Connect with us

ព័ត៌មានជាតិ

លោក យក់ ប៊ុនណា៖ សាលារៀន ជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វ លើសទ្រព្យនានា មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត មានសង្ឃឹម ទើបមានអ្វីៗផ្សេងទៀត

បានផុស

នៅ

«សាលារៀន ជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វ លើសទ្រព្យនានា មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត មានសង្ឃឹម ទើបមានអ្វីៗផ្សេងទៀត។ សូមកសាងសន្សំបុណ្យកុសលដល់ខ្លួនឯង និងអ្នកជាទីស្រលាញ់របស់ខ្លួនសម្រាប់បច្ចុប្បន្ននិងអនាគត តាមរយៈការគាំទ្រសាលារៀននិងមន្ទីរពេទ្យរបស់យើង។»។ នេះគឺជាការលើកឡើងរបស់រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា ក្នុងកម្មវិធីបើកសិក្ខាសាលា «ចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥» នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី១៣ ខែកក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានបន្ថែមថា “អានិសង្ឃដែលកើតចេញពីការងារកែទម្រង់ដែលជាការប្រឹងប្រែងរបស់យើង មានពិតប្រាកដក្នុងពេលបច្ចុប្បន្ន និងមានពិតប្រាកដក្នុងពេលអនាគត ដែលយើងអាចពាល់ត្រូវ។ ការពាល់ត្រូវនោះ គឺសាលារៀនមានគុណភាព ដែលកូនចៅរបស់យើងទទួលបានការរៀនសូត្រ ក្លាយទៅជាកូនល្អ និងជាពលរដ្ឋល្អ រីឯការកសាង និងការពង្រឹងមន្ទីរពេទ្យ ឱ្យមានគុណភាព និងការពង្រឹងប្រសិទ្ធភាព គឺដើម្បីខ្លួនយើង ដើម្បីអ្នកដែលយើងស្រលាញ់។”

លោក យក់ ប៊ុនណា បានបញ្ជាក់ថា ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ នាថ្ងៃនេះ ពិតជាមានសារសំខាន់សម្រាប់អង្គភាពដែលមិនទាន់បានទទួលជ័យលាភី និងអង្គភាពដែលទទួលបានជ័យលាភី ដោយហេតុថា អង្គភាពដែលមិនទាន់បានទទួលជ័យលាភី អាចនឹងទទួលបានព័ត៌មាន ចំណេះដឹង និងដកបទពិសោធមានប្រយោជន៍ជាច្រើន ពីអង្គភាពជ័យលាភី ហើយអង្គភាពដែលទទួលបានជ័យលាភី ក៏អាចសិក្សា ឆ្លុះបញ្ចាំងពីការអនុវត្តរបស់ខ្លួន និងដកស្រង់ឧត្តមានុវត្តន៍ និងនវានុវត្តន៍ដែលអង្គភាពជ័យលាភីដទៃបានអនុវត្ត ជោគជ័យ សម្រាប់យកទៅពង្រឹងបន្ថែមចំណុចដែលមិនទាន់បានល្អ ឬលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃ ការអនុវត្តឱ្យកាន់តែប្រសើរថែមទៀតសម្រាប់អង្គភាពរបស់ខ្លួន។

លោក បន្ថែមថា តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធទាំងនេះ នឹងជួយបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីដោះស្រាយនូវចំណុចខ្វះខាត ឬអវិជ្ជមាន និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាជន ក្នុងស្មារតីគិតគូររួមគ្នា រៀនពីគ្នាទៅវិញទៅមក និងរួមគ្នាអនុវត្តតាមទម្រង់ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីអភិវឌ្ឍសាលារៀន និងមន្ទីរពេទ្យ និងការធានាបាននូវគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។ អង្គភាពទាំងអស់ នឹងទទួលបាននូវអត្ថប្រយោជន៍ដ៏មានតម្លៃដែលកើតចេញពីការខិតខំប្រឹងប្រែងសិក្សា និងទទួលយកចំណេះដឹង និងបទពិសោធនាថ្ងៃនេះ ព្រមទាំងជួយដល់អង្គភាពអនុវត្តកាន់តែប្រសើរនូវឧបករណ៍ ដែលគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានណែនាំ និងដាក់ចេញឱ្យអនុវត្ត។

គួរឱ្យដឹងថា ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខា«ចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥» នេះឡើង ដោយមានអ្នកចូលរួមប្រមាណ២១៥០នាក់ ដើម្បីចែករំលែកចំណេះដឹង បទពិសោធ និងវិធីសាស្ត្រអនុវត្តនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូនីមួយៗ ក្នុងការសម្រេចបាននូវឧត្តមានុវត្តន៍លើលក្ខណៈវិនិច្ឆ័យគោលទាំង៨ ជូនដល់បណ្តាលអង្គភាពផ្សេងៗទៀត ដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ។

សិក្ខាសាលាថ្ងៃនេះ គឺជាផ្នែកមួយនៃកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥ កម្រិតអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលគ្រោងនឹងប្រកាសលទ្ធផលជ័យលាភីនៅថ្ងៃស្អែក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម