Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាង ៥០ ០០០នាក់ បន្តបាត់ខ្លួន ក្រោយគ្រោះរញ្ជួយដីភ្លោះដ៏ខ្លាំង វាយប្រហារ វ៉េណេស៊ុយអេឡា ខណៈក្តីសង្ឃឹមរកឃើញ កាន់តែខើច

បានផុស

នៅ

មនុស្សជាង ៥០ ០០០នាក់ នៅមិនទាន់រកឃើញទេ ក្នុងគ្រោះរញ្ជួយដីភ្លោះដ៏ខ្លាំង ដែលវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ខណៈក្តីសង្ឃឹមក្នុងការជួយសង្គ្រោះពួកគេ កាន់តែខើចទៅៗ។

(រូប៖ Reuters)

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្តី ប្រធានផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ (UN) លោក Tom Fletcher ដែលនិយាយថា មនុស្សជាង ៥០ ០០០នាក់ កំពុងបាត់ខ្លួននៅឡើយ។

ទន្ទឹមនោះ លោក Nadiomar Polanco ដែលដឹកនាំក្រុមសង្គ្រោះ នៅទីក្រុង La Guaira ជាទីមានអគារបាក់រលំច្រើន បានឲ្យដឹងថា៖ «ជាអកុសល មានសង្ឃឹមតិចតួចបំផុត ក្នុងការជួយសង្គ្រោះមនុស្សនៅក្រោមគំនរអគារ ព្រោះអគារ បាក់រលំរាបដល់ដី រាបដូចកន្ទេលទៅហើយ»។ 

(រូប៖ Reuters)

យ៉ាងណា បើយោងតាម ទីភ្នាក់ងារមនុស្សធម៌របស់ UN គឺ OCHA ពេលនេះ ក្រុមស្វែងរក និងជួយសង្គ្រោះ មកពី ១៧ប្រទេស ត្រូវបានដាក់ពង្រាយគ្នាហើយ ដើម្បីរកអ្នកនៅរស់ ទោះមានសង្ឃឹមតិចក៏ដោយ។

រឿងនេះកើតឡើង ស្របពេល ចំនួនមនុស្សស្លាប់ផ្លូវការ កើនឡើងដល់ ៩២០នាក់ និងរបួស ឡើងដល់ ៣ ៣៦០នាក់ហើយ គិត​ត្រឹម​ព្រឹក​​ថ្ងៃ​សៅរ៍ ទី​២៧ ខែមិថុនា ឆ្នាំ​២០២៦។

(រូប៖ Reuters)

ទិន្នន័យចុងក្រោយ បាន​បង្ហាញ​ថា អគារធំៗចំនួន ៣៨៣ខ្នង បានរងការខូចខាតកម្រិតធ្ងន់ ដែលធ្វើឲ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ត្រូវជាប់​គាំងទាំងស្រុង។

គ្រោះមហន្តរាយនេះ ក៏ធ្វើឲ្យប្រជាពលរដ្ឋចំនួន ៣ ០០៧​នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងផងដែរ ហើយបច្ចុប្បន្នពួកគេ កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន និងវាល​មន្ទីរពេទ្យ​ថ្មី ដែលទើបបង្កើតឡើង។

(រូប៖ Reuters)

សូមជម្រាបជាថ្មី ស្ថាប័នស្រាវជ្រាវភូគព្ភសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីទាំងពីរលើកនេះ មានកម្លាំងខ្លាំងរហូតដល់ ៧.២រ៉ិចទ័រ និង ៧.៥រ៉ិចទ័រ ដោយវាយប្រហារបន្តបន្ទាប់គ្នា ក្នុងរយៈពេលត្រឹមតែ ៣៩វិនាទីប៉ុណ្ណោះ។

ចំណុចកណ្តាលនៃការរញ្ជួយដីកម្លាំង ៧.៥រ៉ិចទ័រ គឺស្ថិតនៅចម្ងាយប្រហែល ២៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Yumare ក្នុងរដ្ឋ Yaracuy ខណៈការរញ្ជួយដីកម្លាំង ៧.២រ៉ិចទ័រ គឺស្ថិតនៅក្បែរទីក្រុង San Felipe ក្នុងរដ្ឋដដែលនេះ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម