ព័ត៌មានជាតិ
ខេត្តកំពត ប្រមូលទិន្នផលនេសាទបានជាង១ម៉ឺនតោនក្នុងឆមាសទី១ ឆ្នាំ២០២៦
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបាទលើកឡើងថា មន្ត្រីជំនាញរដ្ឋបាលជលផលកំពត ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខេត្តកំពតប្រមូលផលនេសាទទឹកសាប និងសមុទ្រសរុបបាន ១០,៣៨៥តោន ខណៈផលវារីវប្បកម្មសរុបសម្រេចបាន ២,៤៣២តោន។

ទិន្នផលនេសាទឆ្នាំនេះ បានឆ្លុះបញ្ចាំងពីការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយប្រសិទ្ធភាព ស្របតាមការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ស សូរិន ប្រាប់ឱ្យដឹងថា ក្រោមការអនុវត្តតាមគោលនយោបាយរបស់ក្រសួង និងការចង្អុលបង្ហាញរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ខណ្ឌរដ្ឋបាលជលផលបានបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល តាមរយៈការទប់ស្កាត់បទល្មើសនេសាទ ការពារតំបន់អភិរក្សសមុទ្រ និងលើកកម្ពស់ការចិញ្ចឹមវារីវប្បកម្ម ដើម្បីធានានិរន្តរភាពធនធាន និងលើកកម្ពស់ជីវភាពរបស់ប្រជានេសាទ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តបញ្ជាក់ថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ ផលនេសាទសរុបមានចំនួន ១០,៣៨៥តោន ក្នុងនោះ ផលនេសាទទឹកសាបមាន ២,០៨០តោន និងផលនេសាទសមុទ្រមាន ៨,៣០៥តោន ដែលតំបន់ត្រពាំងរពៅប្រមូលបានប្រមាណ ៣,៥០០តោន។ ចំណែកផលវារីវប្បកម្មសរុបមាន ២,៤៣២តោន ក្នុងនោះ វារីវប្បកម្មសមុទ្រមាន ៨៤២តោន និងវារីវប្បកម្មទឹកសាបមាន ១,៥៩០តោន។

ដោយឡែក ការកែច្នៃផលិតផលជលផលសម្រេចបាន ៩៣២តោន ខណៈផលនេសាទដែលនាំចេញទៅក្រៅខេត្តមាន ៣៤៣តោន ក្នុងនោះផលិតផលកែច្នៃមាន ៩០តោន និងផលនេសាទស្រស់មាន ២៥៣តោន ដែលបានរួមចំណែកបង្កើនតម្លៃបន្ថែមដល់ផលិតផលជលផល និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ នាយខណ្ឌបានឱ្យដឹងទៀតថា ខេត្តកំពតមានឆ្នេរសមុទ្រប្រវែង ៦៦,៥គីឡូម៉ែត្រ និងមានគ្រួសារប្រកបរបរនេសាទប្រមាណ ៤,២០០គ្រួសារ។

ខេត្តកំពតក៏មានធនធានធម្មជាតិដ៏សម្បូរបែប រួមមានស្មៅសមុទ្រ ផ្កាថ្ម និងព្រៃកោងកាង ដែលជាជម្រកដ៏សំខាន់សម្រាប់ជីវចម្រុះសមុទ្រ និងជាមូលដ្ឋានគាំទ្រដល់ការអភិវឌ្ឍវិស័យនេសាទប្រកបដោយចីរភាព។

ទន្ទឹមនឹងការជំរុញផលិតកម្ម ខណ្ឌរដ្ឋបាលជលផលក៏បានបន្តពង្រឹងការអនុវត្តច្បាប់ ដោយបង្ក្រាបបទល្មើសនេសាទបាន ១៣ករណី ក្នុងឆមាសទី១ រួមមានការរឹបអូស និងបំផ្លាញលបកន្ទុយកណ្ដុរខុសច្បាប់ចំនួន ១៩៦ លប ព្រមទាំងអាំងវទ័រឆក់ និងអាគុយ ដែលប្រើប្រាស់ក្នុងសកម្មភាពនេសាទខុសច្បាប់។វិធានការទាំងនេះ មានគោលបំណងការពារធនធានជលផល និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។

ទោះជាយ៉ាងណា លោក ស សូរិន បានលើកឡើងថា វិស័យជលផលនៅតែប្រឈមបញ្ហាមួយចំនួន រួមមាន កង្វះដើមទុន និងទុនបង្វិលរបស់សហគមន៍ កង្វះពូជត្រី និងបច្ចេកទេសវារីវប្បកម្មនៅមានកម្រិតដែលទាមទារឱ្យមានការបន្តគាំទ្រផ្នែកបច្ចេកទេស និងការវិនិយោគបន្ថែម ដើម្បីពង្រឹងផលិតភាព និងលើកកម្ពស់ជីវភាពប្រជានេសាទឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


