Connect with us

ព័ត៌មានអន្ដរជាតិ

តើបេឡារុស អាចក្លាយជាសមរភូមិថ្មី នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែរឬទេ?

បានផុស

នៅ

សង្គ្រាមពាក្យសម្តីរវាងមេដឹកនាំអ៊ុយក្រែន Volodymyr Zelenskyy និងភាគីរុស្ស៊ី លើបញ្ហាប្រទេសបេឡារុស កាន់តែក្តៅគគុក រុញបញ្ឆេះសង្គ្រាមនៅតំបន់អឺរ៉ុបខាងកើត ឲ្យកាន់តែពុះកញ្ជ្រោល។

(រូប៖ Reuters)

កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Zelenskyy បានព្រមានជាសាធារណៈចំៗ ទៅកាន់ប្រធានាធិបតីបេឡារុស Alexander Lukashenko ដោយទាមទារ ឲ្យដកឧបករណ៍ពង្រីកសញ្ញារបស់ដ្រូនរុស្ស៊ី ចេញជាបន្ទាន់។

លើសពីនេះ Zelenskyy ថែមទាំងគំរាមទៀតថា បើបេឡារុស មិនព្រមដកវាចេញទេ កងទ័ពអ៊ុយក្រែននឹងទៅដកវាចេញដោយផ្ទាល់ដៃ ជាមិនខានឡើយ ដែលសម្ដីនេះ បង្ហាញយ៉ាងច្បាស់ថា ទីក្រុងកៀវ ត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់កម្លាំងយោធា ប្រសិនបើចាំបាច់។

យ៉ាងណា រុស្ស៊ីបានចេញមុខ ការពារសម្ព័ន្ធមិត្តរបស់ខ្លួន ដោយផ្តាំទៅអ៊ុយក្រែន វិញថា កុំហ៊ានប៉ះ បេឡារុស ឲ្យសោះ បើមិនដូច្នោះ ទីក្រុងមូស្គូ នឹងត្រូវបង្ខំចិត្តចាត់វិធានការយោធា ហើយ។

(រូប៖ Reuters)

ការបោះពាក្យសម្តីដាក់គ្នានេះ ធ្វើឲ្យមានការសង្ស័យថា បេឡារុស អាចនឹងក្លាយជាសមរភូមិថ្មី នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ដូច្នេះហើយ ទើបមានការចោទជាសំណួរថា តើវានឹងក្លាយជាការពិត ដែរឬទេ?

ជុំវិញបញ្ហានេះ កាសែត Wall Street Journal បានចេញផ្សាយអត្ថបទមួយ កាលពីថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដែលវាយតម្លៃថា បេឡារុស មានឱកាសខ្ពស់ ក្នុងការក្លាយជា «សមរភូមិស្រមោល» ឬជាសមរភូមិពង្រីកថ្មី នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ព្រោះតែសម្ពាធនយោបាយ និងយោធាកាន់តែខ្លាំងឡើងពីទីក្រុងមូស្គូ ប៉ុន្តែលទ្ធភាព ដែលកងទ័ពជើងគោកបេឡារុស ចូលប្រយុទ្ធផ្ទាល់ គឺនៅមានកម្រិតទាបណាស់។

យោងតាម WSJ, វិមានក្រឹមឡាំង កំពុងបង្ខំឲ្យបេឡារុស ពង្រឹងសម្ព័ន្ធភាពយោធា ដើម្បីបើកសមរភូមិថ្មីពីទិសខាងជើង សំដៅអូសទាញកម្លាំងបម្រុងរបស់អ៊ុយក្រែន ឲ្យចេញពីសមរភូមិភាគខាងកើត។ ទន្ទឹមនោះ គេហទំព័រ The Guardian ក៏ផ្សាយដែរថា រុស្ស៊ី បានសាងសង់មូលដ្ឋានដ្រូនថ្មីចំនួន ៥ នៅជិតព្រំដែនបេឡារុស ដើម្បីប្រើប្រាស់ដែនអាកាសប្រទេសនេះ វាយប្រហារអ៊ុយក្រែន។

(រូប៖ Reuters)

ដោយឡែក បើផ្អែកលើការវិភាគរបស់វិទ្យាស្ថាន HUDSON និងអ្នកជំនាញយោធាអន្តរជាតិ, មានសេណារីយ៉ូធំៗចំនួន ៣ ដែលអាចទៅរួច៖

១៖ សង្គ្រាមកូនកាត់ និងការវាយប្រហារឆ្លងដែនដោយដ្រូន/មីស៊ីល (ឱកាសកើតឡើង៖ ខ្ពស់បំផុត)។

២៖ រុស្ស៊ីប្រើដីបេឡារុស វាយលុកទីក្រុងកៀវជាថ្មី (ឱកាសកើតឡើង៖ មធ្យម – ត្រូវការទ័ព ៧០ ០០០ នាក់)។

៣៖ ការវាយឆ្មក់ កាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ភាគខាងលិចអ៊ុយក្រែន (ឱកាសកើតឡើង៖ ទាប)។

(រូប៖ Reuters)

ក្នុងន័យនេះ បេឡារុស មិនបញ្ជូនទ័ពជើងគោកចូលអ៊ុយក្រែនទេ ប៉ុន្តែបន្តឲ្យរុស្ស៊ីប្រើដី និងដែនអាកាសរបស់ខ្លួន។ ដូចនេះ អ៊ុយក្រែននឹងវាយប្រហារដោយដ្រូន រយៈចម្ងាយឆ្ងាយចូលដីបេឡារុស ដែលធ្វើឲ្យទឹកដីនេះ ក្លាយជាសមរភូមិបាញ់បោះជាក់ស្តែង។ ម្យ៉ាង រុស្ស៊ី ក៏អាចពង្រឹងទ័ពឡើងវិញ នៅក្នុងដីបេឡារុសដែរ ដើម្បីវាយសម្រុកមកភាគខាងជើងអ៊ុយក្រែន។

សរុបសេចក្តីមក បេឡារុស អាចនឹងក្លាយជាសមរភូមិថ្មី ក្នុងទម្រង់ជាទីតាំងរងការវាយប្រហារសងសឹកពីអ៊ុយក្រែនទៅលើមូលដ្ឋានយោធារុស្ស៊ី ប៉ុន្តែមិនមែន កងទ័ពជើងគោកបេឡារុស ចូលប្រយុទ្ធទ្រង់ទ្រាយធំ ដោយផ្ទាល់ទេ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម