Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ថាប្រហែល​រកមិនឃើញអ្នកខុសទេ ក្នុងករណីទម្លាក់គ្រាប់បែកលើសាលារៀនកុមារីនៅអ៊ីរ៉ង់

បានផុស

នៅ

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវដ៏រន្ធត់នៃការវាយប្រហារកាលពីថ្ងៃទី២៨ កុម្ភៈ ចំសាលារៀនកុមារីមួយកន្លែងនៅប្រទេសអ៊ីរ៉ង់ និងបានសម្លាប់ក្មេងៗសិស្សសាលាអស់ជាច្រើននាក់ លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយ​ថា គេប្រហែលជាគ្មានថ្ងៃដឹងច្បាស់ថា នរណាជាអ្នកខុសពិតប្រាកដ​នោះ​ឡើយ។ នេះបើយោង​តាម​ការ​ផ្ដល់បទសម្ភាសន៍ឱ្យ​អ្នក​កាសែត​​របស់​មេដឹកនាំ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ ដែលត្រូវបានចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន REUTERS។

លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែមីនាកន្លងទៅ REUTERS បានទម្លាយការស៊ើបអង្កេតផ្ទៃក្នុងដំបូងបង្អស់របស់យោធាអាមេរិក ដែលបង្ហាញថា កងទ័ពអាមេរិកខ្លួនឯងហ្នឹងហើយ ដែលអាចជាអ្នកនៅពីក្រោយការវាយប្រហារដ៏សាហាវនៅក្នុងក្រុង Minab ស្ថិត​នៅ​ភាគខាងត្បូងប្រទេសអ៊ីរ៉ង់នោះ។ ចាប់តាំងពីពេលនោះមក ក្រសួងការពារជាតិអាមេរិក បានដំឡើងកម្រិតនៃការស៊ើបអង្កេតនេះឱ្យកាន់តែស៊ីជម្រៅ ប៉ុន្តែរហូតមកទល់ពេលនេះ ពួកគេនៅមិនទាន់ព្រមទទួលស្គាល់លទ្ធផលបឋមណាមួយនៅឡើយទេ។

លោក ត្រាំ បានប្រាប់អ្នកកាសែត​ថា លោកមិនដឹងថា គេអាចដោះស្រាយបញ្ហានេះចេញ ឬក៏រកមុខអ្នកខុសឃើញនោះទេ ព្រោះនៅពេលនោះ មីស៊ីលបានហោះខ្វាត់ខ្វែង​ពាស​ពេញមេឃ។ លោកបានបន្ថែមថា វាជារឿងដ៏គួរឱ្យរន្ធត់បំផុត ប៉ុន្តែស្ថានការណ៍ពេលនោះពិតជាច្របូកច្របល់ខ្លាំងណាស់។ លោក ត្រាំ បាននិយាយការពារខ្លួនថា «មានគេនិយាយថា វាជាមីស៊ីលរបស់យើង តែវាក៏ប្រហែលជាមិនមែនជារបស់យើងដែរ ព្រោះខ្ញុំមិនទាន់ឃើញមានភស្តុតាងណាមួយ ធ្វើឱ្យខ្ញុំជឿថាជាស្នាដៃយើងឡើយ។ ខ្ញុំមិនគិតថាជាយើងនោះទេ»។

គួររំលឹកផងដែរថា ការវាយប្រហារកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាពេលអាមេរិក និងអ៊ីស្រាអែលរួមដៃគ្នាបើកការវាយលុកលើអ៊ីរ៉ង់ បានសម្លាប់កុមារ និងលោកគ្រូអ្នកគ្រូអស់ជាង ១៧៥នាក់។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីអ៊ីរ៉ង់។ ប្រភពច្បាស់ការណ៍មួយ បានលួចបង្ហើបប្រាប់ភ្នាក់ងារ Reuters កាលពីខែមីនាថា យោធាអាមេរិក អាចនឹងប្រើប្រាស់ទិន្នន័យគោលដៅចាស់ហួសសម័យ ទើបដៅចំសាលារៀនបែបនេះ។ តាមច្បាប់មនុស្សធម៌អន្តរជាតិ ការមានចេតនាវាយប្រហារលើសាលារៀន គឺត្រូវចាត់ទុកជា «ឧក្រិដ្ឋកម្មសង្រ្គាម»។ ហេតុនេះហើយ​ទើបបានជាមន្ត្រីអាមេរិក ចេញមុខអះអាងជាសាធារណៈភ្លាមៗកាល​នោះ​ថា ទីក្រុងវ៉ាស៊ីនតោន មិនដែលគិតចង់វាយប្រហារលើសាលារៀនឡើយ។

រឿងរ៉ាវដ៏សាហាវព្រៃផ្សៃនេះ បានធ្វើឱ្យពិភពលោកទាំងមូលខឹងសម្បារយ៉ាងខ្លាំង រហូតដល់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចេញមុខថ្កោលទោសថា វាជាទង្វើ «ដ៏គួរឱ្យរន្ធត់បំផុត»។ កាលពីដំបូងឡើយ លោក ត្រាំ បានចោទប្រកាន់ទាំងគ្មានភស្តុតាងថា អ៊ីរ៉ង់ខ្លួនឯងជាអ្នកធ្វើ។ ប៉ុន្តែក្រោយមក លោកក៏ក្រឡាស់​អណ្តាតវិញ ដោយនិយាយថា លោកមិនទាន់ដឹងរឿងនេះច្បាស់ឡើយ ព្រោះការស៊ើបអង្កេតកំពុងតែធ្វើបន្ត ហើយលោកនឹងទទួលយកលទ្ធផលនៅពេលក្រោយ ដោយលោកនៅតែអះអាងថា គ្មាន «នរណាម្នាក់» មានចេតនាចង់វាយប្រហារលើសាលារៀននោះទេ៕

សាលារៀនដែល​រង​ការ​វាយប្រហារ​​នៅ​ទីក្រុង Minab (រូបថត៖ REUTERS)
ទីបញ្ចុះសព​របស់​សិស្សសាលានិង​គ្រូ (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម