ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា៖ ផលិតផលកម្ពុជា ត្រូវតែផលិតនៅកម្ពុជាពិតប្រាកដ មិនមែនទិញពីក្រៅវៃស្លាកផលិតនៅកម្ពុជា
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា កាលពីម្សិលមិញនេះ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ពីគោលដៅចង់ឱ្យផលិតផលដែលផលិតនៅកម្ពុជា ត្រូវតែជាផលិតផលផលិតនៅកម្ពុជាពិតប្រាកដ មិនមែនគ្រាន់តែទិញពីក្រៅប្រទេសមកបិទស្លាកសញ្ញាផលិតនៅកម្ពុជានោះទេ។
ខណៈដែលផលិតផលផលិតនៅកម្ពុជាដែលបានចុះបញ្ជីបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយកាលពីឆ្នាំ ២០២៣ មានត្រឹមតែ ១ ៣៣៦ មុខ ហើយត្រឹម ៥ឆ្នាំចុងក្រោយកើនដល់ ២ ៣៥៣ មុខ។ កំណើនយ៉ាងគំហុកនេះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញពីភាពរឹងមាំ និងសក្តានុពលនៃការផលិតក្នុងស្រុក។

ថ្លែងនៅចំពោះមុខសហគ្រិនក្នុងស្រុករាប់រយនាក់ ចូលរួមនៅក្នុងវេទិកាជួបជុំរបស់សហគ្រាសខ្នាតតូច និងមធ្យម និងសិប្បកម្ម នាយករដ្ឋមន្រ្តីកម្ពុជានៅមើលឃើញសក្តានុពលក្នុងការពង្រីកផលិតផលផលិតក្នុងស្រុកបន្ថែមទៀត។
យ៉ាងណាមិញសម្តេចបានសង្កត់ធ្ងន់ថា ថ្ងៃក្រោយសម្តេចសង្ឃឹមថា ផលិតផលផលិតនៅកម្ពុជាគឺផលិតនៅកម្ពុជាពិតប្រាកដ មិនមែននាំចូលវៃស្លាកផលិតនៅកម្ពុជានោះទេ។
«ខ្ញុំសង្ឃឹមថា ថ្ងៃក្រោយផលិតផលរបស់កម្ពុជាវៃស្លាកកម្ពុជា មិនមែនធ្វើនៅក្រៅប្រទេសវៃស្លាកធ្វើនៅកម្ពុជានោះទេ។ មិនមែនយកពីក្រៅ បកស្លាកហើយដាក់ស្លាកកម្ពុជា គឺផលិតនៅកម្ពុជាវៃស្លាកកម្ពុជាហើយតាមទីផ្សារលក់កាន់តែច្រើន ប្រៀបធៀបផលិតផលនាំចូល»។
នៅក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តីបានកត់សម្គាល់ដែលជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាបានចំណាយប្រាក់រាប់ពាន់លានទៅលើការនាំចូលម្ហូបអាហារ និងរបស់របរប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃពីក្រៅប្រទេស។
សម្តេចធិបតីបញ្ជាក់ថា «ប្រសិនបើយើងអាចបង្វែរការចំណាយនេះត្រឹមតែ ៣០% (ប្រមាណ ៣០០ លានដុល្លារ) មកគាំទ្រធុរកិច្ច និងផលិតផលក្នុងស្រុក ក៏នឹងជួយទ្រទ្រង់សេដ្ឋកិច្ចជាតិបានយ៉ាងច្រើន»។
បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្រ្តីបានលើកពីផែនការ ក្នុងការតភ្ជាប់វិស័យទេសចរណ៍ និងផលិតផលសហគមន៍។
សម្តេចបានថ្លែងថា ក្នុងខេត្តសៀមរាបជារឿយៗវត្ថុអនុស្សាវរីយ៍មួយចំនួនត្រូវបាននាំចូលពីក្រៅប្រទេស ដោយសារតែមានតម្លៃថោកជាង។
ពាក់ព័ន្ធគោលនយោបាយគាំទ្រសហគ្រាសក្នុងស្រុក សម្តេចធិបតីបានដាក់ចេញយន្តការគាំទ្ររបស់រដ្ឋទៅលើផលិតផលអាទិភាពមួយចំនួន ជំនួសឱ្យការជំរុញផលិតផលរាប់រយមុខក្នុងពេលតែមួយ។
សម្តេចបានលើកពីផលិតផលអាទិភាពចំនួន ៥ មុខ ដែលមានដូចជា ទឹកដោះគោ មី និងស្ករស ជាដើមដើម្បីផ្តល់ការគាំទ្រ និងពង្រឹងឱ្យបានរឹងមាំ។
ជាក់ស្តែង ទីផ្សារទឹកដោះគោស្រស់ក្នុងស្រុក បច្ចុប្បន្នអាចផ្គត់ផ្គង់បានត្រឹមតែ ២០% នៃតម្រូវការប៉ុណ្ណោះ។ ដោយមើលឃើញពីទីផ្សារ និងកង្វះខាត ៨០% ទៀត រដ្ឋបានចេញគោលការណ៍ជួយគាំទ្រដល់ក្រុមហ៊ុនដែលវិនិយោគក្នុងវិស័យទឹកដោះគោ ដើម្បីបង្កើនសមត្ថភាពផលិតបន្ថែមទៀត។
សម្តេចថា «រដ្ឋបានផ្តល់ដីដោយមិនយកពន្ធសម្រាប់ដាំស្មៅឲ្យគោស៊ី រួមទាំងផ្តល់ប្រាក់កម្ចីការប្រាក់ទាប ដែលនេះជារូបមន្តជួយគ្នារវាងរដ្ឋនិងវិស័យឯកជន ដើម្បីធានាឲ្យក្រុមហ៊ុនវិនិយោគអាចពង្រីកការផលិតឲ្យបានគ្រប់គ្រាន់ និងធានាគុណភាព ដើម្បីផ្គត់ផ្គង់ទីផ្សារកុំឲ្យខ្វះខាត»៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


