Connect with us

ព័ត៌មានជាតិ

ក្ដៅខ្លួនខ្លាំងភ្លាមៗចាប់ពី៣៩ ទៅ៤០អង្សា ជារោគសញ្ញាជំងឺគ្រុនឈាម ឆាប់ទៅពិគ្រោះជាមួយពេទ្យជាបន្ទាន់

បានផុស

នៅ

ក្នងអំឡុងរដូវវស្សា ធ្វើឱ្យមានការកើនឡើងវត្ថុដក់ទឹកដែលជាកន្លែងបង្កបង្កើតកូនចៅមូសខ្លា។ ម៉្យាងវិញទៀត ប្រទេសកម្ពុជា កំពុងទទួលឥទ្ធិពលនៃបាតុភូតុកើនកម្តៅ(El Niño)អាចធ្វើឱ្យមានការកើនឡើងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក រួមទាំងព្រះរាជាណាចក្រកម្ពុជា ដែលស្ថានភាពនេះ អាចធ្វើឱ្យមានការកើនឡើងចំនួនមូសខ្លា និងជំងឺគ្រុនឈាម។ ដូច្នេះ ប្រសិនបើលោកអ្នក ឬសមាជិកគ្រួសារមានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗចាប់ពី ៣៩ ទៅ ៤០អង្សាសេ ត្រូវឆាប់ទៅពិគ្រោះជាមួយពេទ្យជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិសខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីវិធីបង្ការជំងឺគ្រុនឈាម ក្នុងរដូវវស្សារ និងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា បានណែនាំដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាំក់ទាំងអស់ ត្រូវចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់គោលជំងរស្របនឹងពាក្យស្លោក «ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»។ ព្រមទាំងអនុវត្តនូវ វិធានការអន្តរាគមន៍ ប្រកបដោយភាពទទួលខុសត្រូវ និងស្មារតីខ្ពស់ ដើម្បីការការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។

ក្នុងនោះក្រសួង បានបញ្ជាក់ថា ប្រសិនបើលោកអ្នក ឬសមាជិកគ្រួសារមានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗចាប់ពី ៣៩ ទៅ ៤០អង្សាសេ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរ ពេទ្យដែលនៅជិតលោកអ្នកបំផុតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងអំឡុង៤៨ម៉ោងយ៉ាងតិច និងសូម ទូរសព្ទមកលេខ ១១៥ បើមានសំណួរបន្ថែម ឬចូលរួមរាយការណ៍។

ក្រសួងក៏បានណែនាំដល់អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន សូមសកម្ម ចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើមដោយការផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដងក្នុងមួយអាទិត្យ ឬត្រូវគ្របគម្របឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវ ទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។ ចំពោះសម្ភារដក់ទឹកផ្សេងទៀត ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោក ដូង ចានបាយសម្លរជ័រ កំប៉ុងជ័រ ត្រូវកប់ ដុត កំទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។

ទន្ទឹមនេះ ម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ-កម្មការនីដែលកំពុងបំពេញការងារ នៅតាម ការដ្ឋានសំណង់ សម្អាតបរិវេណការដ្ឋានសំណង់របស់ខ្លួន លុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុក សម្ភារសំណង់ដែលអាចដក់ទឹកនៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវ ដើម្បីចៀសវាងការដក់ទឹក និងលុបបំបាត់ ប្រភពនិងជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដល់ប្រជាជនដែលរស់នៅចម្ងាយ១៥០ម៉ែត្រ ជុំវិញ ការដ្ឋានសំណង់។ ចំណែកអាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ ត្រូវធ្វើការគ្រប់គ្រងសំបកកង់ កង់ឡាន ម៉ូតូ ដែលដាក់ចោលក្រៅដំបូលបង្កើតជាកន្លែងដក់ទឹក ដោយដាក់គរត្រួត លើគ្នា និងគ្របឱ្យជិតដោយបន្ទះក្តារ ឬស្បៃមុង ឬចាក់ប្រេងម៉ាស៊ីនចាស់ៗឈប់ប្រើប្រាស់ចូល ឬចាក់ដីបំពេញ ឬ ដាក់នៅក្រោមដំបូល។

លើសពីនេះ ត្រូវលុបបំបាត់ជម្រកមូសដែលបង្កបង្កើតកូនចៅ តាមរយៈការកាប់ឆ្ការ សម្អាតស្ម ស៊ុបទ្រុបជុំវិញផ្ទះឱ្យបានស្អាត។ រក្សាអនាម័យក្នុងផ្ទះសំបែងរៀបចំទុកដាក់សម្លៀកបំពាក់ឱ្យមានសណ្តាប់ធ្នាប់ បត់ទុកឱ្យបានត្រឹមត្រូវមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អទ្វារ និងបង្អួចគួរមានសំណាញ់។ ត្រូវអនុវត្តវិធានការ ការពារខ្លួនតាមគ្រប់មធ្យោបាយ ដូចជាស្លៀកពាក់ខោជើង វែងអាវដៃវែង និងស្រោមជើងធ្វើយ៉ាងណាគ្រប ដណ្ដប់ភាគច្រើននៃរាងកាយឱ្យជិត (សម្លៀកបំពាក់គួរតែមាន ពណ៌ភ្លឺ កុំខ្មៅ ឬងងឹត) ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ហើយថ្នាំនេះស្ត្រីមានផ្ទៃពោះអាចប្រើបានដោយមានសុវត្ថិភាព មិនមាន ផលប៉ះពាល់ទេ។ សម្រាន្តក្នុងមុងរាល់ពេលសម្រាន្តនៅពេលយប់ និងថ្ងៃ។

ដោយឡែក មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ត្រូវសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ ជំរុញការអនុវត្តការងារកាត់បន្ថយ និងទប់ស្កាត់ការកកើត មូសក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺ គ្រុនឈាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម