរបស់តួអង្គ បង្ហាញគម្រូល្អដល់អ្នកអាន) បង្កប់ក្នុងបុគ្គលិកលក្ខណៈតួអង្គ (ម៉ែឪមានព្រហ្មវិហារធម៌ចំពោះកូន ឬកូនស៊ូស្លាប់ដើម្បីម៉ែឪ) ឬអាចបង្កប់ន័យក្នុងឃ្លាសន្ទនារបស់តួអង្គជាដើម។
ការបង្កើតតម្លៃអប់រំបង្កប់ វាប្រសើរជាងដាក់បង្ហាញត្រង់ៗ ព្រោះថា វាមិនធ្វើឲ្យប៉ះពាល់ដំណើររឿង តែនឹងធ្វើឲ្យអ្នកអានត្រិះរិះ ក្រោយពេលបញ្ចប់រឿង។ ការដែលអ្នកអានត្រិះរិះឃើញដោយខ្លួនឯង រមែងចងចាំបានយូរជាងប្រាប់ត្រង់ៗជាក់ជាពុំខាន៕
អត្ថបទ៖ សន្យា
ចុចអាន៖ ជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងសង្គម អ្នកនិពន្ធគួរចៀសវាងរឿង ៦ យ៉ាងនេះ
ចុចអាន៖ សៀវភៅ«ពេលវេលា»បោះពុម្ពជាលើកទីពីរ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


