ព័ត៌មានជាតិ
កម្ពុជាប្រាប់អន្តរជាតិថា ថៃបន្តរារាំងការវិលត្រឡប់របស់ពលរដ្ឋខ្មែរនៅតាមព្រំដែន ហើយទាមទារឱ្យបញ្ឈប់ការរំលោភបំពាន
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ លោក កែ សុវណ្ណ លើកឡើងអំពីក្តីបារម្ភចំពោះសកម្មភាពរបស់យោធាថៃ ដែលបានបន្តរារាំងការវិលត្រឡប់របស់ជនស៊ីវិលកម្ពុជាទៅកាន់ផ្ទះសម្បែងរបស់ពួកគេនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ការមិនអាចវិលទៅលំនៅឋានវិញបាននេះត្រូវបានលោកអះអាងថាដោយសារតែការបន្តកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធរបស់ថៃ។

លោក និយាយាថា «ទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ សម្រេចបានតាំងពីខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏ជនស៊ីវិលកម្ពុជាជាង២២ ០០០នាក់ នៅតែបន្តជាជនភៀសខ្លួន និងមិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន»។
ការលើកឡើងដូច្នេះរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅឯទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមរបៀបវារៈនៃកិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិមនុស្សរបស់ជនភៀសខ្លួនក្នុងស្រុក។

ក្នុងសេចក្ដីថ្លែងការណ៍របស់លោក កែ សុវណ្ណ បានបន្តរាយការណ៍ពីផលប៉ះពាល់ដែលបង្កឡើងដោយការឈ្លានពានរបស់យោធាថៃលើទឹកដីកម្ពុជា ជាពិសេសការបង្កផលប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់កម្ពុជា ដោយលោកពណ៌នាថា ថៃបានចូលកាន់កាប់ជ្រៅដោយខុសច្បាប់លើទឹកដីកម្ពុជា រារាំងការវិលត្រឡប់របស់ជនស៊ីវិល រុះរើផ្ទះសម្បែង ហើយជំនួសវិញដោយការសាងសង់សំណង់អចិន្ត្រៃយ៍ ការវាស់វែងដីធ្លីនៅភូមិរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការផ្លាស់ទីលំនៅយូរ និងរារាំងការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ជនស៊ីវិលកម្ពុជា ដែលរងផលប៉ះពាល់។

សកម្មភាពទាំងនេះ លោក ថា បង្កើតបានជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាការរំលោភបំពានលើច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ ដែលមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ។

ជាថ្មីម្ដងទៀត ពីវេទិការបស់អង្គការសហប្រជាជាតិ តំណាងកម្ពុជា បានទាមទារឱ្យថៃគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស ជាមួយនឹងការអំពាវនាវដល់សហគមន៍អន្តជាតិឱ្យមានការបង្កើតលក្ខខណ្ឌចាំបាច់នានា ដើម្បីអនុញ្ញាតឱ្យគ្រួសារជនភៀសខ្លួនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន។ ចំពោះបញ្ហាជម្លោះព្រំដែន លោក បញ្ជាក់ជាថ្មីថា ត្រូវតែដោះស្រាយដោយសន្តិវិធី។
ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កន្លងមក បានបង្កើតឱ្យមានពលរដ្ឋភៀសសឹកជាង៦សែន៤ម៉ឺននាក់ ត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែង ប៉ុន្តែក្រោយមានបទឈប់បាញ់ ពលរដ្ឋជិត៦សែន២ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅមានជនភៀសសឹកកម្ពុជាប្រមាណ ២១ ៥០១នាក់ទៀត ដែលក្នុងនោះស្ត្រី១១ ០៣៩នាក់ និងកុមារ៦ ១៦៩នាក់ គឺពុំទាន់អាចវិលទៅលំនៅឋានវិញបានឡើយ ដោយសារកងកម្លាំងថៃបានរាយបន្លាលួស ដាក់ទូកុងតឺន័រ កាន់កាន់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


