Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺអេបូឡា សម្លាប់មនុស្ស លើស ៥០០នាក់ហើយ នៅ សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ

បានផុស

នៅ

ស្របពេលមួយជ្រុងនៃពិភពលោក កំពុងច្បាំងគ្នាក្នុងសង្គ្រាមដោយប្រើសព្វាវុធ ប៉ុន្តែមួយជ្រុងទៀតក៏មានសង្គ្រាមដែរ តែនោះមិនមែនជាសង្គ្រាមរវាងមនុស្សនិងមនុស្សឡើយ ពោលគឺមនុស្សត្រូវច្បាំងជាមួយសត្រូវដែលមើលមិនឃើញ គឺជំងឺអេបូឡា ខណៈតួលេខមនុស្សស្លាប់​ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានហក់ឡើងខ្ពស់ លើស ៥០០នាក់ហើយ។

(រូប៖ Reuters)

តាមសេចក្តីរាយការណ៍របស់ ABS-CBN ដកស្រង់ប្រភពពីអង្គការសុខភាពពិភពលោក (WHO), ​សម្រាប់តួលេខមនុស្សស្លាប់ ដោយសារជំងឺអេបូឡា នៅកុងហ្គោ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ បានកើនដល់ ៥០៦នាក់ ខណៈ ១ ៥៦១នាក់ទៀត កំពុងឆ្លងរោគ ប៉ុន្តែមានអ្នកជំងឺ ២៥៤នាក់ បានជាសះស្បើយវិញ។

ស្របពលជាមួយគ្នានោះដែរ WHO ព្រមានថា ស្ថានភាពមិនថមថយឡើយ ហើយប្រកូកប្រកាសឲ្យប្រជាពលរដ្ឋកុងហ្គោ ចូលរួមនិងសហការជាមួយអាជ្ញាធរ ទប់ស្កាត់ការឆ្លងរាលដាល។ 

(រូប៖ Reuters)

សូមជម្រាបជាថ្មី ជំងឺអេបូឡា ដែលកំពុងផ្ទុះខ្លាំងនៅកុងហ្គោ គឺបង្កឡើងដោយវីរុសប្រភេទកម្រ ឈ្មោះ ​Bundibugyo ដែលគ្មានវ៉ាក់សាំងណាកម្ចាត់បាន និងមានសមត្ថភាព សម្លាប់ ១ភាគ៣ នៃអ្នកដែលឆ្លង។

វាឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។ 

(រូប៖ Reuters)

ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារ អេបូឡា។

រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យក្អួត រាករូស មានកន្ទួលលើស្បែក ខូចតម្រងនោម និងថ្លើមចុះខ្សោយ។ ក្នុងករណីខ្លះ មានទាំងហូរឈាម តាមអញ្ចាញធ្មេញ លាមក ឬស្បែកទៀតផង៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម