Connect with us

ព័ត៌មានជាតិ

អ្នកជំនាញរួមទាំងយុវជនស្នើសុំរដ្ឋាភិបាលហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីការពារមូលធនមនុស្សរបស់កម្ពុជា

បានផុស

នៅ

យុវជនចំនួនជាង៧០០នាក់ បានផ្ញើអត្ថបទចូលរួមការប្រកួតវោហារសព្ទជាក្រុមស្តីពីឥទ្ធិពលនៃគ្រឿងស្រវឹង ដែលរៀបចំឡើងរាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា ចាប់ពីថ្ងៃទី ១០ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតវោហារសព្ទជាក្រុមដែលបានរៀបចំឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា បេក្ខជនចំនួន៤ក្រុមបានឡើងបង្ហាញសមត្ថភាព ដើម្បីទទួលបានប្រសិទ្ធនាមជាជ័យលាភី នៃការប្រកួតវោហារសព្ទជាក្រុមនៅចំពោះមុខគណៈកម្មការផ្តល់ពិន្ទុ និងអ្នកចូលរួមសរុបប្រមាណ៣០០នាក់។

យុវជនឆ្នើមទាំងបីរូប ដែលទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតវោហារសព្ទជាក្រុម បានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលធនមនុស្សកម្ពុជា ដោយលើកឡើងបែបនេះថា «ក្នុងខណៈពេលដែលសាលារៀនកំពុងប្រឹងប្រែងបណ្តុះបណ្តាលចំណេះដឹង មន្ទីរពិសោធន៍កំពុងស្វែងរកនវានុវត្តន៍ ប៉ុន្តែនៅខាងក្រៅរបងសាលា និងនៅលើអេក្រង់ទូរស័ព្ទ សំឡេងអប់រំទាំងនោះបែរជាត្រូវសម្រែកនៃការជល់កែវ និងយុទ្ធសាស្ត្រទីផ្សារផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង លេបត្របាក់ស្ទើរតែទាំងស្រុង។

នៅពេលកុមារ និងយុវជនទទួលរងឥទ្ធិពលការផ្សាយពាណិជ្ជកម្ម ហើយឈានជើងចូលក្នុងវដ្តនៃការសេពគ្រឿងស្រវឹង វាមិនត្រឹមតែទៅបំផ្លាញកោសិកាខួរក្បាល បញ្ញាស្មារតី និង សមត្ថភាពសិក្សារបស់ពួកគេទាំង វ័យក្មេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលួចប្លន់យកសុខភាព ផលិតភាពការងារ និង កាត់ផ្តាច់ឱកាសក្នុងការអភិ វឌ្ឍខ្លួនទៅថ្ងៃអនាគតហើយពួកគេនឹងប្រែក្លាយពី “សសរទ្រូងជាតិដ៏រឹងមាំ” ទៅជា “បន្ទុកសង្គមដ៏ធ្ងន់ធ្ងរ” វិញ»។

ចំណែកជ័យលាភីលេខ២ ដែលបានមើលឃើញពីយុទ្ធសាស្ត្រពង្វក់យុវជន និងកុមារឱ្យសេពគ្រឿង ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន «បច្ចុប្បន្ន ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងកំពុងវាយលុកយ៉ាងគំហុក និងគ្មានដែនកំណត់ លើបណ្តាញសង្គម ដូចជា Facebook, TikTok និង YouTube ទាំងលើកញ្ចក់ទូរទស្សន៍ ប៉ាណូតាមដងផ្លូវ សម្ភារៈប្រើប្រាស់ និងព្រឹត្តិការណ៍តន្ត្រី-កីឡានានា។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុត គឺយុទ្ធសាស្ត្រពង្វក់ស្មារតីតាមរយៈការផ្តល់រង្វាន់មហាសាល ដូចជាឡាន ម៉ូតូ មាសប្រាក់ ខុនដូរ ប្រាក់ខែ ដំណើរកំសាន្ត និងរង្វាន់ស្ទើរគ្រប់ក្រវិលកំប៉ុង ដែលទាក់ទាញឱ្យអ្នកប្រើប្រាស់ចង់ទិញព្រោះតែគិតថា “ចំណេញ”។

លើសពីនេះ ក្រុមហ៊ុនបានជួលតារាល្បីៗ និងអ្នកបង្កើតមាតិកា មកផ្សព្វផ្សាយ រួមផ្សំការវេចខ្ចប់យ៉ាងទាក់ ទាញ និងរសជាតិប្លែកៗ ធ្វើឱ្យកុមារនិងយុវជនចង់ដឹងចង់សាក ហើយយល់ច្រឡំថា ការសេពគ្រឿងស្រវឹងជាសញ្ញានៃភាពស៊ីវិល័យ ទាន់សម័យ និងជាការកម្សាន្តអារម្មណ៍»។

ជ័យលាភីលេខ៣ នៃការប្រកួត យល់ឃើញអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលកំពុងអនុវត្តបច្ចុប្បន្ន «ប្រកាសលេខ ០៨៤ ប្រក.ពម ស្តីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តែឯងពិតជាពុំអាចការពារកុមារនិងយុវជនពីឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មបានទេ ហើយការអនុវត្តប្រកាសនេះក៏នៅពុំទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយដែរ»។

យ៉ាងណាមិញ យុវជនភាគច្រើនដែលបានចូលរួមប្រកួត បានសំណូមពរដល់រដ្ឋាភិបាលឱ្យហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីការពារមូលធនមនុស្សរបស់កម្ពុជា។

ក្នុងស្ថានភាពបច្ចុប្បន្នដែលកម្ពុជាពុំទាន់ហាមឃាត់ការផ្សាយពាណិជ្ជកម្មទាំងស្រុងបាន រដ្ឋាភិបាលគួរហាមឃាត់ដាច់ខាត នូវការផ្សាយពាណិជ្ជគ្រឿងស្រវឹងក្នុងបណ្តាញព័ត៌មានសង្គម ព្រមទាំងហាមឃាត់មិនឱ្យមានវត្តមានតារា ឬបុគ្គលមានឥទ្ធិពល ចូលរួមផ្សព្វផ្សាយគ្រឿងស្រវឹងជាដាច់ខាត។ ទន្ទឹមនឹងនេះ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គួរមានត្រឹមតែ “ម៉ាក និងឡូហ្គោ” ផលិតផលតែប៉ុណ្ណោះ។

ជាការឆ្លើយតប លោក ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារត្រួតពិនិត្យការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ការប្រកួតវោហារសព្ទនេះ មានសារសំខាន់ណាស់ ព្រោះជាវេទិកាមួយដែលយើងបានស្តាប់ឮសំឡេងរបស់យុវជនព្រួយបារម្ភអំពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងយកធាតុចូលរបស់ក្មួយៗទៅពិចារណាសម្រាប់ការចាត់វិធានការបន្តទៀត»។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា «ប្រទេសខ្លាំង ត្រូវមានប្រជាពលរដ្ឋខ្លាំង ដើម្បីអភិវឌ្ឍប្រជាពលរដ្ឋ ត្រូវដកគ្រឿងស្រវឹងចេញពីខួរក្បាលមនុស្ស ដូច្នេះខ្ញុំសូមឱ្យមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង»ចាប់ពីពេលនេះតទៅផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម