ព័ត៌មានអន្ដរជាតិ
តើជម្លោះរវាង ត្រាំ និងលោកស្រី Meloni អាចរុញច្រានទំនាក់ទំនងអាមេរិក-អ៊ីតាលី ធ្លាក់ចុះដល់ចំណុចសូន្យ?
ការប៉ះទង្គិចពាក្យសម្តី និងការវាយប្រហារផ្ទាល់ខ្លួនជាបន្តបន្ទាប់ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កំពុងធ្វើឲ្យទំនាក់ទំនងការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរ៉ូម ធ្លាក់ចូលក្នុងភាពរកាំរកូសយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុនមក។

យោងតាមការចេញផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Reuters, ភាពតានតឹងនេះបានផ្ទុះឡើងកាន់តែខ្លាំងនៅក្នុងកិច្ចប្រជុំកំពូលណាតូ ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី នៅពេលដែលលោក ត្រាំ បានរិះគន់លោកស្រី Meloni យ៉ាងចាស់ដៃចំៗ ជុំវិញការដែលប្រទេសនេះ បដិសេធមិនព្រមចូលរួមគាំទ្រយុទ្ធនាការយោធារបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។
លោកបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលលោកស្រី Meloni ដែលបានហាមឃាត់មិនឲ្យកងទ័ពអាកាសអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពអាកាស Sigonella នៅក្នុងកោះស៊ីស៊ីលី សម្រាប់ការធ្វើប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា ក៏ដូចជាការដកថយរបស់អ៊ីតាលីលើការបញ្ជាទិញយន្តហោះចាក់ប្រេងពីក្រុមហ៊ុន Boeing របស់អាមេរិក។
មុនពេលកិច្ចប្រជុំកំពូលនេះផ្ទុះឡើង លោក ត្រាំ ក៏បានបើកការវាយប្រហារសង្រ្គាមចិត្តសាស្ត្រនៅលើបណ្តាញសង្គម Truth Social ដោយបានបង្ហោះរូបថតមេដឹកនាំអ៊ីតាលី សម្លឹងមើលមកដៅរូបលោក អមដោយចំណងជើងឌឺដងបែបកំប្លែងលាយចំអក។ មិនតែប៉ុណ្ណោះ លោកថែមទាំងបានអះអាងថា លោកស្រី បានអង្វរកសុំថតរូបជាមួយលោកនៅក្នុងកិច្ចប្រជុំ G7 កាលពីខែមិថុនា ដែលការចោទប្រកាន់នេះត្រូវបានលោកស្រី វាយបកវិញភ្លាមៗតាមរយៈបណ្តាញផ្សព្វផ្សាយ ដោយហៅការលើកឡើងរបស់លោកថាជារឿងប្រឌិត និងបានសង្កត់ធ្ងន់ថា ទាំងរូបលោកស្រី និងប្រទេសអ៊ីតាលី មិនដែលអង្វរករនរណាម្នាក់ឡើយ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទសារព័ត៌មានបញ្ចប់កិច្ចប្រជុំណាតូ លោកស្រី Meloni បានបង្ហាញជំហរការទូតដ៏សឿងមួយ ដោយប្រកាសថា លោកស្រីដាច់ខាតមិនស្តាយក្រោយឡើយ ចំពោះទុននយោបាយ និងកិច្ចខិតខំប្រឹងប្រែងដែលខ្លួនបានបោះទុនដើម្បីកសាងទំនាក់ទំនងជិតស្និទ្ធជាមួយលោក ត្រាំ កន្លងមក។
មេដឹកនាំអ៊ីតាលីរូបនេះបានពន្យល់ថា ការព្យាយាមចងសម្ព័ន្ធភាពនេះ គឺធ្វើឡើងដើម្បីសាមគ្គីភាព និងផលប្រយោជន៍រួមរបស់ប្លុកលោកខាងលិចទាំងមូល មិនមែនជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនជាមួយលោក ត្រាំ នោះទេ។ លោកស្រីថែមទាំងទទួលស្គាល់ថា ទំនាក់ទំនងរវាងលោកស្រី និង ត្រាំ បច្ចុប្បន្នកំពុងជួបភាពរកាំរកូសពិតប្រាកដមែន ប៉ុន្តែពួកគេទាំងពីរនៅតែមានចំណុចរួមគ្នាលើគោលនយោបាយរឹតបន្តឹងអន្តោប្រវេសន៍ និងការប្រឆាំងទៅនឹងអ្វីដែលលោកស្រីបានពិពណ៌នាថាជា «វប្បធម៌ភ្ញាក់រលឹក»។
ខណៈពេលដែលការប៉ះទង្គិចពាក្យសម្តីផ្ទាល់ខ្លួននេះ បានធ្វើឲ្យអ្នកវិភាគបារម្ភថា ទំនាក់ទំនងទ្វេភាគីអាចនឹងធ្លាក់ចុះដល់ចំណុចសូន្យ មន្ត្រីការទូតជាន់ខ្ពស់របស់អ៊ីតាលី រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Antonio Tajani បានបង្ហាញសញ្ញាសម្របសម្រួលដោយបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងរ៉ូម នឹងបញ្ឈប់ការឆ្លើយតបជាសាធារណៈចំពោះការឌឺដងតាមបណ្តាញសង្គមរបស់លោក ត្រាំ ដើម្បីរក្សាទំនាក់ទំនងស្ថាប័នរយៈពេលវែង និងការពារសម្ព័ន្ធភាពយុទ្ធសាស្ត្ររវាងអាមេរិក និងអ៊ីតាលី កុំឲ្យរង្គោះរង្គើដោយសារតែជម្លោះបុគ្គល៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក ត្រាំ បើកកកាយមូលហេតុពិត ពីក្រោយភាពរកាំរកូស ជាមួយនាយករដ្ឋមន្ត្រី អ៊ីតាលី
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


