Connect with us

ព័ត៌មានជាតិ

កម្ពុជាបេ្តជ្ញាចិត្តសម្រេចឱ្យបានគោលដៅចាកចេញពីក្រុមប្រទេសក្រីក្រត្រឹមឆ្នាំ២០២៩

បានផុស

នៅ

កម្ពុជាលើកឡើងជាថ្មីពីការប្ដេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវគោលដៅនៃការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ដោយបានត្រៀមលក្ខណៈរួចរាល់ ដើម្បីបោះជំហានទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាបុរីញូយ៉ក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា បានមានប្រសាសន៍ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចឱ្យបាននូវគោលដៅនៃការចាកចេញនេះដោយរលូន និងប្រកបដោយចីរភាព។

ដើម្បីសម្រេចគោលដៅនេះ លោក បានគូសបញ្ជាក់​ថា ​រាជរដ្ឋាភិបាល​កម្ពុជាបានដាក់ចេញនូវយន្តការ និងគោលនយោបាយ​ជាតិ ដើម្បីគាំទ្រដល់អន្តរកាល​នេះ រួមទាំងការបង្កើតឡើងគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

លោកក៏បានអំពាវនាវឱ្យ​មាន​សាមគ្គីភាពអន្ដរជាតិជាថ្មី និងភាពជាដៃគូកាន់តែរឹងមាំ ពិសេសចំពោះ​ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ​ ការផ្ទេរបច្ចេកវិទ្យា ការកសាង​សមត្ថភាព ភាពធន់​នឹង​អាកាសធាតុ និងការគាំទ្រដល់អន្តរកាលដោយរលូន។

គួរជម្រាបថា កម្ពុជាបានត្រៀមខ្លួនក្នុងការបោះជំហានចេញពីប្រទេសអភិវឌ្ឍតិចតូច (LDC) ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បន្ទាប់ពី​អង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ន កាលពីចុងឆ្នាំ២០២៤ ដោយសម្រេចឱ្យកម្ពុជាចាប់ផ្តើមចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងអំឡុងពេល៥ឆ្នាំ។

ការចាកចេញពីក្រុមប្រទេសក្រីក្រនេះមិនត្រឹមតែជាសមិទ្ធផលជាតិប៉ុណ្ណោះទេ តែថែមទាំងជាតំណាងឱ្យភាពជោគជ័យរួមនៃសាមគ្គីភាព និងភាពជាដៃគូសកលដូចបានចារឹកទុកនៅក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ មិនត្រឹមតែប៉ុណ្ណោះ ការចាកចេញនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីឯករាជ្យភាពរបស់កម្ពុជាក្នុងការកសាងប្រទេស តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចដ៏រឹងមាំ ការពង្រឹងសមត្ថភាពស្ថាប័ន ការពង្រឹងធនធានមនុស្ស និងការចូលរួមកាន់តែស៊ីជម្រៅជាមួយភាពជាដៃគូក្នុងតំបន់ និងពិភពលោក៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម