ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ជឿជាក់ថា ពិធីបុណ្យផ្កាយឆ្នាំនេះ នឹងបន្តជាស្ពានចម្លងវប្បធម៌ ពង្រឹងការយល់ដឹងរវាងកម្ពុជា-ជប៉ុន
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុជន និងកីឡា ជឿជាក់ថា ពិធីបុណ្យផ្កាយឆ្នាំ២០២៦នេះ នឹងបន្តដើរតួជាស្ពានចម្លងវប្បធម៌ដ៏រស់រវើក និងពង្រឹងការយល់ដឹងពីគ្នាទៅវិញទៅមក រវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងជាកម្លាំងចលករក្នុងការបណ្ដុះស្មារតីសាមគ្គីភាព និងភាពជាដៃគូក្នុងចំណោមយុវជននៃប្រជាជាតិទាំងពីរ ដើម្បីរួមគ្នាសម្រេចបាននូវសមិទ្ធផលថ្មីៗ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមគ្នានាថ្ងៃអនាគត។ នេះបើតាមការផុសរបស់ក្រសួងអប់រំលើបណ្តាាញសង្គមហ្វេសប៊ុក។

បុណ្យតាណាបាតា ឬបុណ្យផ្កាយ គឺជាកម្មវិធីបុណ្យប្រពៃណីជប៉ុន ដែលតែងតែប្រារព្ធ ឡើងនៅថ្ងៃទី៧ ខែកក្កដា ជារៀងរាល់ឆ្នាំ។ នៅថ្ងៃតាណាបាតា ប្រជាជនជប៉ុន នាំគ្នាសរសេរបំណងប្រាថ្នារបស់ ខ្លួននៅលើក្រដាសពណ៌ ហើយចងព្យួរទៅនឹងមែកឬស្សីជាមួយគ្រឿងលម្អនៃតាណាបាតាជាច្រើន។ នៅកម្ពុជា ពិធីបុណ្យផ្កាយឆ្នាំនេះ ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា- ជប៉ុន (CJCC) មូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ រួមជាមួយស្ថានទូតជប៉ុន។ សម្រាប់គោលបំណងក្នុងការរៀបចំពិធីបុណ្យនេះ គឺចង់បង្ហាញវប្បធម៌ប្រពៃណីពិធី បុណ្យតាណាបាតាទៅកាន់ប្រជាជនកម្ពុជា និងដើម្បីកសាង និងជំរុញទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជា។

កាលពីនាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចូលរួមក្នុងពិធីបើកពិធីបុណ្យផ្កាយឆ្នាំ២០២៦ (Tanabata Festival 2026) ដែលជាកម្មវិធីវប្បធម៌ដ៏សំខាន់មួយរបស់ប្រទេសជប៉ុន។
ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតជប៉ុន ដែលបានខិតខំប្រឹងប្រែងរៀបចំពិធីបុណ្យប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះឡើង ដើម្បីដើរតួជាវេទិកាដ៏មានតម្លៃក្នុងការជំរុញការផ្លាស់ប្ដូរវប្បធម៌ ការអប់រំ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ជាពិសេស ការបើកឱកាសឱ្យយុវជននៃប្រទេសទាំងពីរបានស្វែងយល់ពីប្រពៃណី និងកសាងចំណងមិត្តភាពឆ្លងដែនប្រកបដោយសាមគ្គីភាព។ ទន្ទឹមនឹងនេះ បណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា កម្ពុជា និងជប៉ុនមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ ដែលត្រូវបានពង្រឹងកាន់តែរឹងមាំតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំ ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការផ្លាស់ប្ដូរយុវជន និងកីឡា ដែលជាកាតាលីករដ៏មានតម្លៃក្នុងការបណ្ដុះបណ្ដាលយុវជនកម្ពុជាឱ្យមានសមត្ថភាព គុណធម៌ និងទស្សនវិស័យទូលំទូលាយ ឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃពិភពលោក។

បន្ថែមលើនេះ បណ្ឌិតសភាចារ្យ បានលើកឡើងថា ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរគឺមិនត្រឹមតែស្ដែងចេញតាមរយៈកិច្ចព្រមព្រៀងផ្លូវការ ឬកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប៉ុណ្ណោះទេ ថែមទាំងកើតចេញពីការប្រាស្រ័យទាក់ទង ការស្វែងយល់ពីគ្នាទៅវិញទៅមក និងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ជាពិសេសគឺយុវជនជំនាន់ក្រោយ ដែលជាអ្នកបន្តវេនថែរក្សា និងពូនជ្រំមិត្តភាពនេះទៅអនាគត។
សូមជម្រាបថា ពិធីបុណ្យផ្កាយ «តាណាបាតា» ឆ្នាំ២០២៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ នៅក្នុងកម្មវិធីនេះមានសកម្មភាពដ៏សម្បូរបែបទាក់ទងនឹងសិល្បៈ វប្បធម៌ ប្រពៃណី និងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងជប៉ុន និងមានការតាំងបង្ហាញស្តង់ម្ហូបអាហារ ផលិតផល ជាច្រើនផងដែរ៕





-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


