ព័ត៌មានអន្ដរជាតិ
តុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
អតីតជំទាវទីមួយនៃប្រទេសកូរ៉េខាងត្បូង លោកស្រី Kim Keon Hee នៅថ្ងៃទី២៦ ខែមិថុនា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ ពីបទទទួលសំណូក បន្ទាប់ពីតុលាការ បានរកឃើញថា លោកស្រីមានទោសពិតប្រាកដមែន ក្នុងការទទួលយកវត្ថុប្រណីតៗ ដូចជាគ្រឿងអលង្ការ និងកាបូបម៉ាក Dior ជាថ្នូរនឹងការផ្តល់ផលប្រយោជន៍ផ្នែកនយោបាយ។

ប្រធានក្រុមចៅក្រមជម្រះក្តីនៅតុលាការទីក្រុងសេអ៊ូល បានថ្លែងថា ភរិយារបស់អតីតប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានបណ្តេញចេញពីតំណែងក្នុងឆ្នាំ ២០២៥ បន្ទាប់ពីការប៉ុនប៉ងបរាជ័យក្នុងការដាក់ប្រទេសក្នុងភាពអាសន្ន (ច្បាប់អាជ្ញាសឹក) នោះ បានទទួលសំណូកទាំងនេះទាំងមុនពេល និងអំឡុងពេលដែលស្វាមីរបស់លោកស្រីកាន់តំណែងជាប្រធានាធិបតី។
ចៅក្រមបានលើកឡើងថា លោកស្រីបានប្រើប្រាស់អំណាចរបស់ខ្លួនជាជំទាវទីមួយ ដើម្បីផ្តល់ការងារ និងផលប្រយោជន៍ខាងអាជីវកម្ម ដោយលោកបានលើកឡើងពីឆន្ទៈរបស់លោកស្រី ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីជួយបុគ្គលមួយចំនួនឲ្យទទួលបានតំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាល ឬនៅក្នុងសភា។ លោកចៅក្រមបានបន្ថែមថា លោកស្រីបានទទួលយកសំណូកទាំងនោះដោយគ្មានការរារែកចិត្តទាល់តែសោះ ដែលសំណូកទាំងនោះជាវត្ថុដែលប្រជាជនធម្មតាពិបាកនឹងបានជួបប្រទះណាស់នៅក្នុងឆាកជីវិតរបស់ពួកគេ។
តុលាការបានសង្កត់ធ្ងន់ថា សកម្មភាពរបស់អតីតជំទាវទីមួយរូបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់សាធារណជន ទៅលើភាពយុត្តិធម៌នៃការតែងតាំងមន្ត្រីរាជការ។
លោកចៅក្រមបានបន្តថា ក្នុងចំណោមអ្នកដែលបានផ្តល់សំណូកដល់លោកស្រី រួមមាន ម្ចាស់ក្រុមហ៊ុនសំណង់ម្នាក់ដែលចង់បានតំណែងក្នុងរដ្ឋាភិបាលឲ្យកូនប្រសាររបស់ខ្លួន, គ្រូគង្វាលម្នាក់ដែលចង់ពង្រីកបណ្តាញទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់, អតីតប្រធានសាកលវិទ្យាល័យឯកជនមួយ និងនាយកប្រតិបត្តិនៃក្រុមហ៊ុនលក់រាយមនុស្សយន្តឆ្កែ ដែលចង់ផ្គត់ផ្គង់ផលិតផលរបស់ខ្លួនទៅឲ្យក្រុមសន្តិសុខប្រធានាធិបតី។
ជាការផ្តន្ទាទោស តុលាការក៏បានពិន័យជាប្រាក់ដល់លោកស្រី Kim Keon Hee ចំនួន ៦៤.៨ លានវ៉ុន និងបានបញ្ជាឲ្យរឹបអូសវត្ថុទាំងអស់ដែលទទួលបានពីសំណូក ប្រសិនបើគេអាចស្វែងរកទីតាំងវត្ថុទាំងនោះឃើញ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី Kim Keon Hee បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា មេធាវីរបស់លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា ពួកគេនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ ដោយបានចោទប្រកាន់លោកចៅក្រមថា បានបំផ្លើសភស្តុតាងដែលមិនផ្តល់ផលចំណេញដល់លោកស្រី ។
បច្ចុប្បន្ន អតីតជំទាវទីមួយរូបនេះកំពុងស្ថិតនៅក្នុងពន្ធនាគាររួចស្រេចទៅហើយ បន្ទាប់ពីត្រូវបានរកឃើញថាមានទោសពីបទកែបន្លំតម្លៃភាគហ៊ុន និងការទទួលសំណូកពីព្រះវិហារ Unification Church របស់កូរ៉េខាងត្បូង។ លោកស្រីត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំរួចមកហើយលើបទចោទប្រកាន់ទាំងនោះ កាលពីខែមេសាកន្លងទៅ។
ដោយឡែក ស្វាមីរបស់លោកស្រីគឺលោក Yoon Suk Yeol ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីខែកុម្ភៈ ពីបទដឹកនាំធ្វើរដ្ឋប្រហារ (ការបះបោរ) ដែលពាក់ព័ន្ធនឹងការប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹកក្នុងរយៈពេលដ៏ខ្លីកាលពីឆ្នាំ ២០២៤៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


